បទវិភាគ៖ តើហេតុអ្វីលោកហ៊ុន សែន មិនអាចជួយសំរាលបន្ទុក ប្រាក់ចំណូលរបស់ពលរដ្ឋខ្មែរក្នុងគ្រាមានវិបត្តិ កូវីដ១៩ ឲ្យមានប្រសិទ្ធិភាព?

ការផ្ទុះមេរោគកូវីដ១៩មិនមែនជាវិបត្តិសង្គមលើកទីមួយដែលបាន កើតឡើងក្នុងប្រទេសកម្ពុជានោះទេ។ តាមពិតកម្ពុជាធ្លាប់ជួបវិបត្តិ សង្គមជាច្រើន ដូចជា ការផ្ទុះឡើងនៃជំងឺសារ ក្នុងឆ្នាំ២០០៣ ការផ្អុះជំងឺផ្តាសសាយបក្សីក្នុងឆ្នាំ២០១៣ និងការផ្ទុះជំងឺប៉េសជ្រូកក្នុងឆ្នាំ២០១៩ ជាដើម។

ការផ្ទុះឡើងនៃមេរោគទាំងនោះបានធ្វើឲ្យ មានការស្លាប់មនុស្ស មាន់ទារ និងជ្រូក របស់ពលរដ្ឋខ្មែរ ហើយប៉ះទង្គិចដល់សេដ្ឋកិច្ចជាតិ និង ប្រាក់ចំណូលគ្រួសារដែលរងគ្រោះដោយផ្ទាល់ និងប្រយោល។

ក្នុងគ្រាមានការផ្ទុះជំងឺឆ្លងដូចខាងលើ ពលរដ្ឋខ្មែរ ជាពិសេសកសិករដែលរងផលប៉ះពាល់ដោយផ្ទាល់ តែងត្អូញត្អែ អំពីវិបត្តិគ្រួសារដែលកំពុងក្រស្រាប់ ហើយកំពុងជំពាក់បំណុលគេ វណ្ឌ័ករ កាន់តែបាត់បង់ប្រាក់ចំណូលគ្រួសារ ក្នុងពេលមាន វិបត្តិសង្គមនេះថែមទៀត។

ពលរដ្ឋរងគ្រោះ តែងតែលើកជាសំណូមពរដល់រដ្ឋាភិបាលឲ្យជួយដោះស្រាយវិបត្តិទាំងនេះ ប៉ុន្តែពួកគេមិនដែលមានការ ឆ្លើយតបពី លោកហ៊ុន សែន ម្តងណានោះឡើយ។ តើអ្វីទៅជាមូលហេតុ ដែលនាំឲ្យលោកហ៊ុន សែន មិនដែលជួយសំរួលបន្ទុកគ្រួសាររបស់ពលរដ្ឋ ខ្មែរដែលបាត់បង់ចំណូលក្នុងពេលមានវិបត្តិសង្គម ដូចបញ្ហា កូវីដ១៩នេះ?

មុននឹងឆ្លើយសំណួរនេះ គេគួរពិនិត្យមើលថា តើរដ្ឋាភិបាលលោកហ៊ុន សែន បានបំពេញកាតព្វកិច្ច និងមានឆន្ទៈក្នុងការលើកកំពស់ជីវភាព របស់ពលរដ្ឋខ្មែរដែរទេ?

យោងតាមមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញរបស់ប្រទេស សេចក្តីស្នើ ទាំង ឡាយរបស់ពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយ យ៉ាងហ្មត់ចត់ពីអង្គការដ្ឋ។ បន្ថែមពីលើនេះ មាត្រា៦៣ នៃច្បាប់កំពូលមួយ នេះចែងថា រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារជួយឲ្យជីវភាព រស់នៅរបស់ពលរដ្ឋមានកម្រិតសមរម្យ។

បើយោងតាមខ្លឹមសារនៃរដ្ឋមនុញ្ញដូចដែលបានលើកឡើងខាងលើ ការយកចិត្តទុកដាក់ ការដោះស្រាយបញ្ហា ការបម្រើ និង ការជួយសំរាល បន្ទុក ជូនប្រជាពលរដ្ឋ ដូចជាការផ្តល់អំណោយជាដើម គឺ ជាកាតព្វ កិច្ចរបស់រដ្ឋាភិបាល គឺមិនមែនជាអំពើ ឬកាយវិការមនុស្សធម៌ឡើយ។

