ប្រាំពីរនាក់ស្លាប់ ក្នុងឧបទ្ទវហេតុរថយន្ដក្រុងបុករថយន្ដកងទ័ព
នគរបាលបាននិយាយថា មនុស្សប្រាំពីរនាក់ បានស្លាប់ និង២១នាក់ទៀតបានរងរបួសកាលពីម្សិលមិញនៅពេលដែលរថយន្ដក្រុងមួយគ្រឿងបានបុករថយន្ដកងយោធពលខេមរភូមិន្ទនៅក្នុងខេត្តកំពង់ធំ តាមបណ្ដោយផ្លូវជាតិលេខ៥។ លោក យ៉ង សំ អធិការនគរបាលស្រុកស្ទោង បានមានប្រសាសន៍ថា រថយន្ដក្រុងរបស់ក្រុមហ៊ុនកាពីតូល កំពុងតែធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅក្រុងសៀមរាប ស្រាប់តែពេលនោះ បានបុកជាមួយរថយន្ដកងទ័ពចំពីមុខនៅម៉ោងប្រហែល២និង៣០នាទីរសៀលក្នុងឃុំប្រឡាយ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ទាហាននៃកងយោធពលខេមរភូមិន្ទបួននាក់ ជិះក្នុងរថយន្ដនោះ ដែលធ្វើដំណើរពីខេត្តសៀមរាបមករាជធានីភ្នំពេញ និងដឹកកំណាត់ឈើធ្វើគ្រឿងសង្ហារិម និងអ្នកដំណើរបីនាក់ នៅក្នុងរថយន្ដក្រុង បានស្លាប់ក្នុងហេតុការណ៍នេះ។ លោក យ៉ង សំ បានបន្ថែមថា“ យើងមិនទាន់ទទួលព័ត៌មានច្បាស់លាស់នៅឡើយទេ។ យើងកំពុងតែធ្វើការសន្និដ្ឋានអំពីឧបទ្ទវហេតុនេះ”។ រូបភាពនៅទីកន្លែងកើតហេតុ ចេញផ្សាយតាមគេហទំព័រព័ត៌មានក្នុងស្រុកបានបង្ហាញសាកសពដេកស្ដូកស្ដឹងកៀបជាប់បំណែកដែករថយន្ដទាំងពីរ។ លោក ហ៊ុនហៀតនាយនគរបាលចរាចរស្រុកស្ទោង មានប្រសាសន៍ថា អ្នកដំណើរចំនួន២១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក។លោកបានមានប្រសាសន៍ថាអ្នកដំណើរពីរនាក់ ក្នុងចំណោមអ្នកដំណើរតាមរថយន្ដក្រុងបានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយម្នាក់ទៀតបានស្លាប់តាមផ្លូវពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោកបានមានប្រសាសន៍បន្ថែមថា ទាហាននៃកងយោធពលខេមរភូមិន្ទបីនាក់ និងជនស៊ីវិលម្នាក់ ដែលធ្វើដំណើរក្នុងរថយន្ដយោធានេះដែរបានស្លាប់នៅនឹងកន្លែង។ លោក ហ៊ុនហៀតបានមានប្រសាសន៍ថាការបុកនេះបានកើតឡើងបន្ទាប់ពីរថយន្ដកងយោធពលខេមរភូមិន្ទបែកកង់ ហើយរេចង្កូត។ នៅពេលឃើញរថយន្ដកងយោធពល ខេមរភូមិន្ទឆ្លងគំនូសរបស់ខ្លួន រថយន្ដក្រុងបានព្យាយាមគេចរថយន្ដនេះ ហើយរេចង្កូតទៅខាងឆ្វេងដៃ។ប៉ុន្ដែរថយន្ដនេះបានកាច់មកវិញ ហើយបានបុកគ្នា ក្នុងចំណែកផ្លូវរបស់រថយន្ដកងយោធពលខេមរភូមិន្ទវិញ។លោកបន្ថែមថា “ ប្រសិនបើអ្នកបើករថយន្ដក្រុងនៅតែប្រកាន់ស្ដាំ គាត់នឹងមិនជួបគ្រោះថ្នាក់នោះទេ”។លោក ហួរសុខវ៉ាន់ជំនួយការអ្នកគ្រប់គ្រងនៅឯក្រុមហ៊ុនកាពីតូល បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលរបាយការណ៍លម្អិតអំពីការបុកគ្នានេះទេ ប៉ុន្ដែ លោកមានប្រសាសន៍ថាអ្នកដំណើរ២៤នាក់ ដែលធ្វើដំណើរតាមរថយន្ដក្រុងនេះសុទ្ធតែពលរដ្ឋកម្ពុជា។ លោកបានបង្វែរសំណួរទៅក្រុមហ៊ុនធានារ៉ាប់រងកាំមិនកូ របស់ក្រុមហ៊ុនរថយន្ដក្រុងនេះ។ អ្នកតំណាងម្នាក់របស់ក្រុមហ៊ុនកាំមិនកូ បាននិយាយថា ពួកគេមិនទាន់ទៅដល់កន្លែងកើតហេតុនៅឡើយទេ ដូច្នេះ មិនអាចធ្វើអត្ថាធិប្បាយបានឡើយ។ លោកហ៊ុលឈឿនប្រធានផ្នែកវះកាត់នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង បានមានប្រសាសន៍ថា បុរសបីនាក់ និងស្ត្រីបួននាក់បានបញ្ជូនមកដល់មន្ទីរពេទ្យហើយ ដោយពួកគេបាក់ឆ្អឹងជើង និងដៃ ឬប្រេះលលាដ៍ក្បាល។ មនុស្ស១៤នាក់ទៀតកំពុងត្រូវព្យាបាល ដោយសាររបួសស្រាល។ លោកមានប្រសាសន៍បន្ថែមថា “ក្រុមហ៊ុនធានារ៉ាប់រងកំពុងតែបញ្ជូនពួូកគេទៅមន្ទីរពេទ្យកាល់មែ៉ត ក្នុងរាជធានីភ្នំពេញ”។ អ្នកដំណើរ១៣នាក់បានរងរបួសកាលពីខែមុន នៅពេលរថយន្ដមួយគ្រឿងបែកកង់ ហើយបានទៅបុកជាមួយរថយន្ដក្រុងមួយគ្រឿងរបស់ក្រុមហ៊ុនកាពីតូល។ ក្រុមហ៊ុននេះក៏មានការពាក់ព័ន្ធនៅក្នុងការបុកធ្វើឲ្យមនុស្សស្លាប់ កាលពីខែមុន នៅពេលដែលរថយន្ដក្រុងមួយគ្រឿងក្នុងចំណោមរថយន្ដក្រុងរបស់ក្រុមហ៊ុននេះបានបុកអ្នកថ្មើរជើងម្នាក់នៅក្នុងខេត្តបាត់ដំបងហើយរដ្ឋាភិបាលបានកំណត់ថា ជាក្រុមហ៊ុនមួយ ដែលជួបគ្រោះថ្នាក់បំផុតនៅក្នុងប្រទេស៕ ប្រែសម្រួលដោយ ចេវប៊ុននី
នៅពេលយុវជនត្រៀមបោះឆ្នោត នោះពួកគេនឹងមានការជាប់ពាក់ព័ន្ធក្នុងនយោបាយ
