តុលាការសាកសួរជនសង្ស័យប្រាំមួយនាក់ពីបទសាងសង់អាងស្តុកទឹកខុសច្បាប់ ក្នុងបឹងទន្លេសាប
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានសាកសួរជនសង្ស័យប្រាំមួយនាក់ រួមទាំងប្រធានមន្ទីរធនធានទឹក និងមេឃុំម្នាក់ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការបំផ្លាញព្រៃលិចទឹក នៅក្នុងខេត្តកំពង់ធំ ដើម្បីសាងសង់អាងស្តុកទឹកដោយខុសច្បាប់នៅក្នុងបឹងទន្លេសាប។ នៅដើមខែនេះ កងរាជអាវុធហត្ថរឹបអូសគ្រឿងចក្រជាច្រើនគ្រឿងពីសហគមន៍ធ្វើកសិកម្មមួយក្រុម ដែលគ្រប់គ្រងដោយលោកពាញ ពូល មេឃុំសំព្រោច មកពីបក្សប្រជាជនកម្ពុជា ដែលទើបតែជាប់ឆ្នោត។ លោកឧត្តមសេនីយ៍ត្រី ស៊ា សម្បត្តិ ស្នងការរងផ្នែកស្រាវជ្រាវ និងស៊ើបអង្កេតនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា លោក ពាញពូលនិងលោកជាតិ ស៊ីវុត្ថា ប្រធានមន្ទីរធនធានទឹក ព្រមទាំងកសិករបួននាក់ទៀត មានឈ្មោះ ម៉េង ផល្លី ឈ្មោះ ធាង ធា ឈ្មោះ ថាវ ទុំ និងអ្នកស្រី យក់គឹមឡេន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារពីបទសង្ស័យថា ទន្ទ្រានយកដីលិចទឹកដោយខុសច្បាប់។លោកបន្ថែមថា“ ដោយមានដីកាពីតុលាការទើបអាចនាំខ្លួនជនសង្ស័យទាំង “ ប្រាំមួយ” នាក់ដែលជាប់ពាក់ព័ន្ធនឹងការទន្ទ្រានយកដីព្រៃលិចទឹកនេះបាន”។ គ្រឿងចក្រជាច្រើនគ្រឿងត្រូវបានដកហូតនៅក្នុងយុទ្ធនាការបង្ក្រាបករណីសាងសង់អាងដោយខុសច្បាប់ជាបន្ដបន្ទាប់ របស់រដ្ឋាភិបាល ដែលទទួលរងការរិះគន់ថា កំពុងបំផ្លិញបំផ្លាញជម្រកត្រីពង និងត្រូវបានហាមឃាត់តាំងពីឆ្នាំ២០០៩មកម៉្លេះ។ នៅខាងក្រៅតុលាការ កាលពីម្សិលមិញជនសង្ស័យពីរនាក់បានបដិសេធយ៉ាងដាច់អហង្ការថា មិនមានពាក់ព័ន្ធក្នុងករណីនេះទេ ដោយនិយាយថា ពួកគេពិតជាបានជួលត្រាក់ទ័រទាំងនេះមែន ប៉ុន្ដែមិនបានធ្វើអ្វីខុសច្បាប់នោះទេ។ លោក ពាញ ពីល ដែលជាប្រធានសហគមន៍ស្រែប្រាំងផងដែរនោះ និយាយថា“ ខ្ញុំមិនបានទន្ទ្រានយកដីព្រៃលិចទឹកនោះទេ”។លោក ម៉េង ផល្លី កសិករម្នាក់មកពីឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បញ្ជាក់ឲ្យដឹងថា លោកបានទទួលការអនុញ្ញាតពីអាជ្ញាធរខេត្ត ឲ្យជីកអាងស្តុកទឹកក្នុងតំបន់នេះ។ លោក គា ឆាយ មេធាវីការពារជនសង្ស័យបួននាក់ រាប់ទាំងលោក ស៊ីវុត្ថា ផងនោះ បានមានប្រសាសន៍ថា ការសាកសួរនេះនឹងបន្ដនៅថ្ងៃនេះទៀតហើយជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនត្រឡប់ទៅឃុំខ្លួនក្នុងទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនអាចនិយាយលម្អិតអំពីករណីនេះបានទេ ប៉ុន្ដែអ្នកស្រី គឹមឡេន បានប្រាប់ខ្ញុំថា អ្នកស្រីបានសាងសង់អាងទឹកនេះ តាំងពីឆ្នាំ២០០៤មកម៉្លេះ ដោយទទួលបានការអនុញ្ញាតពីអាជ្ញាធរខេត្ត ហើយគ្មានអាជ្ញាធរណាបានហាមឃាត់គាត់នោះទេ”។ លោកស្រីវ៉ា សក្កដា ព្រះរាជអាជ្ញារងបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
អង្គការសិទ្ធិមនុស្សអាដហុកអះអាងថា នគរបាលព្យាយាមបិទវេទិកាពិភាក្សាអំពីបញ្ហាជម្លោះដីធ្លី
សកម្មជនការពារសិទ្ធិមនុស្សម្នាក់បានលើកឡើងថា នគរបាលមូលដ្ឋានក្នុងស្រុកវើនសៃ ខេត្តរតនគិរី កាលពីម្សិលមិញ បានព្យាយាមបិទការជួបជុំរបស់សហគមន៍ដែលអ្នកភូមិកំពុងតែរៀនសូត្រអំពីសិទ្ធិដីធ្លី ពីព្រោះអង្គប្រជំុនេះត្រូវបានធ្វើឡើងដោយគ្មានការអនុញ្ញាតជាមុន។ យោងតាមលោក ប៉ែន បុ៊ណ្ណារ៍ អ្នកសម្របសម្រួលរបស់អង្គការសិទិ្ធមនុស្សអាដហុកប្រចាំខេត្តរតនគិរី បានឲ្យដឹងថា នគរបាលមកពីឃំុភ្នំកុក ពីរនាក់ បានទៅដល់កន្លែងប្រជុំ ដែលមានអ្នកភូមិចំនួន២០នាក់បានមកចូលរួម ហើយពួកគេបានទាមទារឲ្យបិទអង្គប្រជំុនេះ ដោយមានបទបញ្ជាពីអាជ្ញាធរស្រុក។ លោក ប៉ែន ប៊ុណ្ណារ៍ បន្ទាប់មកបានទូរស័ព្ទហៅលោក ជា សុខ នាយនគរបាលឃំុ ដើម្បីឲ្យមកជួយដោះស្រាយបញ្ហានេះ ប៉ុន្តែ លោក ជា សុខ បានចេញបទបញ្ជាម្តងហើយ ម្តងទៀតថា អង្គប្រជំុនេះត្រូវតែបិទ។ លោកថ្លែងថា “នាយនគរបាលឃំុ....