អង្គការអន្តរជាតិជាច្រើនបានរកឃើញថា ពលរដ្ឋខ្មែរជាច្រើនរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ គ្មានការងារធ្វើ គ្មានម្ភូបអាហារគ្រប់គ្រាន់រស់នៅខ្វះមុខខ្វះក្រោយ និងខ្វះគុណភាពនៃជីវិត។

របាយការណ៍របស់ធានាគារអាស៊ី (ADB) ចេញផ្សាយក្នុងខែមេសា ឆ្នាំ២០២០ថា ពលរដ្ឋខ្មែរជិត១៣% ឬជាង២លាននាក់ រស់ក្រោមបន្ទាត់ នៃភាពក្រីក្រ។ គិតត្រឹមឆ្នាំ២០១៨ ពលរដ្ឋខ្មែរជាង ៨% ឬស្មើជាង ១ លាននាក់ មានប្រាក់ចំណូលក្រោម ១.៩ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ឬ ក្រោម ៥៧ដុល្លារអាមេរិកក្នុងមួយខែ ហើយគិតត្រឹមឆ្នាំ២០១៩ ពលរដ្ឋ ០.៧% ឬស្មើជាង១សែននាក់ គ្មានការងារធ្វើ។ ដូច្នេះ បើគេបូកបញ្ចូល តួរលេខខាងលើ គេឃើញថា ពលរដ្ឋខ្មែរប្រមាណជាង ៣លាន ៥សែន នាក់ កំពុងរស់នៅដោយគ្មានជីវភាពសមរម្យ។

ស្រដៀងគ្នានេះដែរ គេហរទំព័ររបស់ទីភ្នាក់ងារផ្តល់ជំនួយអាមេរិក (USAID) ចុះផ្សាយថា យ៉ាងហោចណាស់មានពលរដ្ឋខ្មែរ១/៥ ឬស្មើជាង ៣លាន ២សែន នាក់ កំពុងរស់នៅដោយខ្វះអាហាររូបត្ថម្ភគ្រប់គ្រាន់ ពោលគឺពួកគេបរិភោគអាហារក្នុងកំរិត តិចជាងតំរូវការកាឡូរីប្រចាំថ្ងៃ។

ប៉ុន្តែបើគេគិតអំពីចំនួនពលរដ្ឋខ្មែរដែលរស់នៅត្រឹមបន្ទាត់ក្រីក្រវិញតួរលេខមានកំរិតខ្ពស់ជាងនេះគួរអោយកត់សំគាល់។ សារព័ត៌មាន The Diplomat របស់អាមេរិកបានចុះផ្សាយនាចុងខែតុលា ឆ្នាំ២០១៨ ថា ពលរដ្ឋខ្មែរដែលរស់នៅត្រឹមបន្ទាត់ក្រីក្រមានចំនួន១៣.៥% ។

តែបើតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និងអង្គការ The Oxfam Poverty and Human Development Initiative ឲ្យដឹងថា តួរលេខនៃ ចំនួនពលរដ្ឋខ្មែរដែលរស់នៅត្រឹមបន្ទាត់ក្រីក្រមានមានរហូតដល់ទៅ ៣៥% ឬស្មើជាង៥លាន ៦សែននាក់ ដោយផ្អែកលើកត្តាសុខភាព ការអប់រំ និងស្តង់ដារនៃការរស់នៅជាវីធីវាស់វែងកំរិតជីវភាព។

បើយោងតាមរបាយការណ៍ខាងលើទាំងនេះ របបលោកហ៊ុន សែន ពុំទាន់បានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការធ្វើឲ្យប្រសើនូវគុណភាពជីវិតរបស់ពលរដ្ឋរស់នៅសមរម្យនៅឡើយទេ។ តើលោកហ៊ុន សែន និងគណៈបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជិត ៤០ឆ្នាំនេះ មាន ឆន្ទៈចង់ជួយពលរដ្ឋខ្មែរទាំងអស់ឲ្យរស់នៅក្នុងកំរិតជីវភាពសមរម្យ តាមមាត្រា៦៣ នៃរដ្ឋធម្មនុញ្ញដែរឬទេ?

