តើមនុស្សប្រភេទណាគួរទទួលបានងារ ជាឧកញ៉ា?

ព្រះរាជាណាចក្រ កម្ពុជា ទី២ ចាប់ពីឆ្នាំ១៩៩៤ មកទល់នឹងឆ្នាំ២០១៤  យើងបានរកឃើញថា មានមនុស្សចម្រុះជាតិសាសន៍ មិនដឹងចេញពីប្រភពណា បានទទួលងារ ឧកញ៉ា ពីខាងមុខឈ្មោះរបស់គេម្នាក់ៗ តាមការតែង តាំងដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រខ្មែរ យ៉ាង តិចជាង ៧០០នាក់។ ប្រភពខ្លះឲ្យដឹងថា មកទល់បច្ចុប្បន្ននេះ ឧកញ៉ា ស្រុកខ្មែរមានមិនតិចជាង ១០០០នាក់ទេ ថ្វីត្បិតតែ មានការដកងារនេះពីអ្នកខ្លះ ដែលប្រព្រឹត្តមិន គប្បីយ៉ាងណាក្តី។

ជាការចែករំលែកចំណេះដឹងខ្លះ ព្រោះថាពាក្យនេះជាពាក្យខ្មែរ ជាងារក្នុងបណ្តាសក្តិមន្រ្តីខ្មែរ ពលរដ្ឋខ្មែរក៏គួរយល់ដឹងអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរផងដែរ ថាតើពាក្យនេះមានឫសគល់ពីណា ប្រើសម្រាប់នរណា ធ្វើការងារអ្វី នៅសម័យណា មានន័យដូចម្តេច។

តាមការសង្កេត ស្រាវជ្រាវអំពីសង្គមខ្មែរ ក្រោមកិច្ចដឹក នាំនៃគណបក្ស  ប្រជាជនកម្ពុជា ដែលយក រាជាធិប តេយ្យ ជារនាំង ជាខែល ជាផ្លាកបង្ហាញពលរដ្ឋខ្មែរ និង បង្ហាញអន្តរជាតិថា កម្ពុជា ជារាជាណាចក្រ មានមហាក្សត្រគ្រងរាជ្យ ជារបប រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (constitutional monarchy) ប្រកាន់យកលទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស (liberal multi-party democracy) មានស្ថាប័នរដ្ឋឯទៀត ដូចជា រដ្ឋសភា ព្រឹទ្ធ សភា តុលាការ ក្រុម ប្រឹក្សាធម្មនុញ្ញ មានស្ថាប័នសាស នា ព្រះសង្ឃទាំងពីរគណៈ គឺគណៈមហានិកាយ និង ធម្មយុត្តិកនិកាយ មានបោះឆ្នោតរៀងរាល់ប្រាំឆ្នាំម្តងតាមកាលកំណត់។ ទោះជាមានលក្ខណៈ ទាំងអស់បែបនេះក្តី វាមិនទាន់គ្រប់គ្រាន់តាមក្បួនខ្នាត តាមលក្ខណៈសម្បត្តិ ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនោះទេ។ នៅកម្ពុជា ស្តេចសោយរាជ្យមិនផ្តាច់ការមែន (absolute monarchy) ប៉ុន្តែ បណ្តោយឲ្យប្រមុខរដ្ឋាភិបាលកាន់អំណាចផ្តាច់មុខ មិនគោរដ្ឋធម្មនុញ្ញ (authoritarianism)។

របៀបគ្រប់គ្រង ដឹកនាំប្រទេសជាតិបែបក្លែងបន្លំភ្នែកនេះ ផ្តល់ឱកាសឲ្យអាជីវករ ពាណិជ្ជករ ឈ្មួញខូចៗ រក ស៊ីគៃ ប្រវ័ញ្ច លួចបន្លំ ទាញផលចំណេញយកខ្លួនឯងពីធនធានធម្មជាតិ និង ពីសេដ្ឋកិច្ចជាតិខ្មែរ។ ពេលគេបានកើបទ្រព្យសម្បត្តិស្តុកស្តម្ភហើយ គេក្លាយខ្លួនជា សេដ្ឋី រួចទិញងារ ឧកញ៉ា។ ក្នុងទសវត្ស១៩៩០ ងារឧកញ៉ាម្នាក់ ទិញក្នុងតម្លៃប្រមាណ ១០ ម៉ឺនដុល្លារអាមេរិក។ តាមប្រពៃណីខ្មែរសម័យបុរាណ សេដ្ឋី ទោះជាមានទ្រព្យកម្ពស់ណាក៏ដោយ ក៏ត្រូវមានសញ្ញាប័ត្រទទួលស្គាល់ពីព្រះមហាក្សត្រដែរ។ ក្រោយពីព្រះមហាក្សត្រប្រទាន សញ្ញាប័ត្រ ឬ សេដ្ឋីឆត្រ គឺស្វេតឆត្រសម្រាប់យសស័ក្តិជាសេដ្ឋី កូនប្រុសសេដ្ឋី គេហៅថា សេដ្ឋីបុត្រ កូនស្រីសេដ្ឋី គេហៅថា សេដ្ឋីធីតា។