បានបញ្ជាឲ្យខ្ញុំបិទអង្គប្រជំុនេះ ដោយបានប្រាប់ខ្ញុំថា អភិបាលស្រុកកំពុងតែចេញដីកាហើយ”។ លោក បុ៊ណ្ណារ៍ លើកឡើងថានៅក្នុងតំបន់នេះមានជម្លោះដីធ្លីដ៏រុាំរ៉ៃ ជាមួយក្រុមហ៊ុនចម្ការកៅស៊ូចំនួនពីរនៅក្នុងតំបន់នោះ ដោយបានធ្វើឲ្យប៉ះពាល់ដល់អ្នកភូមិរាប់ពាន់គ្រួសារនៅក្នុងឃំុចំនួនបី។ លោកបានលើកឡើងថា អង្គការសិទ្ធិមនុស្សអាដហុក មានបំណងចែកចាយច្បាប់ភូមិបាល និងច្បាប់ព្រៃឈើទៅឲ្យអ្នកមកចូលរួមក្នុងអង្គប្រជំុ ដោយសារពួកគាត់ចង់ឲ្យគេចុះបញ្ជីដីរបស់ខ្លួននៅក្នុងគម្រោងផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លី ដែលផ្តួចផ្តើមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថ្លែងថា “ថ្វីបើមានការព្យាយាមរារាំងពីមន្ត្រីនគរបាល និងពីលោកមេឃំុ លី នឿន ដើម្បីបញ្ឈប់អង្គប្រជំុនេះក៏ដោយ ក៏អង្គការសិទិ្ធមនុស្សអាដហុកនៅតែបន្តការប្រជំុរបស់ខ្លួនដោយជោគជ័យ។ លោក ជា សុខ បានច្រានចោលការចោទប្រកាន់នេះដោយលើកឡើងថា លោកគ្រាន់តែមានបំណងចង់ដឹងថា តើហេតុអី្វបានជាជួបជុំគ្នានៅទីនោះ ដោយគ្រាន់តែចង់ដឹងថា តើអង្គប្រជំុនេះមានសុវត្ថិភាពគ្រប់គ្រាន់ដែរឬទេ។ លោកបានលើកឡើងថា “គេបានទៅភូមិនោះហើយដើេរប្រមែលប្រមូលអ្នកភូមិជាច្រើនឲ្យចូលរួមប្រជំុដោយមិនបានផ្តល់ដំណឹងដល់អាជ្ញាធរជាមុន។ យើងគ្រាន់តែឈៀងចូល ដើម្បីពិនិត្យមើលថា តើ ហេតុអី្វបានពួកគេប្រមូលផ្តុំគ្នា និងដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ពួកគេតែប៉ុណ្ណោះ”។ ប៉ុន្តែ លោក ប៊ុណ្ណារ៍ ថ្លែងថាអាជ្ញាធរបានមករារាំងការប្រឹងប្រែងរបស់អង្គការសិទិ្ធមនុស្សក្នុងការផ្តល់ចំណេះដឹងដល់អ្នកភូមិក្នុងការប្រើប្រាស់សិទិ្ធរបស់ខ្លួន ស្របពេលក្រុមនិស្សិតស្ម័គ្រចិត្ត ក្នុងគម្រោងផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លីរបស់លោក ហ៊ុន សែន បានធ្វើដំណើរទៅតាមតំបន់នៅទូទាំងប្រទេស ដើម្បីវាស់វែងដីធ្លី និងផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លីនោះ។ លោកបន្តថា “ ការរារាំងនេះ គឺជាការរើសអើងចំពោះក្រុមសកម្មជនការពារសិទិ្ធមនុស្ស កំពុងផ្តល់ការអប់រំ និងផ្តល់ប្រឹក្សាស្តីអំពីសិទិ្ធមនុស្ស និងគោលនយោបាយដីធ្លីរបស់រដ្ឋាភិបាល”។ លោក ជំុ ងឹល អភិបាលស្រុកវើនសៃ បានបញ្ជាក់ថា មន្ត្រីអាជ្ញាធរពិតជាបានទៅទីនោះមែន ប៉ុន្តែ លោកលើកឡើងថា និស្សិតស្ម័គ្រចិត្តមួយចំនួនបានទៅដល់តំបន់នោះហើយ ដើម្បីប្រមូលទិន្នន័យ និងវាស់វែងដីធ្លី របស់អ្នកភូមិទាំងឡាយណា ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ អេសខេ ទទួលបានសិទិ្ធកាន់កាប់ដីសម្បទាននៅតំបន់នោះ។ លោកបានបន្ថែមថា“ដំបូងឡើយយើងមិនដឹងថា ពួកគេទំាងនោះជានរណានោះទេហេតុដូច្នេះហើយទើបយើងបញ្ជូនមន្ត្រីរបស់យើងឲ្យទៅត្រួតពិនិត្យមើលកន្លែងនោះ ពីព្រោះសកម្មជនការពារសិទ្ធិមនុស្សមិនបានផ្តល់ដំណឹងឲ្យយើងដឹងអំពីប្រជំុ ដែលគេគ្រោងទុកទេ។ យើងមិនបានរារាំងអង្គការសិទិ្ធមនុស្សមិនឲ្យប្រជំុនោះទេ។ ហើយការចោទប្រកាន់នេះ គឺវាមិនពិតឡើយ”៕ ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង
សម្រាប់អ្នកកាសែតកម្ពុជាការ ទទួលអំណោយជាលុយអាចជារឿងអាក្រក់ផង និងល្អផង