ការស្វែងរកចំលើយសំរាប់សំណួរបែបនេះគឺជារឿងដ៏លំបាក ពីព្រោះគេពិបាករកអ្វីមកធ្វើការវាស់អំពីឆន្ទៈរបស់មនុស្សណាស់។ ប៉ុន្តែ នៅពេល និយាយអំពីមូលហេតុនៃភាពក្រីក្ររបស់សង្គមមួយ ឬពលរដ្ឋក្នុង សង្គមនោះ គេតែងតែពិនិត្យមើលកត្តាពាក់ព័ន្ធផ្សេងៗ ដែលនាំឲ្យ មានភាពក្រីក្រ។ កត្តាចំបងបំផុតដែលនាំឲ្យពលរដ្ឋរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ គឺអំពើពុករលួយចាក់ស្រេះយ៉ាងជ្រៅក្នុងសង្គម និងប្រព័ន្ធតុលាការមិនឯករាជ្យ។

របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ ដែលចេញផ្សាយកាលពី ខែមករា កន្លងទៅ រកឃើញថា កម្ពុជាគឺជាប្រទេសដែលមាន អំពើពុករលួយខ្ពស់ជាងគេបំផុត ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំងអស់ ហើយស្ថិតនៅលំដាប់លេខរៀងទី១៦០ ក្នុងចំណោមប្រទេសចំនួន១៨០ ក្នុងពិភពលោក។

របាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្តីអំពីការអនុវត្តន៍សិទ្ធិ មនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៩ បានចុះផ្សាយថា ច្បាប់របស់កម្ពុជាបានចែងអំពីទោសព្រហ្មទ័ណ្ឌ នៃការប្រព្រឹត្តអំពើពុករលួយដែលប្រព្រឹត្តិឡើង ដោយក្រុមមន្រ្តី ប៉ុន្តែរដ្ឋាភិបាលមិនអនុវត្តន៍ច្បាប់នោះដោយមាន ប្រសិទ្ធិភាពទេ ហើយពួកមន្ត្រីជាច្រើនបានប្រព្រឹត្តិអំពើពុករលួយដោយគ្មានទោសពៃអ្វីទាំងអស់។ របាយការណ៍នោះក៏បានលើកឡើងថា អង្គភាពប្រឆាំងអំពើពុកដែលបានបង្កើតឡើងនោះគឺសំរាប់តែបំរើ ផលប្រយោជន៍គណបក្សកាន់អំណាចតែប៉ុណ្ណោះ។

ការលើកឡើងរបស់ក្រសួងការបរទេសអាមរិកបែបនេះហាក់ដូចជាគ្មាន អ្វីចម្លែកទេសំរាប់ប្រជាពលរដ្ឋខ្មែរ ព្រោះពួកគេហាក់ដូចជាស៊ាំទៅនឹង ទង្វើពុករលួយរបស់មន្ត្រីនៃរដ្ឋាភិបាល ជាពិសេសពួកអ្នកមាន អំណាចធំៗ។

សារព័ត៌មានThe Diplomatរបស់អាមរិកធ្លាប់ ចុះផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៦ថា គ្រួសារ និងខ្សែស្រលាយត្រកូលហ៊ុនអាចមានលុយរហូតដល់ជាង៤ពាន់លានដុល្លារអាមេរិក ហើយមេទ័ព និងមេប៉ូលិសកំពូលៗរបស់មានលុយ រាប់សិប ឬរយលានដុល្លារអាមេរិក ដែលគេគិតថា ពួកគេបានលុយទាំងនេះតាមរយៈអំពើពុករលួយ។

ដូច្នេះ ការលើកឡើងរបស់ក្រសួងការ បរទេសអាមរិកដែលថា អង្គភាពប្រឆាំងអំពើពុករលួយមិនបានចាត់ការ ប្រឆាំងនឹងអំពើពុករលួយនិងចាំតែការពារផលប្រយោជន៍របស់ពួកអ្នកកាន់អំណាចនោះ គឺជារឿងពិតដែលគ្មានអ្វីគួរអោយសង្ស័យនោះឡើយ។

គេអាចធ្វើការសន្និដ្ឋានថា រដ្ឋាភិបាលរបស់លោកហ៊ុន សែន គ្មានឆន្ទៈ លប់បំបាត់អំពើពុករលួយនោះទេ ហើយរដ្ឋាភិបាលរបស់លោកក៏គ្មានឆន្ទៈពិតប្រាកដក្នុងការកាត់បន្ថយ ភាពក្រីក្រប្រកបដោយប្រសិទ្ធិភាពនិងលើកកំពស់ជីវភាពរបស់ពលរដ្ឋទាំងអស់ឲ្យរស់នៅក្នុងកំរិតសមរម្យនោះដែរ។

ប៉ុន្តែតើលោកហ៊ុន សែន បានគិតគូរដល់អ្នកក្រីក្រខ្លះដែរទេ? ប្រាកដណាស់រដ្ឋាភិបាលរបស់ពិតជាបានជួយខ្លះដែរ តាមរយៈការបង្ហាញនូវសកម្មភាពខ្លះៗ ដូចជាការជួយអ្នកក្រឲ្យទទួលបានសេវ៉ាមេធាវី ឬ សេវ៉ាសុខភាពដោយអត់បង់ថ្លៃ ជាដើម។

ប៉ុន្តែនៅពេលសួរថា កម្មវិធីជួយអ្នកក្ររបស់រដ្ឋាភិបាលលោក ហ៊ុន សែន អាចមានប្រសិទ្ធិភាពដែរឬទេ?

