ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជួបអ្នកការទូតបរទេសដើម្បីផ្លាស់ប្ដូរទស្សនវិស័យបញ្ហាកម្ពុជា និងទំនាក់ទំនងកម្ពុជា ទៅអន្តរជាតិ

ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្តជួបប្រមុខការទូតជាន់ខ្ពស់បរទេសនានា នៅកម្ពុជា ដើម្បីផ្លាស់ប្ដូរយោបល់ ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអំឡុងពេលជំងឺ Covid-19 រាតត្បាត។

លោក កឹម សុខា បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកនៅថ្ងៃទី២ ខែមេសា នេះថា លោកបានជួបមន្ត្រីការទូតបរទេសប្រចាំនៅកម្ពុជា ២រូប គឺ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងអ្នកស្រី Eva Nguyen Binh  ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ប្រធានអតីតគណបក្សប្រឆាំងរូបនេះអះអាងថា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ Covid-19 លោកមិនអាចធ្វើដំណើរទៅតាមមូលដ្ឋានជួបជុំបងប្អូនជនរួមជាតិបានទេ ប៉ុន្តេលោកតែងជួបទាក់ទងជាមួយអង្គទូតមួយចំនួន នៃប្រទេសជាមិត្តរបស់កម្ពុជា ជាបន្តបន្ទាប់។

លោកបន្តថា ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅកម្ពុជា គឺជាការផ្លាស់ប្ដូរទស្សនៈ និងព័ត៌មានជុំវិញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងវិស័យនានា ដូចជាបញ្ហាប្រឈមដោយជំងឺឆ្លង Covid-19 ជាពិសេសអំពីជំនួយវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ផងដែរ។

ចំណែកឯជំនួបជាមួយ ប្រមុខការទូតប្រទេសបារាំង ប្រចាំកម្ពុជា គឺបានវាយតម្លៃ អំពីស្ថានការណ៍ មួយចំនួននៅកម្ពុជា និងទំនាក់ទំនង ព្រមទាំងតួនាទីរបស់ប្រទេសកម្ពុជា និងប្រទេសបារាំងក៏ដូចជាសហគមន៍អឺរ៉ុប ក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ខាងមុខ។

លោកបញ្ជាក់ទៀតថា បើទោះបីជាកាលៈទេសៈនេះ លោកមិនមានសិទ្ធិសេរីភាពពេញលេញ និងមិនមានសមត្ថកិច្ចជាអ្នកដោះស្រាយបញ្ហារបស់ប្រទេសក្តី ប៉ុន្តែលោកព្រួយបារម្ភអំពីបញ្ហានានា ដែលពាក់ព័ន្ធនឹង «ជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ» ដែលកំពុងជួបប្រទះនៅពេលនេះ និងអាចប្រឈមនៅពេលអនាគត។ លោកថា លោកនៅតែមានចេតនាចូលរួមធ្វើអ្វីដែលអាចធ្វើទៅបានតាមលទ្ធភាពដើម្បីជាប្រយោជន៍ដល់ប្រជាជាតិខ្មែរទូទៅ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.