អ្នកយកព័ត៌មាននយោបាយម្នាក់ តែងតែមានការងារមួយទៀត នៅក្នុងស្ថាប័នរដ្ឋាភិបាល ប៉ុន្ដែ គេមិនគិតថា មានទំនាស់ផលប្រយោជន៍ឡើយ។ អ្នកយកព័ត៌មានម្នាក់ទៀត បានទទួលប្រាក់ពីរដ្ឋមន្ត្រីមួយរូបនៅក្នុងជួររដ្ឋាភិបាល ដើម្បីយកទៅជួសជុលរថយន្ដរបស់ខ្លួន ក៏ប៉ុន្ដែ បែរជានិយាយថា វាមិនមែនជាបញ្ហាធំដំុនោះទេ។ មានអ្នកយកព័ត៌មានមួយក្រុមតែងតែទទួលលុយ ក្នុងពិធីផ្សព្វផ្សាយអំពីការបង្កើតក្រុមហ៊ុនថ្មី តែវាជារឿងធម្មតាទៅហើយ។ សូមក្រឡេកមើលពិភពសារព័ត៌មាន ដែលប្រកបដោយមហិច្ចតា និងក្រមសីលធម៌នៅក្នុងប្រទេសកម្ពុជា។ ខណៈដែលភ្នាក់ងារព័ត៌មានអន្ដរជាតិជារឿយៗ តែងតែរឹតបន្តឹងបុគ្គលិករបស់ខ្លួនឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ តែពួកគេមិនប្រាកដថា អនុវត្តតាមដែរ ដូចក្រុមអ្នកយកព័ត៌មាន និងអ្នកសង្កេតការណ៍ ដែលមានអាជីពនៅក្នុងប្រទេសកម្ពុជាលើកឡើងថានេះដោយសារតែខ្វះការយល់ដឹងអំពីភាពមិនលម្អៀងនៅក្នុងការបំពេញការងាររបស់ខ្លួន។ បើទោះជាអ្នកខ្លះបានការពារចំពោះការទទួលលុយ និងអំណោយពីប្រភព ដោយ និយាយថា វាក្លាយទៅជាវប្បធម៌ទៅហើយដោយសារមានប្រាក់ខែតិចពេក តែអ្នកខ្លះលើកឡើងថា ទង្វើបែបនេះ នាំឲ្យមានទំនាស់ផលប្រយោជន៍តែម្តង ដែលនាំឲ្យមានការចុះផ្សាយព័ត៌មានលម្អៀងក្នុងទំព័រកាសែត។ យោងតាមលោក ប៉ែន សមិទ្ធិ ជានិពន្ធនាយកកាសែតរស្មីកម្ពុជា និងជាប្រធានក្លឹបអ្នកកាសែតកម្ពុជាបានឲ្យដឹងថាអ្នកយកព័ត៌មានក្នុងស្រុកមានប្រាក់ខែត្រឹម២០០ដុល្លារ ក្នុងមួយខែប៉ុណ្ណោះរីឯអ្នកយកព័ត៌មានជើងចាស់អាចទទួលបានប្រហែល៧០០ដុល្លារក្នុងមួយខែ។ កាលពីខែមុន លោកវង្សសុខេងអ្នកយកព័ត៌មានប្រចាំកាសែតក្នុងស្រុកមួយ បានប្រកាសនៅតាមគេហទំព័របណ្តាញសង្គមហ្វេសប៊ុកថាលោកត្រូវការប្រាក់ ដើម្បីយកមកជួសជុលម៉ាស៊ីនរថយន្ដរបស់ខ្លួន។ បន្ដិចក្រោយមក លោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានសន្យាផ្ដល់ប្រាក់ចំនួន២០០ដុល្លារដែលលោក សុខេងទទួលយកដោយសប្បាយរីករាយ ហើយបានសរសេរលើគេហទំព័រហ្វេសប៊ុកថាខ្លួននឹងយកលុយពីលោកកាញារីទ្ធដល់ការិយាល័យតែម្តង។ នៅពេលសួរថាតើលោកគិតយ៉ាងម៉េចអំពីការទទួលអំណោយជាលុយពីអ្នកនាំពាក្យរបស់រដ្ឋាភិបាល លោក សុខេង មានប្រសាសន៍ថា “ ខ្ញុំគិតថា មិនមានទំនាស់ផលប្រយោជន៍ណាមួយនោះទេ។នៅពេលអ្នកបានស្គាល់គ្នាយូរមកហើយ ព្រោះវាមិនមែនដូចជាមិត្តភក្ដិធម្មតាឬដោយសារទាក់ទងនឹងការងារនោះទេ។ គាត់ដូចជាបងប្អូនអ៊ីចឹង។គាត់ជាបងប្រុសល្អម្នាក់”។ លោកបានបន្ថែមថា “ ខ្ញុំនឹងនៅតែអាចបំពេញការងាររបស់ខ្ញុំបាន។វាមិនពាក់ព័ន្ធឬនាំឲ្យប៉ះពាល់ដល់ការងាររបស់ខ្ញុំទេ”។លោកបានបន្ថែមថា លោកបានស្គាល់លោកកាញារីទ្ធ ចាប់តាំងពីឆ្នាំ១៩៩៤មកម្លេ៉ះ។ចំណែកលោក កាញារីទ្ធ បានពណ៌នាអំពីទំនាក់ទំនងជាមួយលោក សុខេងដូចជាទំនាក់ទំនងនៅក្នុងក្រុមគ្រួសារមួយអ៊ីចឹង។ លោកកាញារីទ្ធបានលើកឡើងក្នុងសារមួយថា “ ខ្ញុំឲ្យលុយគាត់ក្នុងនាមជាសហសេវិកម្នាក់និងបងប្អូន។ជួនកាលអ្នកមិនត្រូវចង្អៀតចង្អល់ពេកទេ”។ អ្នកយកព័ត៌មានម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថាជានិច្ចកាល ខ្លួនតែងតែទទួលលុយក្នុងរង្វង់ពី១០ដុល្លារ ទៅ២០ដុល្លារ ដាក់នៅក្នុងស្រោមសំបុត្រ នៅ ពេលទៅយកព័ត៌មានអំពីពិធីរៀបចំដោយស្ថាប័នរដ្ឋាភិបាល ពិធីរបស់ក្រុមហ៊ុនឯកជន និងរបស់អង្គការក្រៅរដ្ឋាភិបាល។ អ្នកយកព័ត៌មានរូបនេះបានលើកឡើងថា “ គេដាក់ប្រាក់ក្នុងស្រោមសំបុត្រ ហើយឲ្យមកខ្ញុំ។ប្រាក់ខែរបស់យើងមិនគ្រប់គ្រាន់ទេអ៊ីចឹងហើយទើបខ្ញុំយកលុយនេះ។ខ្ញុំចំណាយលុយនេះទៅលើសាំងម៉ូតូ ម្ហូបអាហារ និងកាហ្វេ”។ លោកឆាយសុផលនិពន្ធនាយកខេមបូឌា ញូវ និងជាគ្រូបណ្តុះបណ្តាលផ្នែកសារព័ត៌មាន បានលើកឡើងថា ការទទួលអំណោយមួយរបស់អ្នកយកព័ត៌មាន ពីប្រភពព័ត៌មានអាចត្រូវបានបកស្រាយយ៉ាងងាយស្រួលថា ជាការបង្ហាញឲ្យឃើញនូវការរាប់អានគ្នាយ៉ាងជិតស្និទ្ធរវាងមិត្តភក្ដិចាស់ពីរនាក់។ លោក សុផល មានប្រសាសន៍ថា“ ប្រសិន បើគេអាចជួយបាន ពួកគេនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយមិត្តភក្ដិ ឬសាច់ញាតិរបស់ពួកគេ...។ គេអាចផ្ដល់ការគាំទ្រជាផ្លូវចិត្តជួយផ្នែកបច្ចេកទេសឬអាចជួយជាលុយក៏បាន”។ ទោះជាយ៉ាងនេះក្ដី លោកបានមានប្រសាសន៍ថា អ្នកយកព័ត៌មានមិនគួរសរសេរអត្ថបទលម្អៀង ដើម្បីជាថ្នូរនឹងលុយឬអំណោយនោះទេ។លោកមានប្រសាសន៍បន្ថែមថា...