នៅថ្ងៃអាទិត្យនេះយុវជនរាប់មុឺននាក់នឹងមានឱកាសបោះឆ្នោតជាលើកដំបូងនៅក្នុងជីវិតរបស់ខ្លួន។ យុវជនដែលត្រូវបោះឆ្នោតទាំងនោះ ទើបគ្រប់អាយុបោះឆ្នោត ហើយពួកគេមានសារៈសំខាន់ក្នុងការផ្លាស់ប្ដូរ។ ពួកគេទំនងជាមិនធ្វើតាមអ្នកជំនាន់មុនទេ ដោយសារតែពួកគេភាគច្រើនចង់លុបបំបាត់ខ្សែបក្សរបស់គ្រួសារ។ ប៉ុន្ដែប្រសិនបើទ្រឹស្ដីនយោបាយខុសនោះតើវានឹងក្លាយជាអ្វីទៅ?នៅពេលអ្នកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមកពីគណបក្សទាំងអស់ប្រមូលផ្ដុំយុវជន ដែលមានសិទ្ធិបោះឆ្នោតមុនការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃអាទិត្យនេះអ្នកសង្កេតការណ៍នយោបាយមានចម្ងល់ថា តើវាមានភាពខុសប្លែកគ្នាច្រើន ឬយ៉ាងណា។ លោក អ៊ា សុផល ជំនាញការសេដ្នកិច្ចនយោបាយបានមានប្រសាសន៍ថា “ ខណៈដែលប្រជាពលរដ្ឋជាច្រើននាក់សង្ឃឹមថា ការផ្លាស់ប្ដូរផ្នែកប្រជាសាស្ត្រនឹងនាំឲ្យមានការផ្លាស់ប្ដូរក្នុងការបោះឆ្នោតនោះ ក្ដីសង្ឃឹមនេះមិនអាចទៅរួចឡើយ”។ លោក សុផល ដែលទទួលសញ្ញាបត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យប៊ើឃើៃលី (Berkeley) ក្នុងរដ្ឋកាលីហ្វ័រញ៉ និងបានចំណាយពេលច្រើនឆ្នាំក្នុងការស្រាវជ្រាវផ្នែកនយោបាយកម្ពុជាបានមានប្រសាសន៍ថា “ ប្រជាសាស្ត្រ នគរូបនីយកម្ម ការចាប់យកដី និងវិវាទ និងការបង្ក្រាប តើមានអ្វីថ្មីទៅ?។ លោកបានមានប្រសាសន៍ថា “មែនហើយ មានអ្នកបោះឆ្នោតច្រើនជាងមុនមែន ក៏ប៉ុន្ដែពួកគេកំពុងតែប្រែក្លាយទៅជាប្រព័ន្ធមួយ ដែលក្នុងរយៈពេល២៧ឆ្នាំមកនេះអ្វីៗពាក់ព័ន្ធនឹងនយោបាយដូចគ្នាដដែល”។ លោកបន្ថែមថា “ ប្រសិនបើខ្ញុំអាយុ១៨ឆ្នាំខ្ញុំបារម្ភអំពីការប្រកួតប្រជែងកាន់តែខ្លាំងឡើង នៅ ក្នុងទីផ្សារការងារ ដើម្បីរកចំណូលជួយក្រុមគ្រួសាររបស់ខ្ញុំ និងរកជំនាញឲ្យសមស្របទៅតាមសេដ្ឋកិច្ចពិភពលោក។ ការបោះឆ្នោតឃុំ-សង្កាត់ មិនសំខាន់នៅក្នុងគំនិតរបស់ខ្ញុំទេ”។ប្រជាពលរដ្ឋជាងពីរភាគបីអាយុក្រោម៣០ឆ្នាំ ក៏ប៉ុន្ដែ ការពាក់ព័ន្ធនឹងនយោបាយស្ថិតនៅឆ្ងាយពីអាទិភាពសម្រាប់ពួកគេក្នុងប៉ុន្មានឆ្នាំនេះ។ ក្នុងការស្ទង់មតិរបស់អង្គការ UNDP ដែលចេញផ្សាយ កាលពីពេលថ្មីៗនេះឲ្យដឹងថា៦០ភាគរយនៃអ្នកមានអាយុពី១៥ឆ្នាំទៅ២៤ឆ្នាំ បានលើកឡើងថា ពួកគេមិនយល់ស្របអំពីអ្នកទាំងឡាយណា ដែលបានសាកសួរអំពីការដឹកនាំនៅក្នុងប្រទេស រីឯជាង៤០ភាគរយនៃបុរស និង៣៥ភាគរយនៃស្ត្រីគិតថា ខ្លួនមិនចាប់អារម្មណ៍ក្នុងរឿងនយោបាយឡើយ។ ហេតុផលទាំងនេះ គឺផ្សេងៗគ្នា។ ការបញ្ចេញទស្សននយោបាយ ត្រូវបានហាមប្រាមនៅតាមសាលារៀន រីឯយន្ដការនយោបាយតឹងរុឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងអំណាចយូរមកហើយនោះ មានន័យថា យុវជនត្រូវបានណែនាំឲ្យស្គាល់អំពីចំណុចជាច្រើនរបស់គណបក្សគ្រប់គ្រងក្នុងវ័យយុវជន តាមរយៈសមាគមយុវជនកាយរិទ្ធនិងយុវជនកាកបាទក្រហមជាដើម។អ្នកស្រីឡូរ៉ាថនតុន (Laura Thornton) នាយិកា វិទ្យាស្ថានជាតិប្រជាធិបតេយ្យប្រចាំប្រទេសកម្ពុជា បានលើកឡើងនៅក្នុងអុីម៉េលមួយកាលពីម្សិលមិញថា “ ខ្ញុំគិតថា ក្នុងប្រទេសកម្ពុជាយុវជនទាំងឡាយទំនងជាមិនសូវចាប់អារម្មណ៍នឹងនយោបាយទេ ដូច្នេះ ក្នុងនោះដែរ ដោយសារមានការហាមប្រាមមិនឲ្យធ្វើសកម្មភាពនយោបាយនៅតាមសាលារៀន។ល។”។ យុវជនជាច្រើននាក់ ដែលត្រូវបានសម្ភាសនៅសប្ដាហ៍នេះចាប់អារម្មណ៍នឹងរឿងនយោបាយខ្លះដែរ។ចាប់ពីកម្មករកាត់ដេររហូតដល់និស្សិតសាកលវិទ្យាល័យ ភាគច្រើននិយាយថាពួកគេមានបំណងទៅបោះឆ្នោត ប៉ុន្ដែ គ្មាននរណាម្នាក់ពិភាក្សាអំពីរឿងគណបក្សឬនយោបាយឡើយ។ពួកគេជជែកតែអំពីការងារ និងការប្រកបរបររកស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះ។ លោកវង់សុវណ្ណនីជាអាជីវករអាយុ២៤ឆ្នាំ នៅក្នុងរាជធានីភ្នំពេញបានលើកឡើងថា"ខ្ញុំចង់បានចៅសង្កាត់ថ្មីម្នាក់ ដែលអាចបញ្ចុះតម្លៃផលិតផល និងបញ្ចុះពន្ធ”។ លោកបានលើកឡើងថា លោកមានបំណងត្រឡប់ទៅខេត្តកណ្ដាលជាស្រុកកំណើតរបស់លោកដើម្បីបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។លោក