មុននឹងឆ្លើយចំណុចនេះ គេគួរពិនិត្យមើលអំពីរបៀបនៃការធ្វើការនិង ឆន្ទៈនយោបាយរបស់មន្រី្ត និងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ជាមុនសិន។

អ្នកណាក៏ដឹងដែរថា របៀបធ្វើការរបស់មន្ត្រីរដ្ឋាភិបាលតែងរងការរិៈគន់ពីមហាជន ករណីប្រព្រឹត្តិអំពើពុករលួយ ការរើសអើងអ្នកក្រមិនបំរើសេវ៉ាសាធារណៈ តាមតួនាទី ហើយការផ្តល់សេវ៉ានោះធ្វើទៅបានលុះត្រាមានលុយបង់ថ្លៃសេវ៉ានោះ ជាពិសេសនៅតាមមន្ទីរពេទ្យរដ្ឋ និងសេវ៉ាពន្លត់អគ្គីភ័យជាដើម។ ដូចច្នេះ ពលរដ្ឋក្រីក្រដែលមានប័ណ្ណ ក្រីក្រនោះ ប្រហែលជាពិបាកទទួលបានការយកចិត្តទុកដាក់ ពីមន្រី្ត ទាំងនោះណាស់ ឬទទួលបានសេវ៉ាសាធារណៈដ៏មានប្រសិទ្ធិភាព។ ក្រៅពីនេះ និតិវិធីធ្វើការក្នុងការផ្តល់ប័ណ្ណក្រីក្រក៏ជាបញ្ហានៃក្តីបារម្ភ ដែរ។

កាលពីខែឩសភា ឆ្នាំ២០១១ ប្រជាពលរដ្ឋក្នុងស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំ បានប្រាប់វិទ្យុ RFA ថា ពួកគាត់មានភាពទាល់ ក្រខ្លាំងតែមិនបានទទួលប័ណ្ណសំគាល់ជនក្រីក្រទេ ព្រោះតែរឿងបក្ស ពួកនិយម។

ដូចគ្នាដែរ កាលពីខែមិថុនា ឆ្នាំ២០២០ វិទ្យុ RFI បានដក ស្រង់កង្វល់របស់មន្ត្រីសង្គមស៊ីវិលខ្លះដែលបានសំដែលការមន្ទិលអំពី របៀបដែលមន្ត្រីរដ្ឋាភិបាលលោកហ៊ុន សែន ជ្រើសរើសអ្នកក្រដើម្បី អោយទទួលបានប័ណ្ណសមធម៌សំរាប់ទទួលបានប្រាក់ឩបត្ថម្ភពី រដ្ឋាភិបាល ក្នុងអំឡូងពេលរីករាលដាលនៃមេរោគកូវីដ១៩។  

បើគេពិនិត្យមើលអំពីឆន្ទៈនយោបាយរបស់លោកហ៊ុន សែនវិញ គេ តែងតែមន្ទិលអំពីសុច្ចរិតភាពរបស់គាត់ក្នុងការបំរើ ឬជួយពលរដ្ឋ ពិតប្រាកដ ឬ គ្រាន់តែជាការសំដែងមួយឈុតៗដើម្បីតែរូបភាព ឬផល ប្រយោជន៍នយោបាយរបស់លោកនោះ។

ជាក់ស្តែងនៅពេលប្រកួត ប្រជែងយកសន្លឹកឆ្នោតជាមួយគណបក្ស   ហ្វ៊ុនស៊ិនប៉ិក ក្នុងទសវត្ស ឆ្នាំ១៩៩០ លោកហ៊ុន សែន និងគណបក្សរបស់លោក ខិតខំដើរកសាងសាលា ឬវត្តទូទាំងប្រទេស តែដល់ពេលអស់ការប្រកួតប្រជែងពីគណបក្ស ហ្វ៊ុនស៊ិនប៉ិក លោកហ៊ុន សែន និងគណបក្សរបស់លោកក៏ឈប់ធ្វើរឿងទាំងនោះដែរ។ ម្យ៉ាងទៀត ក្រោយធ្លាក់សន្លឹកឆ្នោតក្នុងឆ្នាំ ២០១៣ លោកហ៊ុន សែន បានព្យាយាមយកចិត្តកម្មករ ដោយខំតម្លើង ប្រាក់ខែនិងចុះជួបពួកគេតាមរោងចក្រយ៉ាងមមាញឹក ក៏ព្រោះតែបារម្ភអំពីការប្រជែងសន្លឹកឆ្នោតដោយគណបក្សសង្គ្រោះជាតិ។