ប្រាំបីនាក់ត្រូវឃាត់ខ្លួនជុំវិញការចាប់បង្ខាំងមនុស្ស ចាប់រំលោភ និងបង្ខំឲ្យប្រើប្រាស់ថ្នាំញៀន
នគរបាលបាននិយាយថា កាលពីថ្ងៃអាទិត្យសមាជិកចំនួនប្រាំបីនាក់នៃគ្រួសារមួយត្រូវបានចាប់ខ្លួន ក្នុងរាជធានីភ្នំពេញចំពោះការចាប់បង្ខាំងមនុស្សប្រាំនាក់ដោយខុសច្បាប់ដោយអ្នកទាំងនោះសុទ្ធតែជាសមាជិកនៃគ្រួសារមួយផ្សេងទៀត ដែលបានរងការចាប់រំលោភសេពសន្ថវ: និងត្រូវគេបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន។ លោកប៊នសំអាតអធិការនគរបាលខណ្ឌបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថាអាជ្ញាធរបានដឹងរឿងនេះនៅពេលស្ត្រីម្នាក់បានស្រែកឲ្យគេជួយពីរានហាលផ្ទះជាន់ទី២ក្នុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យដោយស្រែកថានាងត្រូវគេចាប់បង្ខាំង។ លោកសំអាតបានមានប្រសាសន៍ថា “យើងបានជួយសង្គ្រោះមនុស្សប្រាំនាក់ រួមទាំងស្ត្រីបីនាក់ផង មកពីខេត្តកំពង់ចាម ដែលបានចាញ់បោកក្រុមចែកចាយគ្រឿងញៀន ហើយត្រូវគេឃំុខ្លួនអស់ពីរថ្ងៃកន្លះ”។ លោកបានបន្ថែមថា នារីរងគ្រោះបីនាក់ដែលជាបងប្អូនបង្កើត មានឈ្មោះដូចជា កែវ ស្រីនាង អាយុ១៧ឆ្នាំ កែវ ស្រី ភ័ណអាយុ ១៩ឆ្នាំ និងកែវ សុភី អាយុ ១៧ ឆ្នាំនិងយុវជនឈ្មោះ ឃី ភារី អាយុ ២៨ឆ្នាំនិង ប៊ី រ៉ាភ័ណ អាយុ២១ឆ្នាំជាសមាជិកក្នុងគ្រួសាររងគ្រោះមកពីស្រុកចំការលើនេះ ត្រូវបានជនល្មើសល្បួងឲ្យមកភ្នំពេញដោយសន្យាថា នឹងរកការងារឲ្យធ្វើ និងទិញសម្លៀកបំពាក់ថ្មីឲ្យ ។ លោកបានលើកឡើងទៀតថា ប៉ុន្តែនៅពេលដែលពួកគេបានមកដល់ផ្ទះនៅភ្នំពេញដែលពួកគេគិតថានឹងជួលនេះពួកគេបែរជាត្រូវគេបង្ខំឲ្យលក់ថ្នាំញៀនទៅវិញ។នៅពេលពួកគេបដិសេធ ពួក គេក៏ត្រូវជនល្មើសឃំុខ្លួនក្នុងបន្ទប់ បង្ខំឲ្យប្រើប្រាស់គ្រឿងញៀននិងធ្វើទារុណកម្ម។ លោកបន្តថាស្ត្រីវ័យក្មេងទាំងនោះត្រូវជនល្មើសចាប់រំលោភនិងវាយដំយ៉ាងដំណំ ហើយត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល។ លោកលើកឡើងថា“ ជនល្មើសទាំងប្រាំបី នាក់ រួមទាំងស្ត្រីបីនាក់ផងនោះគឺជាសាច់ញាតិនឹងគ្នា។ យើងនឹងបញ្ជូនពួកគេទៅសាកសួរនៅតុលាការ។ពួកគេត្រូវបានចោទប្រកាន់ពីបទល្មើសបួនករណីផ្សេងគ្នា”។លោកបានបញ្ជាក់ថាជនសង្ស័យត្រូវបានចោទប្រកាន់ពីបទរំលោភស្ត្រីទាំងនេះបង្ខំជនរងគ្រោះឲ្យប្រើប្រាស់និងលក់គ្រឿងញៀន ព្រមទាំងជំរិតទារប្រាក់១០.០០០ដុល្លារពីក្រុមគ្រួសារជនរងគ្រោះទៀតផង។ លោកបានមានប្រសាសន៍ថាឈ្មោះ ចិត្រចន្ធីអាយុ៣០ឆ្នាំនិងប្រពន្ធឈ្មោះ ក្រូចសាវី អាយុ៣០ឆ្នាំ ព្រមទាំងឈ្មោះ ក្រូច ធឿន អាយុ៣២ឆ្នាំ ដែលជាសមាជិកគ្រួសារនេះត្រូវបាននគរបាលចាប់ខ្លួន...