សុវណ្ណនីបានបន្ថែមថា “ បច្ចុប្បន្ននេះខ្ញុំមានប្រាក់ចំណូលទាប។ វាពិបាកណាស់សម្រាប់ខ្ញុំក្នុងការរស់នៅ ពីព្រោះទំនិញថ្លៃណាស់”។អ្នកផ្សេងទៀតបានបន្ទរចំពោះការបារម្ភដូចគ្នានេះដែរ។ យុវជនបា៉ងដារិទ្ធអាយុ២១ឆ្នាំជានិស្សិតផ្នែកវិស្វកម្មនៅសាកលវិទ្យាល័យន័រតុន និងមានស្រុកកំណើតនៅខេត្តកំពង់ចាម លើកឡើងថា “ បច្ចុប្បន្ននេះខ្ញុំបារម្ភថានៅពេលខ្ញុំបញ្ចប់ការសិក្សារបស់ខ្ញុំ ខ្ញុំមិនអាចស្វែងរកការងារបាន ពីព្រោះពួកគេរើសយកតែសាច់ញាតិរបស់ពួកគេ និងសមាជិកក្រុមរបស់ពួកគេ”។ យុវជន ដែលមានសិទ្ធិបោះឆ្នោតទំនងជាពេញចិត្តចំពោះអ្នកទាំងឡាយណា ដែលអាចជួយពួកគេឲ្យទទួលបានអនាគតល្អប្រសើរមួយ។ ដូច្នេះ គណបក្សទាំងឡាយកំពុងតែផ្ដោតទៅលើយុវជន ដែលមានសិទ្ធិបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា បានទទួលស្វាគមន៍អ្នកផ្ដាច់ខ្លួនជាច្រើននៅក្នុងពិធីរបស់គណបក្ស ចំណែកឯគណបក្សសម រង្ស៊ី បានសន្យាក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនេះថា នឹងស្វែងរកការងារឲ្យយុវជន។ គណបក្សសិទ្ធិមនុស្ស គណបក្សហ្វុ៊នស៊ិនបុិច និងគណបក្ស នរោត្តមរណឫទ្ធិ បានផ្ដួចផ្ដើមអំឡុងឆ្នាំមុនៗ ដើម្បីទាក់ទាញការគាំទ្រនៅក្នុងចំណោមយុវជនហើយបានលើកឡើងថា ពួកគេបានរាប់បញ្ចូលយុវជននៅក្នុងចំណោមក្រុមអ្នកបោះឆ្នោតដ៏សំខាន់បំផុត។ លោកស្រីជា វណ្ណាតអ្នកវិភាគនយោបាយបានមានប្រសាសន៍ថា “ ដោយសារតែចំនួនភាគច្រើននៃយុវជន គ្រប់គណបក្សទាំងអស់បានព្យាយាមទាក់ទាញអ្នកបោះឆ្នោតថ្មីជាលើកដំបូង”។លោកស្រីបានលើកឡើងថា “ វាជាការគួរឲ្យចាប់អារម្មណ៍ និងរង់ចាំមើលលទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ ដើម្បីឲ្យដឹងថាតើអ្នកបោះឆ្នោតពេញចិត្តនឹងសេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋាន ឱកាសស្វែងរកការងារធ្វើ ទស្សនវិស័យសម្រាប់អនាគតរបស់ខ្លួនយ៉ាងណានោះ”៕ ប្រែសម្រួលដោយ ចេវប៊ុននី
តម្លៃប្រេងសាំងធ្លាក់ចុះ១២,៦ភាគរយតាមប្រេងលើទីផ្សារអន្តរជាតិ
ការធ្លាក់ចុះតម្លៃប្រេងឥន្ធននៅលើទីផ្សារអន្តរជាតិចាប់តាំងពីខែមីនាមក បានធ្វើឲ្យតម្លៃប្រេងសាំងនៅតាមស្ថានីយប្រេងឥន្ធនក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញធ្លាក់ចុះចំនួន១២,៦ភាគរយ គឺចុះមកនៅត្រឹម៥.២០០រៀលក្នុងមួយលីត្រ ស្មើនឹង(១,៣០ដុល្លារ)។លោកយឹម វិបុល ប្រធានគ្រប់គ្រងទីផ្សារនៅក្រុមហ៊ុនប្រេង Total Cambodge បានឲ្យដឹងថា ការយកពន្ធដូចគ្នាមិនចំពោះថា មានការនាំប្រេងចំនួនប៉ុន្មាននោះ មានន័យថា តម្លៃប្រេងសាំងក្នុងស្រុក អាស្រ័យលើតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិស្ទើរតែទាំងស្រុង។ លោកបាននិយាយថា “ប្រសិនបើទីផ្សារនៅលើពិភពលោកលក់ប្រេងសាំងក្នុងតម្លៃទាបនោះយើងក៏លក់ប្រេងសាំងក្នុងតម្លៃទាបដែរ”។ កាលពីខែមីនា ប្រេងឆៅនៅបុរីញូវ យ៉ក ត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់១១៣,៦០ដុល្លារក្នុងមួយបារ៉ែល ក៏ប៉ុន្តែកាលពីថ្ងៃច័ន្ទតម្លៃប្រេងឆៅបានចុះមកត្រឹមចំនួន៩១,៣៦ដុល្លារក្នុងមួយបារ៉ែល។ លោក យឹម វិបុល បានបន្តទៀតថា ទោះបីជាតម្លៃប្រេងចុះក៏ដោយ ក៏តម្លៃប្រេងសាំងនៅប្រទេសកម្ពុជានៅតែខ្ពស់ ដោយសារតែពន្ធនាំចូលខ្ពស់។ លោក បាននិយាយថា “ ប្រសិនបើរដ្ឋាភិបាលអាចកាត់បន្ថយពន្ធប្រេងបាន នោះក្រុមហ៊ុនប្រេងទាំងអស់នឹងអាចលក់ប្រេងសាំងបានក្នុងតម្លៃទាបដែរ”។ ធនាគារពិភពលោកបានលើកឡើង កាលពីសប្តាហ៍មុនថា ការកាត់បន្ថយពន្ធនាំចូលប្រេង ផ្តល់ផលប្រយោជន៍ឲ្យតែគ្រួសារ ដែលមានប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះដោយសារគ្រួសារមានប្រាក់ចំណូលខ្ពស់ ប្រើប្រេងច្រើនជាងគ្រួសារមានប្រាក់ចំណូលទាបដល់ទៅ១៥ដង៕ ប្រែសម្រួលដោយ ហួង កុកទៀន
រថយន្តក្រុង និងរថយន្តដឹកទំនិញនឹងរត់ដោយផ្ទាល់រវាងរាជធានីភ្នំពេញនិងទីក្រុងបាងកក
មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថាចាប់ពីខែក្រោយទៅ រថយន្តក្រុងនិងរថយន្តដឹកទំនិញរបស់កម្ពុជានិងថៃ ចំនួន៨០គ្រឿងនឹងត្រូវអនុញ្ញាតឲ្យដឹកទំនិញ និងអ្នកដំណើរដោយផ្ទាល់រវាងរាជធានីភ្នំពេញ និងទីក្រុងបាងកក ជាលើកដំបូង។ លោក សួន វ៉ាន់ហុង អនុប្រធាននាយកដ្ឋានដឹកជញ្ជូននៅក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៤ ខែមិថុនាទៅ រថយន្តក្រុងចំនួន៣០គ្រឿងនិងរថយន្តដឹកទំនិញ១០គ្រឿងរបស់កម្ពុជានឹងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរធ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ លោក បានថ្លែងថា រថយន្ដក្រុងចំនួន១០គ្រឿង និងរថយន្តដឹកទំនិញ៣០គ្រឿងរបស់ប្រទេសថៃក៏នឹងអនុញ្ញាតឲ្យឆ្លងកាត់ច្រកទ្វារនេះដែរ។ រហូតមកដល់ពេលនេះ អ្នកដំណើរនិងទំនិញត្រូវប្តូររថយន្តនៅច្រកព្រំដែននេះ។លោកបានមានប្រសាសន៍ថា “នេះគឺជាការដឹកជញ្ជូនតាមជើងគោកលើកដំបូងពីរាជធានីភ្នំពេញឆ្ពោះទៅទីក្រុងបាងកក”។លោកមានប្រសាសន៍បន្ថែមថា រថយន្តក្រុងទាំងនោះនឹងមិនធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនខេត្តកោះកុងទេពេលនេះ។ លោក វ៉ាន់ហុង បានមានប្រសាសន៍ថាកម្ពុជាបានចុះកិច្ចព្រមព្រៀងស្រដៀងគ្នានេះដែរជាមួយប្រទេសវៀតណាម កាលពីឆ្នាំ២០០៧ ហើយថា នៅពេលនេះមានរថយន្តក្រុងនិងរថយន្តដឹកទំនិញកម្ពុជាចំនួន៣០០គ្រឿងបើកបរចូលប្រទេសវៀតណាមនិងមានរថយន្តក្រុងនិងរថយន្តដឹកទំនិញវៀតណាមចំនួន៣០០គ្រឿងដែរ បើកបរចូលមកប្រទេសកម្ពុជា។ ប្រទេសឡាវនិងប្រទេសកម្ពុជាក៏បានចុះកិច្ចព្រមព្រៀងស្រដៀងគ្នានេះដែរកាលពីឆ្នាំ២០០៩ ដែលក្នុងនោះ រថយន្តក្រុងកម្ពុជាចំនួន៤០គ្រឿង ត្រូវបានផ្ដល់អាជ្ញាប័ណ្ណឲ្យបើកបរចូលប្រទេសឡាវ ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះមានតែរថយន្តក្រុងមួយគ្រឿងប៉ុណ្ណោះរត់រវាងប្រទេសទាំងពីរ។ លោក វ៉ាន់ហុង បានមានប្រសាសន៍ថាលោកបានអញ្ជើញក្រុមហ៊ុនដឹកទំនិញនិងក្រុមហ៊ុនរថយន្តក្រុងនានាឲ្យដាក់ពាក្យសំុអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការឆ្លងកាត់ច្រកព្រំដែនកម្ពុជា-ថៃ។ លោកបានមានប្រសាសន៍ថា “យើងនឹងរៀបចំកិច្ចប្រជំុមួយនៅឯក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី៤ ខែមិថុនា ដើម្បីសម្រេច”ថា តើក្រុមហ៊ុនណាខ្លះដែលត្រូវផ្តល់អាជ្ញាប័ណ្ណឲ្យ។ លោកបន្ថែមថា“យើងនឹងជ្រើសរើសក្រុមហ៊ុនណា ដែលមិនធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍និងមានសុវត្ថិភាពសម្រាប់អ្នកដំណើរ"។ លោក ចាន់ សុផាន់ណា អ្នកគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូនភ្នំពេញសូរិយា បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានស្នើសំុឲ្យក្រសួងផ្ដល់អាជ្ញាប័ណ្ណឲ្យខ្លួនដើម្បីដំណើរការរថយន្តក្រុងចំនួន១០គ្រឿងឆ្លងកាត់ព្រំដែន។ លោក សុផាន់ណា បានមានប្រសាសន៍ថា “យើងត្រៀមរថយន្តក្រុងចំនួន១០គ្រឿង ប៉ុន្តែយើងមិនទាន់ដឹងនៅឡើយទេថា តើក្រសួងនឹងឲ្យយើងប៉ុន្មានគ្រឿង”។ លោកបានបន្ថែមថា សំបុត្ររថយន្តក្រុងនឹងមានតម្លៃចន្លោះពី២៥ដុល្លារទៅ៣០ដុល្លារមួយជើង។ លោកបន្តថា“តម្លៃនេះខ្ពស់ជាងតម្លៃសំបុត្រទៅកាន់ប្រទេសវៀតណាម ឬឡាវដោយសារចម្ងាយផ្លូវឆ្ងាយជាង ហើយត្រូវបង់ប្រាក់ច្រើនទៀតសម្រាប់អ្នកដំណើរម្នាក់ៗនៅច្រកព្រំដែនេនះ”៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចង់ឲ្យអ្នកផ្តាច់ខ្លួនវិលត្រឡប់មកចូលរួមជាមួយអ្នករាជានិយម