មុននឹងជម្រាបអំពីពាក្យ ឧកញ៉ា យើងសូមអធិប្បាយអំពីពាក្យថា សេដ្ឋី ភាសារអង់គ្លេស តាមការទូតហៅថា millionaire ឬ billionaire បើមានច្រើនពាន់លាន តែក្រៅផ្លូវទូតហៅថា ថៃឃូន(tycoon) ដែលមានន័យថា អ្នករកស៊ីមានភោគសម្បត្តិស្តុកស្តម្ភ ហើយមានឥទ្ធិពលក្នុង ដែនមុខរបររបស់ខ្លួន។ ថៃឃូន (tycoon) មានឫសគល់ពីភាសាជប៉ុនសម័យបុរាណ អំឡុងសតវត្សទី១៩ (១៨៦០ជាង) អានថា តៃគូន (taikun) ប្រែថា មេកន្ទ្រាញ មេទ័ព នៃក្រុមយោធា ស្ហូហ្គុន (shogun) ដែលមានន័យស្មើនឹងពាក្យខ្មែរថា ស្តេចក្រាញ់ ម្ចាស់ទឹកដី ឬ សេនាបតី ហើយដែលមានន័យស្មើនឹងពាក្យខ្មែរប្រើក្នុងសម័យបុរាណថា ចៅហ្វាយសេនា ឬ មហាមាត្យ ឬ ព្រះបាទអស់ជំនុំ។

សេដ្ឋី ស្រុកខ្មែរ ទិញងារ ឧកញ៉ា តាមរយៈការធ្វើវិភាគទានផ្សេងៗ ដែលមេដឹកនាំត្រូវការរួចនាយករដ្ឋមន្រ្តីស្នើទៅព្រះមហាក្សត្រ រួចព្រះមហាក្សត្រចេញព្រះរាជក្រឹត្យប្រទានសញ្ញាប័ត្រ ប្រទានងារ។ ប៉ុន្មានឆ្នាំមុន លោក ហ៊ុន សែន បានតម្លើងថ្លៃងារ ឧកញ៉ា ដល់ ៥០ម៉ឺន ដុល្លារ។ ឧកញ៉ាខ្លះមានឈ្មោះរកស៊ីកាប់ឈើ កាយដីខ្សាច់ ជីករ៉ែខុសច្បាប់ យកដីធ្លីរាស្រ្តបណ្តេញប្រជា ពលរដ្ឋខ្មែរ និង ជនជាតិភាគតិច ចេញពីទីលំនៅ ភូមិ កំណើត។ ឧកញ៉ាខ្លះទៀតមានឈ្មោះរកស៊ីលួចនាំទំ និញគេចពន្ធ រត់ពន្ធគ្រឿងញៀនឆ្លងដែន ឆ្លងប្រទេស។

ពាក្យ ឧកញ៉ា តាមអត្ថន័យសមហេតុផលមួយក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត នៅឆ្នាំ ១៩១៤ បកស្រាយ ពន្យល់ដោយអត្ថកោវិទ ឬ អ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ ថាមកពីពាក្យខ្មែរ ឧក ប្រែថាត្រួតត្រាពេញអំណាច បូកនឹងពាក្យបាលី ញា ប្រែថា ដឹង ចេះ ស្គាល់។ បូកពាក្យទាំងពីរនេះបញ្ចូលគ្នា មានន័យថា អ្នកចេះត្រួតត្រា មុខការក្នុងក្រសួង ឬ នាទីរបស់ខ្លួន តាមរាជោវាទ រាជបញ្ជា ឬ ព្រះរាជឱង្ការ។ ក្នុងច្បាប់ទម្រង់ ស័ក្តិខ្មែរពីសម័យមុន ឧកញ៉ា ជាថានន្តរស័ក្តិមន្រ្តីខ្ពស់ជាងទី ព្រះ នៅជាប់ជាមួយស្តេច ជាអ្នកមានគុណបំណាច់ខ្ពស់ចំពោះជាតិ និង ទឹកដី ជាអ្នកគួរជាទីទុកចិត្ត ជាទីប្រឹក្សាដ៏ជំនិតរបស់ព្រះរាជា ជាអ្នកការពារព្រះរាជបល្ល័ង្ក និង ជាអ្នកការពារប្រយោជន៍ប្រជារាស្រ្តជំនួសស្តេចផែនដីតាមរាជបំណង។