តំណាងសហប្រជាជាតិលើកឡើងថា កំណើនការចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន ជាការព្រួយបារម្ភ
តំណាងប្រចាំតំបន់របស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀនខុសច្បាប់បានលើកឡើង កាលពីម្សិលមិញថាកំណើនចំនួនមនុស្ស ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជាពីបទល្មើសគ្រឿងញៀន ជាការព្រួយបារម្ភមួយ និងត្រូវការការស៊ើបអង្កេត។ ចំនួននៃការចាប់ខ្លួនមនុស្សពាក់ព័ន្ធនឹងគ្រឿងញៀន ដែលត្រូវបាននគរបាលកម្ពុជារាយការណ៍នោះ បានកើនឡើងពី៨៦៤ករណីក្នុងឆ្នាំ២០១០ដល់២.៣៨១ករណីក្នុងឆ្នាំ២០១១ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងបទឧក្រិដ្ឋ (UNODC)។ លោកហ្គារីឡេវិស (Gary Lewis)តំណាង UNODC ប្រចាំតំបន់អាស៊ីខាងកេើត និងប៉ាស៊ីហ្វិកបានថ្លែងថា “ ខ្ញុំបារម្ភណាស់អំពីចំនួននៃការចាប់ខ្លួនមនុស្ស ដែលបានកើតឡើង។ ការកើនឡើងបីដងនៃចំនួនមនុស្សដែលត្រូវបានចាប់ខ្លួន “ បង្ហាញឲ្យយើងដឹងនូវអ្វីមួយ ហើយរឿងនេះធ្វើឲ្យយើងព្រួយបារម្ភ”។ លោក ឡេវិស បានមានប្រសាសន៍ថាការកើនឡើងនេះបង្ហាញពីភាពល្អប្រសើរក្នុងការអនុវត្តច្បាប់ ឬការកើនឡើងខ្ពស់ជាងមុននៃបទល្មើសគ្រឿងញៀន។ ទោះជាយ៉ាងនេះក្ដី លោកថ្លែងថា “ វាអាចមានន័យថាមានហេតុផលផ្សេងទៀត ចំពោះការចាប់ខ្លួនមនុស្សពីបទរក្សាទុក និងប្រើប្រាស់ព្រមទាំងជួញដូរគ្រឿងញៀន”។ លោកឡេវិសបានលើកឡើងនៅក្រៅសិក្ខាសាលាតំបន់មួយស្ដីអំពីគម្រោងរបស់ UNODCដែលមានឈ្មោះថា ការត្រួតពិនិត្យការផលិតគ្រឿងញៀន ការវិភាគ ការរាយការណ៍ និងនិន្នាការថា UNODC នឹងត្រួតពិនិត្យតួលេខនេះ។ លោកដេវិដហាឌីង (David Harding)ទីប្រឹក្សា បច្ចេកទេសទទួលបន្ទុកគ្រឿងញៀននៅឯអង្គការក្រៅរដ្ឋាភិបាលមិត្តសំឡាញ់អន្ដរជាតិ ដែលទាក់ទងដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់គ្រឿងញៀននៅតាមផ្លូវក្នុងរាជធានីភ្នំពេញ បានថ្លែងថា មានគោលការណ៍ច្បាស់លាស់មួយដើម្បីបង្កើនការចាប់ខ្លួនជនល្មើសគ្រឿងញៀនថ្នាក់ទាប ព្រោះពួកគេអាចបណ្ដាលឲ្យមានផលប៉ះពាល់។ លោកហាឌីងបានថ្លែងថា“ គោលនយោបាយភូមិឃុំមានសុវត្ថិភាពឆ្នាំ២០១០ បានធ្វើឲ្យមានការកើនឡើងយ៉ាងខ្លាំងក្នុងការចាប់ខ្លួនមនុស្សពាក់ព័ន្ធនឹងគ្រឿងញៀន”។ លោកបានមានប្រសាសន៍ថាការបង្ក្រាបនេះបានធ្វើឲ្យកាន់តែមានការលំបាក ចំពោះអង្គការក្រៅរដ្ឋាភិបាល ដែលមានបំណងផ្ដល់សេវាកាត់បន្ថយគ្រោះថ្នាក់ ដែលចុះទៅជួយអ្នកប្រើប្រាស់គ្រឿងញៀន។ លោកបានថ្លែងថា “មានការប្រឹងប្រែងជាច្រើនក្នុងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ក៏ប៉ុន្ដែ មិនមានការប្រឹងប្រែងច្រើនក្នុងការគ្រប់គ្រងបញ្ហាសុខភាពនោះទេ។មានការលំបាកកាន់តែខ្លាំងក្នុងការទំនាក់ទំនងជាមួយអ្នកប្រើប្រាស់គ្រឿងញៀនជាប្រចាំ”។ លោកខៀវសុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការចាប់ខ្លួនមនុស្សពាក់ព័ន្ធនឹងគ្រឿងញៀនគឺជាការសមហេតុផល ព្រោះនគរបាលចាប់ខ្លួនតែជនសង្ស័យណា នៅពេលដែលខ្លួនមានភស្ដុតាង ហើយបានលើកឡើងថាការកើនឡើងនៃការចាប់ខ្លួននេះ គឺដោយសារតែការកើនឡើងនៃសកម្មភាពខុសច្បាប់។ លោកឧត្តមសេនីយ៍ឯកខៀវសុភ័គ មានប្រសាសន៍ថា “ អ្នកអាចចាប់ត្រីបានច្រើនពីព្រោះមានត្រីច្រើននៅក្នុងទឹក។ ដូច្នេះយើងអាចនិយាយបានថា មានបទល្មើស ច្រើននោះជាមូលហេតុដែលយើងចាប់មនុស្សបានកាន់តែច្រើន”៕ ប្រែសម្រួលដោយ ចេវ ប៊ុននី