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានឡាយព្រះលិខិតទៅកាន់សមាជិកសមាជិកានៃគណបក្សហ៊្វុនសិុនប៉ិច និងគណបក្សរបស់ព្រះអង្គផ្ទាល់គឺគណបក្ស នរោត្តម រណឫទ្ធិ ដោយព្រះអង្គជំរុញឲ្យពួកគេលើកទឹកចិត្តអ្នកផ្តាច់ខ្លួនទៅចូលរួមគណបក្សសមរង្សុី និងគណបក្សសិទ្ធិមនុស្ស ឲ្យត្រឡប់មកចូលរួមនឹងគណបក្ស នរោត្តម រណឫទ្ធិនិងគណបក្សហ៊្វុនស៊ិនប៉ិច ដែលទើបបានបញ្ចូលគ្នាវិញនាពេលថ្មីៗនេះ។ ព្រះអង្គបានឡាយព្រះលិខិតនោះបន្ទាប់ពីព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិចដែលបានដឹកនាំគណបក្សរាជានិយមបន្ទាប់ពីព្រះអង្គត្រូវបានគេបណ្តេញចេញពីប្រធានគណបក្សហ៊្វុនស៊ិនប៉ិចកាលពីឆ្នាំ២០០៦ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា គណបក្សទាំងពីរនឹងរួមបញ្ចូលគ្នាក្រោមផ្លាកគណបក្សហ៊្វុនស៊ិនប៉ិច តែមួយ។ ព្រះអង្គម្ចាស់ រណឫទ្ធិ បានឡាយលិខិតចុះកាលបរិច្ឆេទថ្ងៃច័ន្ទថា “ជាបឋម ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅប្រកបដោយកតញ្ញូតាធម៌ចំពោះការគាំទ្រមកលើរូបខ្ញុំតាំងពីអតីតកាល បច្ចុប្បន្នកាល ជាពិសេសការគាំទ្រខ្ញុំនាពេលអនាគតកាល ដែលខ្ញុំនឹងវិលត្រឡប់ទៅដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច វិញដែលព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចឳ សម្តេចតា សម្តេចតាទួត ទ្រង់បានប្រោសព្រះរាជប្រទានមកឲ្យរូបខ្ញុំតាំងតែពីឆ្នាំ១៩៩១”។ ព្រះអង្គបានមានព្រះរាជបន្ទូលថា “ ក្នុងនាមយើងជាអ្នករាជានិយម យើងមានកាតព្វកិច្ចចូលរួមប្រមែប្រមូល និងពង្រឹង គណបក្សរាជានិយមទាំងពីរ គឺគណបក្ស នរោត្តម រណឫទ្ធិនិងគណបក្សហ៊្វុនស៊ិនប៉ិច”។ ព្រះអង្គមានបន្ទូលទៀតថា “គណបក្សទាំងពីរឥឡូវនេះមាន “នយោបាយរួមតែមួយគត់ គឺដើម្បីប្រមែប្រមូលកម្លាំងនោះឲ្យក្លាយទៅជាកម្លាំងមួយ ដែលមានសក្តានុពលដើម្បីធ្វើការឃោសនារួមគ្នា ប្រមែប្រមូលកម្លាំងដែលបានចាកចេញពីគណបក្សយើងទាំងពីរទៅចូលជាមួយគណបក្ស សម រង្សុី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខាឲ្យបានជោគជ័យជាអតិបរមាក្នុងការបោះឆ្នោតឃុំ-សង្កាត់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ខាងមុខនេះ។ នៅក្នុងលិខិតរបស់ព្រះអង្គ គេកត់សម្គាល់ឃើញថា ព្រះអង្គមិនបានគូសបញ្ជាក់ពីការព្យាយាមបញ្ចុះបញ្ចូលអ្នកផ្ដាច់ខ្លួនចេញពីគណបក្សរាជានិយម ទៅចូលគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី...
បក្ស សម រង្ស៊ី បញ្ចាំងវីដេអូ អំពីការបណ្តេញចេញ អំឡុង ពេលយុទ្ធនាការបោះឆ្នោត
ខណៈដែលគណបក្សប្រជាជនកម្ពុជាចំណាយពេលច្រើនក្នុងការធ្វើយុទ្ធនាការរបស់ខ្លួន ដោយផ្សព្វផ្សាយសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ការប្រគំតន្ត្រី និងបញ្ជូនតារាកំប្លែងល្បីៗទៅសម្តែងជូនទស្សនិកជននៅតាមផ្លូវ គណបក្ស សមរង្ស៊ីបានបញ្ចាំងវីដេអូសព្វគ្រប់។ នៅពេលថ្ងៃលិចរថយន្តចំនួន១០គ្រឿង បានបើកបរគ្រប់ផ្លូវក្នុងរាជធានី ដោយបញ្ចាំងវីដេអូឃ្លីបនៅលើផ្ទាំងក្រណាត់ស ដាក់នៅផ្នែកខាងក្រោយរថយន្ត ដោយរៀបរាប់អំពីការប៉ះទង្គិចគ្នា រវាងអ្នកភូមិ និងអាជ្ញាធរ នៅក្នុងវិវាទដីធ្លីដ៏ចម្រូងចម្រាសមួយចំនួន។ ទស្សនិកជនដែលប្រមូលផ្តុំគ្នារាល់ការទស្សនានេះ អាចមើលឃើញថា ជាយុទ្ធសាស្ត្រមួយ។ ម្ចាស់ហាងដើេរចេញពីហាងរបស់ខ្លួន ចំណែកឯអ្នករត់ម៉ូតូឌុបឈប់អែបតាមចិញ្ចើមផ្លូវ ដើម្បីទស្សនាខ្សែវីដេអូនេះ។ សំឡេងចេញពីធុងបាសមួយគូ គឺជាសម្រែកទ្រហោយំរបស់អ្នកស្រុកបុរីកីឡា នៅពេលផ្ទះរបស់ពួកគាត់ ត្រូវបានកម្ទេចចោលនិងក្រុមអ្នកតវា៉បឹងកក់ស្រែកទ្រហោយំ នៅពេលនគរបាលកៀរពួកគាត់ចេញ។ អ្នកដើរកាត់មិនអាចជួយអ្វីបានទេ ប៉ុន្តែបានឈរមើល។ លោកសុនឆ័យសមាជិករដ្ឋសភាមកពីគណបក្ស សមរង្ស៊ីប្រចាំមណ្ឌលរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា “ ខ្ញុំចាប់អារម្មណ៍បំផុត ចំពោះចំនួនទស្សនិកជន។ ប្រជាពលរដ្ឋកំពុងតែជជែកអំពីរឿងនេះហើយរៀងរាល់លើកមានពលរដ្ឋកាន់តែច្រើនចេញមកទស្សនា”។ ខ្សែវីដេអូបែបនេះ គ្មានផ្សាយក្នុងស្ថានីយទូរទស្សន៍ ដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលនៅក្នុងប្រទេសនេះទេ។ ដូច្នេះ អំឡុងយុទ្ធនាការរយៈពេល១៥ថ្ងៃគណបក្ស សម រង្ស៊ី ចំណាយពេលប្រហែលបួនម៉ោងក្នុងមួយថ្ងៃ ដើម្បីព្យាយាមរកវិធីដោះស្រាយ ដោយប្រើរថយន្ត និងអេក្រង់ទូរទស្សន៍។ លោកសុនឆ័យ បានបន្តថា“គួរតែអនុញ្ញាតឲ្យប្រជាពលរដ្ឋបានទស្សនាអំពីបញ្ហាបែបនេះតាមទូរទស្សន៍ យ៉ាងហោចណាស់ទស្សនាតាមទូរទស្សន៍ជាតិដែរ។ ព្រឹត្តិការណ៍នេះបានកើតឡើងចំពោះយើង