ប៉ុន្តែក្រោយពេលរំលាយគណបក្សសង្គ្រោះជាតិក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ បានជោគជ័យ លោកហ៊ុន សែន ក៏លែងមានសកម្មភាពចុះជួបកម្មករតាមរោងចក្រទៀតដែរ។ ជាពិសេស ក្នុងអំឡុងពេលកូវីដ១៩ លោកហ៊ុន សែន បានរៀបចំអំណោយសំរាប់ប្រជាពលរដ្ឋក្រីក្រខ្លះ ប៉ុន្តែគាត់ឆ្លៀតកេងចំណេញនយោបាយ ដាក់ផ្លាកអរគុណសន្តិភាពនៅកន្លែងផ្តល់អំណោយ ហើយអ្នកដែលទទួលអំណោយទាំងឡាយ ត្រូវសំដែងការអរគុណសន្តិភាព។

ដូចច្នេះ ដើម្បីជួយទទ្រង់ជីវភាពអ្នកក្រដោយប្រសិទ្ធិភាព និងដោយ សុឆន្ទៈនយោបាយពិតប្រាកដ រដ្ឋាភិបាលគួរមានគោលនយោបាយច្បាស់ លាស់ដែលងាយនឹងអនុវត្តន៍ប្រកបដោយតម្លាភាព។

ជាងនេះទៅទៀត វិធីជួយអ្នកក្រ និងការទប់ស្កាត់កុំឲ្យពលរដ្ឋកាន់ធ្លាក់ខ្លួនក្រ ជាពិសេសក្នុងគ្រាដែលមានវិបត្តិសង្គម ដូចបញ្ហា កូវីដ១៩ នាបច្ចុប្បន្ននេះជាដើម រដ្ឋាភិបាលគួរមានផែនការមេ និងប្រព័ន្ធការងារច្បាស់លាស់ដើម្បីអនុវត្តន៍ផែនការនោះប្រកបដោយប្រសិទ្ធិ ភាព។

ប៉ុន្តែ រហូតដល់ពេលនេះ របបលោកហ៊ុន សែន ពុំទាន់មានផែន ការមេច្បាស់លាស់ក្នុងការជួយទ្រទ្រង់ជីវភាពពលរដ្ឋខ្មែរទូទៅ ដែលអាច រងការប៉ះការពាល់ដោយកូវីដ១៩នៅឡើយទេ។

ប៉ុន្តែកាលពីថ្ងៃ២៦ ខែមិនា ឆ្នាំ២០២១នេះ លោកវង្សី វិស្សុត រដ្ឋលេធិការប្រចាំ ការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា កម្ពុជាមានធនធានថវិកា គ្រប់គ្រាន់សំរាប់ការទប់ទល់នៃវិបត្តិកូវីដ១៩ក្នុង                រយៈពេល ពីរឆ្នាំខាងមុខទៀត។

ទោះជាយ៉ាងណាក៏ដោយ មានសំណួរជាច្រើនចោទសួរថា តើពាក្យថាគ្រប់គ្រាន់នេះមានន័យ ផ្តោតតែទៅលើអ្នកធំ និងបក្សពួក ឬ អាចជួយដោះស្រាយបញ្ហារបស់ពលរដ្ឋទូទៅ ដូចជាអ្នកបាត់បង់ចំណូល អ្នកប៉ះពាល់មុខរបរជំនួញផ្សេងៗ និងអ្នកជំពាក់បំណុលធនាគារ  ដែរឬយ៉ាងណា? ប៉ុន្តេបើគេពិនិត្យមើលឆន្ទៈក្នុងការប្រឆាំងអំពើពុករលួយ របៀបធ្វើការងារ ឆន្ទៈនយោបាយ និងការមិនមានផែនការមេ របស់រដ្ឋា លោកហ៊ុន សែន គឺពិតពិបាកនឹងជឿថា រដ្ឋាភិបាលបច្ចុប្បន្ននេះអាចជួយសំរាលបន្ទុកប្រាក់ចំណូលរបស់ពលរដ្ឋខ្មែរក្នុងគ្រាមានវិបត្តិសង្គម ដូចជា បញ្ហាកូវីដ១៩ នេះណាស់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.