មានការជជែកវែកញែកពីចរិតលក្ខណ:និងតួនាទីរបស់ ខៀវ សំផន នៅក្នុងសាលាក្តី
លោក ដេវិដឆាណ្ឌល័រ (David Chandler) ដែលជាសាក្សីជំនាញបានប្រាប់សាលាក្តីខ្មែរក្រហមកាលពីម្សិលមិញថាខៀវសំផនត្រូវបានគេគោរពកោតសរសើរយ៉ាងខ្លាំងថា ជា “ មនុស្សស្អាតស្អំក្នុងសង្គម ដែលគេគោរពនិងឲ្យតម្លៃ” ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ប៉ុន្តែព្រះអង្គម្ចាស់ នរោត្តម សីហនុ ក្នុងសម័យនោះមិនទុកចិត្តគាត់ដោយសារហេតុផលនេះ។ លោកឆាណ្ឌល័រដែលបានបម្រើការជាមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦២បានមានប្រសាសន៍ថា ពេលនោះ ខៀវ សំផន គឺជាបញ្ញវ័ន្តឆ្វេងនិយមវ័យក្មេងម្នាក់ ដែលល្បីថាជាមនុស្សគ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលបានឡើយ។ ខៀវសំផនបានធ្វើជាប្រមុខរដ្ឋនៃរបបខ្មែរក្រហម ប៉ុន្តែបានអះអាងម្តងហើយម្តងទៀតថា គាត់គ្រាន់តែជាអាយ៉ងម្នាក់ប៉ុណ្ណោះ ហើយថា គាត់មិនបានដឹងអ្វីទាំងអស់អំពីអំពើឃោរឃៅអំឡុងពេលនោះ។ លោក ឆាណ្ឌល័របានមានប្រសាសន៍តាមការសាកសួរពីមេធាវីការពារ ខៀវ សំផនថា“ គាត់ទទួលបានការកោតសរសើរពីអ្នកដែលស្រឡាញ់ភាពស្មោះត្រង់។ ខ្ញុំគិតថា សីហនុ ក៏ខ្លាចគាត់បន្តិចបន្តួចដែរ ដោយសារតែលក្ខណៈសម្បត្តិបែបេនះ។ គាត់មានឈ្មោះល្បីត្រង់ថា គាត់ជាមនុស្សម្នាក់ដែលគេមិនអាចទិញទឹកចិត្តបាន ហើយនៅក្នុងចំណោមមន្ត្រីជំនិតៗនៅក្នុងសម័យសីហនុ កម្រមានមនុស្សបែបនេះណាស់...។ គាត់ជាមនុស្សមួយប្រភេទ ដែលសម្ដេច សីហនុ មិនដឹងថា ត្រូវទាក់ទងដោយរបៀបណាទេ។ គាត់ គ្មានបទពិសោធជាមួយមនុស្ស ដែលគាត់មិនអាចគ្រប់គ្រង កេងចំណេញ មានឥទ្ធិពលលើការទិញ និងជួលបានឡើយ”។ ថ្វីបើមានការព្រួយបារម្ភបែបនេះក្តី ឬប្រហែលជាដោយសារតែឥរិយាបថបែបនេះ សីហនុ បានស្នើសុំឲ្យ ខៀវ សំផនចូលធ្វើការមួយរយៈពេលខ្លីក្នុងជួររដ្ឋាភិបាលរបស់ទ្រង់ ជាមន្ត្រី្កក្រសួងពាណិជ្ជកម្ម។ “ លោកបានទទួលស្គាល់នៅក្នុងសំណេររបស់លោកថា ហេតុផលមួយក្នុងចំណោមហេតុផលដែលព្រះអង្គម្ចាស់ដាក់ “ ខៀវ សំផន” ចូលធ្វើការនៅការិយាល័យក្នុងក្រសួងពាណិជ្ជកម្ម គឺដើម្បីចង់ដឹងថា តើគាត់អាច ចូលរួមជាមួយក្រុមនេះបានឬអត់ ហើយការងាររបស់ ខៀវ សំផន ជាសមាជិកគណៈរដ្ឋមន្ត្រី គេមិនដែលសង្កេតឃើញមានអំពើពុករលួយសោះឡើយ។ អ្វីដែលធ្វើឲ្យ ស៊ីហនុព្រួយបារម្ភនោះមិនមែនគ្រាន់តែដោយសារគាត់ជាមនុស្សម្នាក់ដែលព្រះអង្គមិនចូលចិត្តឡើយ ប៉ុន្តែ ថែមទាំងជាមនុស្សម្នាក់ ដែលអាចអនុវត្តគោលការណ៍សីលធម៌បានល្អជាងសហការីរបស់ព្រះអង្គទៀតផង”។ ក្រោយមក ខៀវ សំផន ត្រូវបានបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ អំឡុងសម័យកាលមួយដែលកំពុងមានជម្លោះផ្ទៃក្នុង និងស្ថានភាពចលាចលកាន់តែខ្លាំង។ ខៀវ...
ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាគ្រោងវិនិយោគ ដើម្បីបង្កើនសមត្ថភាពអាកាសយានដ្ឋានទ្វេដង
មន្ត្រីនៅឯអាកាសយានដ្ឋាន បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) គ្រោងវិនិយោគទឹកប្រាក់ចំនួន១០០លានដុល្លារ នៅឆ្នាំក្រោយ ដើម្បីពង្រីកទំហំអាកាសយានដ្ឋាននៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ព្រមទាំងដើម្បីបង្កើនចំនួនអ្នកដំណើរ ដែលឆ្លងកាត់តាមអាកាសយានដ្ឋានទាំងពីររបស់ខ្លួនឲ្យបានទ្វេដង។ លោក អែមម៉ាញូអ៊ែល មឺណង់តូ (Emmanuel Menanteau) នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដែលភាគហ៊ុនភាគច្រើនគ្រប់គ្រងដោយ ក្រុមហ៊ុនសំណង់របស់បារាំង វាំងស៊ី (Vinci) ហើយជាអ្នកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ប្រទេសកម្ពុជា បានមានប្រសាសន៍ថា កិច្ចការពង្រីកអាកាសយានដ្ឋាន ត្រូវបានរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០១៥។ លោក អែមម៉ាញូអ៊ែល មឺណង់តូ បានឲ្យដឹងថា “ យើងបានដឹងហើយថា ជាពិសេសសម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅមុនឆ្នាំ២០១៥ យើងត្រូវតែធ្វើអ្វីមួយ ហើយយើងក៏កំពុងតែធ្វើការពង្រីកកន្លែងភ្ញៀវរង់ចាំនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ដោយលោកបានមានប្រសាសន៍បន្ថែមថា លទ្ធភាពអាកាសយានដ្ឋាននីមួយៗ នឹងត្រូវបង្កើន ដើម្បីទទួលអ្នកដំណើរបានក្នុងចន្លោះពី៤,៥លាននាក់ ទៅ៥លាននាក់ក្នុងមួយឆ្នាំៗ។ លោកបានបន្ថែមទៀតថា “យើងរំពឹងថា នឹងបញ្ចប់ដំណាក់កាលគូសប្លង់នៅឆ្នាំនេះ ហើយបន្ទាប់មកនឹងទទួលបានការយល់ព្រមពីរដ្ឋាភិបាលឲ្យចាប់ផ្តើមការសាងសង់នៅក្នុងត្រីមាសទី១ឆ្នាំក្រោយ”។ យោងតាមទិន្នន័យ ដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា ចំនួនទេសចរដែលមកទស្សនាប្រទេសកម្ពុជាតាមអាកាសយានដ្ឋានទាំងពីរនេះ បានកើនឡើងចំនួន១៩,៧ភាគរយ ពោលគឺកើនជិតដល់២លាននាក់នៅក្នុងឆមាសទី១ឆ្នាំនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានលទ្ធភាពទទួលអ្នកដំណើរបាន២,៥លាននាក់ក្នុងមួយឆ្នាំៗ ចំណែកឯអាកាសយានដ្ឋានសៀមរាប អាចទទួលបានចំនួន១,៥លាននាក់។ ការសាងសង់ពង្រីកកន្លែងរង់ចាំ គឺផ្នែកមួយនៃគម្រោង ដែលមានទឹកប្រាក់ចំនួន២៥០លានដុល្លារ ទៅ៣០០លានដុល្លារ ដែលត្រូវបានលៃទុកសម្រាប់អភិវឌ្ឍអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋានទាំងបីកន្លែងរបស់ប្រទេសកម្ពុជាឲ្យបានមុនឆ្នាំ២០២០។ នៅឯអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានតែយន្តហោះមួយប៉ុណ្ណោះ ដែលដឹកជញ្ជូនអ្នកដំណើរទៅកាន់តំបន់ឆ្នេរមួយនេះ។ ខណៈដែលក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា មានផែនការវិនិយោគអាកាសយានដ្ឋានខេត្តព្រះសីហនុរបស់ខ្លួន ក្រុមហ៊ុននឹងសម្រេចវិនិយោគនៅពេលណាមានអ្នកធ្វើដំណើរទៅទីនោះច្រើន។ លោក មឺណង់តូ បានមានប្រសាសន៍ថា“ យើងតែងតែមានបំណងអភិវឌ្ឍអាកាសយានដ្ឋានខេត្តព្រះសីហនុ...
អង្គការសិទ្ធិមនុស្សថា សេចក្តីព្រាងច្បាប់ស្តីពីដីកសិកម្មអាចធ្វើឲ្យការចាប់យកដីធ្លីក្លាយជាស្របច្បាប់
អង្គការសិទ្ធិមនុស្សមួយបានលើកឡើងក្នុងរបាយការណ៍ ចេញផ្សាយកាលពីម្សិលមិញថា ច្បាប់ស្តីពីការគ្រប់គ្រងដីកសិកម្ម ដែលបច្ចុប្បន្នក្រសួងកសិកម្មកំពុងព្រាងនោះ គឺជាការគំរាមកំហែងមួយចំពោះម្ចាស់ដីឯកជន ពីព្រោះវាដាក់ទោសព្រហ្មទណ្ឌដល់កសិករណា ដែលមិនគោរពតាមអំណាចថ្មីរបស់រដ្ឋាភិបាលក្នុងការបង្កើតតំបន់កសិកម្ម។ យោងតាមសេចក្តីព្រាងច្បាប់ថ្មីនេះ រដ្ឋាភិបាលនឹងអាចបង្កើតតំបន់កសិកម្មបាន មិនថា វាជាដីរដ្ឋ ឬឯកជនឡើយ សម្រាប់អ្វីដែលគេហៅថា “តំបន់អភិវឌ្ឍន៍កសិកម្ម” ដរាបណា “ម្ចាស់កម្មសិទ្ធិដីធ្លីតូចៗ” យល់ព្រម។ ប៉ុន្តែអង្គការលីកាដូបានលើកឡើងថា ច្បាប់នេះអាចនឹងត្រូវគេប្រើប្រាស់ដើម្បីធ្វើឲ្យការចាប់យកដីធ្លីក្លាយជាស្របច្បាប់ ហើយអ្នកដែលមិនយល់ស្របនឹងសេចក្តីសម្រេចបង្កើតតំបន់កសិកម្ម នឹងត្រូវជាប់ពន្ធនាគារ។ អង្គការលីកាដូបានលើកឡើងក្នុងរបាយការណ៍ដដែលនេះថា “សេចក្តីព្រាងច្បាប់ដែលបច្ចុប្បន្នក្រសួងកំពុងតាក់តែងនេះ អាចនឹងត្រូវគេប្រើប្រាស់ជារបាំងច្បាប់សម្រាប់ការពារសកម្មភាពចាប់យកដីធ្លី និងសម្រាប់ការពារអ្នក ដែលប្រាថ្នាចង់កេងចំណេញ និងទទួលផលប្រយោជន៍ផ្ទាល់ខ្លួនពីដីធ្លី...