ជាពិសេសក្នុងរាជធានី។ប្រសិនបើរដ្ឋាភិបាលគោរពសិទ្ធិទទួលបានព័ត៌មាន ដូចចែងក្នុងរដ្ឋធម្មនុញ្ញ ទូរទស្សន៍របស់រដ្ឋមានអព្យាក្រឹត្យភាព យើងប្រហែលជានឹងបានទស្សនាវាតាមទូរទស្សន៍”។ លោកបានបន្ថែមថា “ ប៉ុន្តែ យើងបានទស្សនាតែអ្វីៗ និយាយអំពីការគាំទ្រចំពោះរដ្ឋាភិបាល ការឃោសនា ការចុះចែកស្បៀងអាហាររបស់រដ្ឋាភិបាល។នោះហើយជាមូលហេតុដែលធ្វើឲ្យខ្សែវីដេអូរបស់យើង មានការទាក់ទាញ”។ លោក សុន ឆ័យ បានមានប្រសាសន៍ថាដោយសារខ្វះមូលនិធិការដាក់បញ្ចាំងវីដេអូចល័ត ត្រូវបានប្រើភាគច្រើននៅតែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ប៉ុន្តែរថយន្តខ្លះត្រូវបញ្ជូនចេញទៅខេត្តមួយចំនួន ដូចជាខេត្តតាកែវជាដើម ហើយខ្សែវីដេអូ ត្រូវបានដាក់បញ្ចាំងនៅតាមសហគមន៍តូចៗ។ ថាតើខ្សែវីដេអូនេះសមល្មមនឹងទាក់ទាញអ្នកបោះឆ្នោតថ្មីឲ្យគណបក្សនេះបានឬយ៉ាងណានោះលទ្ធផលនឹងបានដឹងតាមរយៈការបោះឆ្នោតនៅថ្ងៃអាទិត្យនេះហើយ។នៅឯព្រឹត្តិការណ៍បែបនេះ កម្រិតនៃការឃោសនាឃើញថា គណបក្សប្រឆាំងជាទូទៅមានការគាំទ្រច្រើននៅក្នុងរាជធានីប៉ុន្តែដោយសារតែការបណ្តេញពីដីធ្លីកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ខ្សែវីដេអូអាចធ្វើឲ្យរំជួលចិត្ត។ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងប្រទេសកម្ពុជា បានថ្លែងថា“ ប្រហែលជាពួកគេចង់ផ្តោតទៅលើប្រជាពលរដ្ឋខ្លះ ដែលជួបបញ្ហាបែបនេះ ពីព្រោះរឿងនេះគេបានជជែកគ្នាច្រើននៅរាជធានីភ្នំពេញ”។ លោកបានព្រមានថា “ប្រហែលគេនឹងធ្វើឲ្យពលរដ្ឋខ្លះក្នុងរាជធានីភ្នំពេញដឹងអំពីបញ្ហានេះឡើងវិញ។ប៉ុន្តែ ខ្ញុំមិនដឹងថា យុទ្ធនាការបែបនេះនឹងមានឥទ្ធិពលអ្វីខ្លះនោះទេ”។ គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច បានលើកឡើងថា មានពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ចាប់អារម្មណ៍ចំពោះការបើកបររថយន្តទៅគ្រប់ទីកន្លែង ដើម្បីបញ្ចាំងសម្រែកយំរបស់អ្នកដែលត្រូវបណ្តេញចេញ។ លោកហូវស៊ីណេតចៅសង្កាត់វត្តភ្នំ និងជាសមាជិកគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា “ ខ្ញុំគិតថា ប្រជាពលរដ្ឋភាគច្រើនមិនចាប់អារម្មណ៍នឹងយុទ្ធនាការរបស់គណបក្សសម រង្ស៊ីឡើយ”។ លោកហូវស៊ីណេតបានមានប្រសាសន៍ថា “ គណបក្សប្រជាជនកម្ពុជាក៏មានអំពីគោលនយោបាយតាមវីដេអូដែរដោយនិយាយអំពីសកម្មភាពថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា...ប្រជាពលរដ្ឋកាន់តែច្រើនបានចាប់អារម្មណ៍នឹងខ្សែវីដេអូរបស់គណបក្សប្រជាជនកម្ពុជា”៕ (រាយការណ៍បន្ថែមដោយអ៊ាងម៉េងឡេង) ប្រែសម្រួលដោយចេវប៊ុននី
ពេលនេះ ឈូក បណ្ឌិត ស្ថិតក្រោមការគ្រប់គ្រងរបស់តុលាការ
យោងតាមលោក ពេជ្រ ឈឿត ចៅក្រមស៊ើបសួរ បានឲ្យដឹងថាសាលាដំបូងខេត្តស្វាយរៀង បានដាក់ឲ្យលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ស្ថិតក្រោម“ការគ្រប់គ្រង” របស់តុលាការ បន្ទាប់ពីបានសាកសួរបុរសរូបនេះកាលពីសប្តាហ៍មុន ទាក់ទិននឹងការបាញ់ប្រហារកម្មការិនីកាត់ដេរបីនាក់កាលពីថ្ងៃទី២០ ខែកុម្ភៈ។ លោកបានមានប្រសាសន៍ថា អតីតអភិបាលក្រុងរូបនេះត្រូវបានសាកសួរកាលពីថ្ងៃទី២២ ខែឧសភាជុំវិញការជាប់ពាក់ព័ន្ធរបស់លោកនៅក្នុងការបាញ់ប្រហារកម្មការិនីទាំងបីនាក់នេះអំឡុងពេលតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេសមួយក្នុងក្រុងបាវិត។ទោះបីជាសាក្សីនិយាយថា លោក ឈូកបណ្ឌិត បានបាញ់ប្រហារកម្មការិនីទាំងនេះអំឡុងពេលតវ៉ានៅរោងចក្រក៏ដោយ ក៏ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បានចោទប្រកាន់គាត់ពីបទបង្ករបួសស្នាមដោយអចេតនា។ បណ្តាអង្គការសិទ្ធិមនុស្សបានថ្កោលទោសចំពោះការចោទប្រកាន់នេះថា វាស្រាលពេកហើយសម្រាប់បទឧក្រិដ្ឋនេះ។ពេលសួរថាតើលោកប្រហែលជាបានផ្លាស់ប្តូរការចោទប្រកាន់នេះឬយ៉ាងណានោះ លោក ពេជ្រឈឿតបានមានប្រសាសន៍ថា លោកគ្មានអំណាចធ្វើដូច្នេះទេ។ លោកបានមានប្រសាសន៍ថា“យើងបានសម្រេចដាក់ឲ្យគាត់ស្ថិតក្រោមការគ្រប់គ្រងរបស់តុលាការ...