ថានន្តរស័ក្តិ ឧកញ៉ា មានបីថ្នាក់ គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា។ បើតាមអត្ថកោវិទ ឬ អ្នកប្រាជ្ញខ្មែរឯទៀត គេឲ្យនិយមន័យពាក្យ ឧកញ៉ា ស្មើនឹងន័យថា អ្នកចេះ អ្នកដឹងអ្នកស្គាល់ការគោរពព្រះព្រហ្ម ឬ ព្រះឥសូរ ដែលមានន័យ ដឹងបាប ដឹងបុណ្យ។ អ្នកប្រាជ្ញខ្មែរខ្លះទៀត បកស្រាយ ឲ្យន័យថា អ្នកចេះ ដឹង ស្គាល់ការនិយាយស្តី ដែលបានសេចក្តី អ្នកចេះ ដឹង ស្គាល់ខុស ស្គាល់ត្រូវ មិនរំលោភ មិនបំពានអ្វីផ្ទុយពីមាត្រាច្បាប់។ អត្ថន័យនៃពាក្យខ្មែរថា ឧកញ៉ា មានន័យល្អប្រសើរ ប្រពៃដូច្នោះហើយ បានជាក្នុងនគរមានស្តេច គេយកពាក្យ ឧកញ៉ា ធ្វើជាថានន្តរស័ក្តិ ជាគោរម្យងារដាក់ខាងមុខ នាម និង គោត្តនាម របស់មនុស្សល្អៗនាសម័យមុន។ ក្នុងសម័យដើម ខ្មែរប្រើពាក្យ ឯកឧកញ៉ា ឬហៅខ្លីថា ឯកឧក សម្រាប់មន្រ្តីជាន់ខ្ពស់ក្រោមព្រះរាជា មិនប្រើពាក្យ ឯកឧត្តម ទេ។ សម័យក្រោយមកនេះ ខ្មែរប្រើពាក្យ ឯកឧត្តម ដែលមានន័យថា ឧត្តមលើសលែង ឲ្យស្មើនឹងពាក្យបារាំងថា Excellence ឬ អង់គ្លេសថា Excellency។ សព្វថ្ងៃនេះ ឯកឧត្តម មានហៅសំដៅមន្រ្តីស្ទើរតែគ្រប់ជាន់ថ្នាក់៖ មន្រ្តីពុករលួយរលេះ ក៏ហៅថា ឯកឧត្តម ពួកចោរ មិនថាជនបរទេស មិនថាខ្មែរ ឲ្យតែមានលុយគរដូចភ្នំ ក៏គេអាចទិញងារ ឧកញ៉ា បានដែរ។ 

ដោយមកពីពាក្យខ្មែរ ឯកឧត្តម សំដៅតែទៅលើមន្រ្តីជាន់ខ្ពស់ប្រុសៗ គេនិយមយកពាក្យ ជំទាវ ប្រើទៅលើមន្រ្តីជាន់ខ្ពស់ភេទស្រី ដែលមានន័យស្មើនឹងពាក្យ លោកស្រី។ ប៉ុន្តែ ពាក្យ ជំទាវ តាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត ថាទំនងជាមកពីការលាយឡំវប្បធម៌រាជស័ព្ទ រវាងខ្មែរ និង សៀម សម័យបុរាណ បានជាមានពាក្យនេះ។ ជំទាវ ជាងារដែលព្រះមហាក្សត្រ ទ្រង់សព្វ ព្រះទ័យ ទ្រង់ប្រោសព្រះរាជទានតែងតាំង តែពុំមាន ន័យប្រសើរអស្ចារ្យអ្វីទេក្នុងភាសាខ្មែរ។

អ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ ថា អាចប្រើក្លាយមកពីពាក្យសៀមថា ប្រៈចាំថាវ មកជាប្រៈចាំទាវមកជា ជំទាវ ព្រោះថាពាក្យ ប្រៈចាំថាវ ឬ ហ្យីងចាំថាវ សម័យបុរាណសៀមប្រើពាក្យនេះសំ រាប់ហៅស្រ្តីអង្គុយ បត់ជើងក្រោមប្តីថា ប្រៈចាំថាវ ឬ ស្រ្តីប្រចាំជើង  គឺមានន័យថា ស្រ្ដីអ្នកនៅប្រចាំការបម្រើជិតជើងស្វាមី ដែលមានន័យថា ភរិយា។ ពាក្យខ្មែរថា នាហ្មឺន នាសែន ក៏ក្លាយពីពាក្យសៀម ណាម៉ឺន ណាសែន ដែលមានន័យថាមន្រ្តីធំ មានមុខងារត្រូវបានស្រែ ១ហ្មឺន ឬ ស្រែ ១ សែន។