ស្ថានភាពសុខភាពរបស់លោក សុខ អាន ធូរស្រាលហើយ ប៉ុន្ដែនៅបន្ដព្យាបាលក្នុងប្រទេសសិង្ហបុរី
កាលពីម្សិលមិញ អ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងថា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន មានជំងឺក្រួសនៅក្នុងតម្រងនោម និងសម្រាកព្យាបាលនៅក្នុងប្រទេសសិង្ហបុរី ហើយនេះជាព័ត៌មានដំបូង ដែលរដ្ឋាភិបាលបានបញ្ចេញពាក់ព័ន្ធនឹងសុខភាពរបស់លោក សុខ អាន បន្ទាប់ពីអវត្តមានមិនបានបំពេញការងាររបស់លោករយៈពេលជាច្រើនសប្ដាហ៍។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា វេជ្ជបណ្ឌិតបានសុំឲ្យលោក សុខ អាន បន្តស្នាក់នៅក្នុងប្រទេសសិង្ហបុរី ដែលនៅទីនោះលោកបានទទួលការព្យាបាលអស់រយៈពេលដ៏យូរមកហើយ។ លោកបានបង្វែរសំណួរផ្សេងទៀតទៅឲ្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានបដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់លោក សុខ អាន។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “លោកមិនអីទេ។ជំងឺនោះគឺជាក្រួសនៅក្នុងតម្រងនោម។វាត្រូវបានយកចេញហើយហើយលោកមិនអីនោះទេ”។ ទោះបីជាលោក សុខ អាន ដែលសុខភាពរបស់លោកទំនងជាបានធូរស្រាលក៏ដោយ ក៏កាលពីដើមខែនេះ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា មានគេប្រាប់ដំណឹងជាច្រើនអំពីស្ថានភាពសុខភាពរបស់លោក សុខ អានរាប់ទាំងព័ត៌មានដែលថា លោក សុខ អានមានជំងឺលើសឈាមបន្តិចបន្ដួច។ ទោះជាយ៉ាងណា មន្ត្រីនៅទីស្ដីការគណៈរដ្ឋមន្ត្រីបានលាក់លៀមអំពីបញ្ហាសុខភាពរបស់លោក សុខ អាន ដោយហេតុថា បញ្ហាសុខភាពរបស់លោកឧបនាយករដ្ឋមន្ត្រី គឺជារឿងផ្ទាល់ខ្លួន។ លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីសប្ដាហ៍មុនថា លោក សុខ អាន មានសុខភាពល្អណាស់ និង “ គ្មានបញ្ហាអ្វីនោះទេ”។ គេនៅមិនទាន់ច្បាស់ថា តើពេលណាលោក សុខ អាន នឹងវិលមកបំពេញតួនាទីរបស់លោកក្នុងរដ្ឋាភិបាលវិញនោះទេ។ ក្រៅពីមានតំណែងថ្នាក់ដឹកនាំក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន គឺជាប្រធានអាជ្ញាធរអប្សរា ដែលជាស្ថាប័នគ្រប់គ្រងប្រាសាទអង្គរវត្ត ជាប្រធានអាជ្ញាធរប្រេងកាតជាតិកម្ពុជា ដែលគ្រប់គ្រងឧស្សាហកម្មប្រេង និងឧស្ម័នទាំងអស់ និងជាប្រធានគណៈ កម្មាធិការសាលាក្ដីខ្មែរក្រហមរបស់រដ្ឋាភិបាល ព្រមទាំងមានតំណែងច្រើនទៀត៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
ចំណាប់ខ្មាំងម្នាក់ និងចោរប្លន់បីនាក់ស្លាប់ បន្ទាប់ពីការបាញ់ប្រហារនៅក្នុងខេត្តសៀមរាប
ចោរបីនាក់ និងចំណាប់ខ្មាំងម្នាក់ត្រូវបានបាញ់ស្លាប់ក្នុងការផ្ទុះអាវុធ ជាមួយនគរបាល បន្ទាប់ពីការប្លន់ហាងលក់គ្រឿងអលង្ការមួយកន្លែងមិនបានសម្រេចក្នុងខេត្តសៀមរាបកាលពីម្សិលមិញ។ លោក ព្រំ សែន អធិការនគរបាលស្រុកបានមានប្រសាសន៍ថា ចោរប្លន់បួននាក់រួមទាំងអ្នកបើកបរម្នាក់របស់ក្រុមនេះផងនោះ ត្រូវបានបញ្ឈប់នៅកន្លែងនគរបាលបិទផ្លូវក្រោយពេលថ្ងៃត្រង់បន្តិច ចម្ងាយប្រហែល ១០គីឡូម៉ែត្រពីផ្សារធំ ក្នុងស្រុកពួក ដែលនៅទីនោះពួកគេបានប្លន់យកមាស និងប្រាក់តម្លៃប្រហែល២២.០០០ដុល្លារ ពីអាជីវករលក់គ្រឿងអលង្ការពីរនាក់។ លោក ព្រំ សែន បានមានប្រសាសន៍ថា ដំបូង ចោរទាំងនេះបានព្យាយាមគេចពីរបាំង រាំងផ្លូវរបស់នគរបាល ដោយបើកកិនជើងមន្ត្រីនគរបាលម្នាក់ដែលកំពុងបំពេញការងារនេះ មុនពេលនគរបាលបញ្ឈប់ពួកគេបាន។ លោក ព្រំ សែន មានប្រសាសន៍ថា ត្រង់នេះហើយដែលក្រុមចោរបានបោះបង់រថយន្ដ ហើយរត់កាត់វាលស្រែនៅក្បែរនោះ ហើយបានចាប់កសិករប្រាំនាក់ជាចំណាប់ខ្មាំង រួមទាំងស្ត្រីពីរនាក់ និងក្មេងប្រុសម្នាក់ផង។ លោកបានមានប្រសាសន៍ថា “ បន្ទាប់ពីយើងបានឡោមព័ទ្ធពួកគេនៅវាលស្រែនោះក្រុមចោរប្លន់បានបាញ់ចំណាប់ខ្មាំងម្នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំងនោះ ដើម្បីឲ្យនគរបាលដកខ្លួនចេញ។ ក៏ប៉ុន្ដែ បន្ទាប់មកពួកគេបានបាញ់មកលើនគរបាល ហើយនគរបាលបានបាញ់សម្លាប់ចោរប្្លន់បីនាក់ និងអ្នកផ្សេងទៀតរងរបួសធ្ងន់ធ្ងរ”។ លោកបានមានប្រសាសន៍ថា ចំណាប់ខ្មាំងម្នាក់ដែលត្រូវបានចោរបាញ់សម្លាប់នោះ គឺជាបុរស ហើយលោកបានប្រាប់ថា ចោរប្លន់ម្នាក់ដែលបានស្លាប់នោះឈ្មោះ ចាន់...