ចាប់ខ្លួនគ្រូបង្រៀនម្នាក់ពីបទ បង្ហោះរូបអាក្រាតក្នុងហ្វេសប៊ុក
នគរបាលបាននិយាយកាលពីថ្ងៃទី២៧ ខែឧសភាថា សាលាដំបូងខេត្តបាត់ដំបងបានចោទប្រកាន់គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាពីបទផលិត និងចែកចាយរូបភាពអាសអាភាស បន្ទាប់ពីជននេះបានបង្ហោះរូបថតអាក្រាតនៃអតីតមិត្តស្រីរបស់ខ្លួនលើទំព័របណ្តាញសង្គមហ្វេសប៊ុក។ លោកប៊ន វណ្ណារ៉ា នាយរងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សខេត្ត បានមានប្រសាសន៍ថាឈ្មោះ សោម វឌ្ឍន: អាយុ៤៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅឯសាលាបឋមសិក្សាជើងទីងក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអតីតមិត្តស្រីអាយុ៣២ឆ្នាំរបស់ជននេះ បានដាក់ពាក្យបណ្តឹងទៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សខេត្ត នៅពេលដែលជនរងគ្រោះបានឃើញរូបថតរបស់ខ្លួននៅក្នុងអីុនធើណិត។ លោក វណ្ណារ៉ា បានមានប្រសាសន៍ថា “ យើងបានចាប់ខ្លួនជននេះមួយថ្ងៃ បន្ទាប់ពីជនរងគ្រោះដែលរស់នៅភ្នំពេញ បានមកដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តបាត់ដំបងរបស់យើងកាលពីថ្ងៃពុធ”។...
ក្រុមអ្នកតវ៉ាទាមទារឲ្យដោះលែងអ្នកជាប់ពន្ធនាគារទាំង១៥នាក់
អ្នកភូមិប្រហែល១០០នាក់មកពីសហគមន៍បឹងកក់ក្នុងរាជធានីភ្នំពេញបានជួបជុំគ្នានៅមុខរដ្ឋសភា កាលពីម្សិលមិញ ដើម្បីទាមទារឲ្យដោះលែងស្ត្រី១៣នាក់ ដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ កាលពីសប្ដាហ៍មុន និងសុំឲ្យដោះលែងមនុស្សពីរនាក់ផ្សេង ទៀតដែលពេលនេះកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្នបណ្តាលមកពីគម្រោងអចលនទ្រព្យរបស់សមាជិកព្រឹទ្ធសភាមួយរូបពីគណបក្សកំពុងកាន់អំណាច។ អ្នកចូលរួមក្នុងបាតុកម្មនោះ បានប្តេជ្ញាបន្តការតវ៉ាប្រឆាំងនឹងការបណ្ដេញប្រជាពលរដ្ឋចេញពីសហគមន៍បឹងកក់ ទោះបីជាការតវ៉ាបែបនេះបាននាំឲ្យមានការចាប់ខ្លួនប្រជាពលរដ្ឋ១៥នាក់ ដែលភាគច្រើនជាអ្នកដឹកនាំបាតុកម្មរបស់សហគមន៍នេះ។ នៅខាងក្រៅរដ្ឋសភា អ្នកតវ៉ាបានលើកបដាដែលមានខ្លឹមសារថា “ដោះលែងមនុស្សទាំង១៥នាក់” និង “ ឈប់ប្រើអំពើហិង្សា”។ យ៉ម បុប្ផា អ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាទាំងអស់បាននិយាយថា “ យើងនឹងបន្ដតវ៉ា រហូតទាល់តែពួកគេដោះលែងមនុស្សទាំង១៥នាក់នោះ។ យើងក៏ព្រួយបារម្ភផងដែរថា នគរបាលនឹងចាប់ពួកយើងដែរ ប៉ុន្តែយើងគ្មានជម្រើសទេ។ យើងត្រូវតែតវ៉ាឲ្យដោះលែងពួកគេ”។ ស្ត្រី១៣ត្រូវបានចាប់ខ្លួនអំឡុងពេលតវ៉ាដោយសន្ដិវិធីកាលពីថ្ងៃទី២២ ខែឧសភា ប្រឆំាងនឹងគម្រោងអចលនទ្រព្យរបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោស កាលពីថ្ងៃព្រហស្បតិ៍ពីបទកាន់កាប់ដីដោយខុសច្បាប់ និងពីបទស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ។ ស្ត្រីទាំងនេះត្រូវបានកាត់ទោសភ្លាមៗឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ។ មនុស្សពីរនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅខាងក្រៅតុលាការ ហើយ ពេលនេះត្រូវប្រឈមនឹងបទចោទប្រកាន់ដូចគ្នា។ សកម្មជនជាព្រះសង្ឃដ៏ល្បីមួយអង្គព្រះនាម លួន សុវ៉ាត ជាអ្នកគាំទ្រអ្នកភូមិបឹងកក់ជាយូរមកហើយ និងបានប្រឈមនឹងបញ្ហាផ្ទាល់របស់ព្រះអង្គកាលពីសប្ដាហ៍មុន ក៏បានចូលរួមជាមួយអ្នកតវ៉ាទាំងនោះដែរ។ អំឡុងពេលបើកសវនាការកាត់ទោសស្ត្រីទាំងនោះ កាលពីថ្ងៃព្រហស្បតិ៍ កម្លាំងនគរបាលបានចាប់ព្រះតេជគុណ លួន សុវ៉ាត បញ្ចូល រថយន្ដមួយគ្រឿង និងបានដឹកព្រះអង្គទៅកាន់វត្តមួយ ដែលនៅទីនោះ ព្រះអង្គត្រូវបាន សង្ឃនាយករាជធានីភ្នំពេញទាមទារឲ្យចុះហត្ថលេខាលើកិច្ចសន្យាមួយមិនឲ្យពាក់ព័ន្ធក្នុងជម្លោះរបស់អ្នកសហគមន៍បឹងកក់។ ព្រះតេជគុណ លួន សុវ៉ាត បានរំលោភកិច្ចសន្យានោះ ដោយការចូលរួមក្នុងបាតុកម្មកាលពីម្សិលមិញ។ ព្រះអង្គបានមានសង្ឃដីកាថា ព្រះអង្គបានយល់ព្រមតាមសំណើររបស់សង្ឃនាយក កាលពីថ្ងៃសុក្រ ដោយសារតែមានការគំរាមផ្សឹកព្រះអង្គ ប្រសិនបើព្រះអង្គបដិសេធនោះ។ ព្រះតេជគុណ លួន សុវ៉ាត បានមានសង្ឃដីកានៅចំពោះមុខអ្នកគាំទ្រដែលកំពុងកាន់ផ្កាឈូកយ៉ាងដូច្នេះថា “ប្រសិនបើសង្ឃនាយកបញ្ជាឲ្យអាត្មាសម្លាប់នរណាម្នាក់ តើអាត្មាត្រូវតែធ្វើឬ? ប្រសិនបើសង្ឃនាយកទាំងនោះបញ្ជាអាត្មាឲ្យប្លន់នរណាម្នាក់ តើអាត្មាត្រូវតែ ប្លន់ឬ? ទេ អាត្មានឹងមិនធ្វើដូច្នេះទេ។ដូច្នេះ សង្ឃនាយកបានហាមអាត្មាមិនឲ្យមកមើលការរងទុក្ខសោករបស់ប្រជាពលរដ្ឋទាំងនេះ ប៉ុន្តែ អាត្មាមិនអាចធ្វើតាមបានទេ។ អាត្មាត្រូវតែមកមើលពួកគាត់ និងជួយរំលែកទាំងសេចក្ដីសុខ និងសេចក្ដីទុក្ខរបស់ពួកគាត់”។ ខណៈពេលទទួលបានពានរង្វាន់សិទ្ធិមនុស្សពីបរទេស ព្រះតេជគុណ លួន សុវ៉ាតបានធ្វើឲ្យមន្ត្រីសង្ឃមានការខឹងសម្បាជាយូរមកហើយ ដោយសារព្រះអង្គចូលរួមនៅក្នុងការតវ៉ាបែបនេះ។ កាលពីឆ្នាំមុន ព្រះតេជគុណត្រូវបានហាមមិនឲ្យគង់នៅក្នុងវត្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលនេះប្រឈមនឹងការចោទប្រកាន់ពីបទញុះញង់ឲ្យមានសកម្មភាពនានា ដែលមន្ត្រីតុលាការមិនទាន់បញ្ជាក់នៅឡើយទេថា ជាសកម្មភាពអ្វីនោះ។ ចំណែកឯក្រុមអ្នកតវ៉ាត្រូវបានអនុញ្ញាតឲ្យចូលក្នុងរដ្ឋសភាដើម្បីដាក់សំណើជាលាយលក្ខណ៍អក្សរ ហើយបន្ទាប់មក ក៏បានបំបែកគ្នាដោយសន្តិវិធីមុនពេលថ្ងៃត្រង់ ។ លោក ជិន លីដា មេធាវីម្នាក់ក្នុងចំណោមមេធាវីបីនាក់ ដែលត្រូវបានអង្គការសិទិ្ធមនុស្សលីកាដូ ចាត់តាំងឲ្យការពារស្រ្តី ដែលត្រូវផ្ទន្ទាទោសទាំងនេះ បានថ្លែងថា បណ្តឹងឧទ្ធរណ៍ត្រូវបានធ្វើឡើងនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។ “ យើងបានប្តឹងឧទ្ធរណ៍ថ្ងៃនេះ ហើយយើងសង្ឃឹមថាសាលាដំបូងរាជធានីភ្នំពេញនឹងបញ្ចូនសំណុំរឿងនេះទៅសាលាឧទ្ធរណ៍ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទទួលបានកាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានជំរុញឲ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធក្នុងជម្លោះដីធ្លីបែបនេះធ្វើការតវ៉ា “ ដោយសន្តិវិធី” និងបានទទូចសំុឲ្យពួកគាត់ដាក់ពាក្យបណ្តឹងទៅរដ្ឋាភិបាល។ លោកក៏បានជំរុញផងដែរ ឲ្យអាជ្ញាធរនិងកម្លាំងសន្តិសុខ “រកគ្រប់មធ្យោបាយទាំងអស់” ដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋទាំងនោះ និងដោះស្រាយបញ្ហារបស់ពួកគាត់ឲ្យបានរួសរាន់។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីមានការតវ៉ាជាច្រើនពាក់ព័ន្ធនឹងជម្លោះដីធ្លីក្នុងប៉ុន្មានខែថ្មីៗនេះ ដែលក្នុងនោះកម្លាំងនគរបាល ទាហាន និងសន្តិសុខឯកជនបានបាញ់ឲ្យរបួស និងបាញ់សម្លាប់បាតុករ៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
ក្រុមហ៊ុន អីុនហ្វូបាន ប្តឹងក្រុមហ៊ុន ថៃខម រឿងលក់ភាគហ៊ុន៥១ភាគរយរបស់ក្រុមហ៊ុន អឹមហ្វូន
ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានថៃ អុីនហ្វូបាន ខូ អិលធីឌី (Infobahn Co. Ltd.) បានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន ថៃខម ផាប់ប្លីកខមភែនី អិលធីឌី (Thaicom Public Company Ltd) ពីបទរំលោភកិច្ចព្រមព្រៀង ដែលបានសម្រេចកាលពីឆ្នាំមុនស្តីពីការលក់ភាគហ៊ុនរបស់ខ្លួនចំនួន៤១,១៤ភាគរយដែលកិច្ចព្រមព្រៀងនេះក៏រាប់បញ្ចូលទាំងភាគហ៊ុនចំនួន៥១ភាគរយនៅក្នុងក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តនៅកម្ពុជា គឺក្រុមហ៊ុនអឹមហ្វូន (Mfone) ផងដែរនោះ។ យោងតាមសេចក្តីជូនដំណឹងដែលផ្សារមូលបត្រថៃបានចេញផ្សាយកាលពីសប្តាហ៍មុនបានឲ្យដឹងថា លោក ដាំរ៉ុង កាសិមសេតស្ថាបនិកក្រុមហ៊ុន អុីនហ្វូបាននិងជាអតីតប្រធាននាយកប្រតិបត្តិក្រុមហ៊ុនថៃខម កំពុងប្តឹងទាំងក្រុមហ៊ុនថៃខម និងសមាជិកភាគហ៊ុនមួយក្នុងចំណោមសមាជិកភាគហ៊ុនរបស់ក្រុមហ៊ុននេះ គឺក្រុមហ៊ុន អុីនថច់ (InTouch) ដែលមានឈ្មោះដើមថាសុីន ខប (Shin Corp.) បន្ទាប់ពីក្រុមហ៊ុននេះ ខកខានក្នុងការលក់ភាគហ៊ុនរបស់ខ្លួនឲ្យក្រុមហ៊ុនរបស់លោក។ ទាំងក្រុមហ៊ុន ថៃ ខម និងក្រុមហ៊ុន អុីន ថច់បានបដិសេធការចោទប្រកាន់ទាំងនេះ។ លោកស្រី ស៊ុផាជី ស៊ុធុមពុន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ថៃ ខម បានលើកឡើងតាមរយៈអុីម៉េលមួយកាលពីសប្តាហ៍មុនថា“ថៃខម និងអុីនថច់បានជូនដំណឹងទៅផ្សារមូលបត្រថៃរួចហើយថា អុីនថច់ មិនដែលបានសម្រេចកិច្ចព្រមព្រៀងណាមួយស្តីពីការលក់ក្រុមហ៊ុនថៃ ខម ដូចការអះអាងរបស់លោក ថាំរ៉ុង ឡើយ។ យើងនៅគ្រប់គ្រងប្រតិបត្តិការរបស់យើងដដែលទេ អ្វីៗដំណើរការជាធម្មតាទេ”។ គួរបញ្ជាក់ថា នៅក្នុងពេលកន្លងមក លោកស្រី ស៊ុធុមពុន ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន អឹមហ្វូន បានចរចាជាមួយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទដៃផ្សេងៗទៀត អំពីការលក់ក្រុមហ៊ុនមួយនេះ ប៉ុន្តែពុំធ្លាប់បានបញ្ចេញឈ្មោះរបស់ក្រុមហ៊ុនណាមួយឡើយ។ លោក អាទីប រឹតតាផន ប្រធាននាយកប្រតិបត្តិបណ្តោះអាសន្នរបស់ក្រុមហ៊ុនអឹម ហ្វូន និងជានាយកគ្រប់គ្រងក្រុមហ៊ុន សេនីងតុន អុីនវេសមិន (Shenington Investments) ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានលើកឡើងថា ក្រុមហ៊ុននេះនៅបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក៏ពិតមែន...