ចំពោះ ឧកញ៉ា យើងសូមស្រង់ឈ្មោះឧកញ៉ាដប់រូបមុន ដែលមានក្រសួងការបរទេសស.រ.អា ធ្លាប់រាយការណ៍តាមរយៈទូរលេខសម្ងាត់ពីស្ថានទូតរបស់គេប្រចាំនៅប្រទេសមកម្ពុជា ហើយបញ្ចេញឲ្យដឹងជាសាធារណៈនៅឆ្នាំ២០០៧ ដោយ អង្គការ WikiLeaks

ទោះជាដូចនេះក្តី ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបរទេសខ្លះ ឧស្សាហ៍ស្វាគមន៍ ដឹកនាំគណៈប្រតិភូ ឧកញ៉ាទាំងនោះទៅដាក់ទុនរកស៊ីនៅប្រទេសរបស់គេរៀងៗខ្លួន។

១. គិត ម៉េង បានទទួលគោរម្យងារ ឧកញ៉ា តាមព្រះរាជក្រឹត្យលេខ ០៣៩៦/១៧ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៦។ ពាណិជ្ជករពីរនាក់ទៀត ដែលបានទទួលគោរម្យងារ ឧកញ៉ា នៅថ្ងៃ ខែ ឆ្នាំជាមួយនឹង ឧកញ៉ា គិត ម៉េង គឺ ឧកញ៉ា ថៃ សេងឡុង តាមព្រះរាជក្រឹត្យលេខ ០៣៩៦/១៦ និង ឧកញ៉ា ស្រី លាងឈាង តាមព្រះរាជក្រឹត្យលេខ ០៣៩៦/១៨។ ឧកញ៉ា គិត ម៉េងអ្នកការទូតអាមេរិកាំងឲ្យ រហស្សនាម ក្នុងទូរលេខសម្ងាត់ថា បុរសដៃឆៅមាត់ឆៅ  (Mr. Rough Stuff)។ គិត ម៉េង កើតឆ្នាំ១៩៦៨ រៀនបានបរិញ្ញាប័ត្រនៅសកលវិទ្យាល័យ ប្រទេសអូស្រ្តាលី ។ អ្នកធ្លាប់ស្គាល់ ដូចជាលោក Michael Stephen ប្រធាន អគ្គនាយក ធានាគារ មេ កុង ពណ៌នាថា គិត ម៉េង ជាមនុស្ស វ័យក្មេង ជើងអ្នកលេងគ្មានធម៌មេត្តា។ អាជីវករខ្មែរម្នាក់ទៀត ពណ៌នាថា គិត ម៉េង ល្បីខាងប្រើអង្គរក្សរបស់ខ្លួនទៅសម្លុតអ្នកដទៃឲ្យយល់ព្រម ចរ ចារកស៊ីជាមួយគ្នា។ ឧកញ៉ា គិត ម៉េង ក្នុងថានៈជាមេជំនួញ ធ្វើជាប្រធានអគ្គនាយកបណ្តុំ ក្រុមហ៊ុន រ៉ូយ៉ាល់ហ្រ្គុប Royal Group of Companies (RGC) ដែលមានក្រុមហ៊ុនចំណុះជាច្រើន ដូចជា ក្រុមហ៊ុនទូរស័ព្ទចល័ត ខាំជីអេសអឹម (Cam GSM Co.) ទូរទស្សន៍ខ្សែកាប ស៊ីធីអិន(Cambodia Television Network=CTN) ក្រុមហ៊ុន ភ្នាល់បាល់ទាត់ Cambo Six European SoccerBetting ក្រុមហ៊ុន ចាក់លេខឆ្នោត (CamLot Lottery Co.) ក្រុមហ៊ុន ចែកចាយផ្តាច់មុខផលិត ផលជប៉ុន កាណុង (Canon Products) សាលា រៀនអន្តរជាតិ  Northbridge និង សណ្ឋាគារ  Cambodiana។ ឧកញ៉ា គិត ម៉េង ចូលហ៊ុនជាមួយធនាគារអូស្រ្តាលី ANZ មានហ៊ុន៤៥% ហើយដាក់ ឈ្មោះថា ANZ Royal Bank នៅឆ្នាំ២០០៥។ បន្ទាប់មក ឧកញ៉ា គិត ម៉េង បើកក្រុមហ៊ុនធានារ៉ាប់រងឈ្មោះ Infinity General Insurance ចូលហ៊ុននឹងក្រុមហ៊ុន ម៉ាឡេស៊ី នៅក្រុងកួឡាឡំពួ Infinity Financial Solutions។ ប៉ុន្មានឆ្នាំមុននេះ ឧក ញ៉ា គិត ម៉េង មានឈ្មោះផ្សាយក្នុងកាសែតថា មានទាក់ទងនឹងរឿងរកស៊ីកាប់ឈើ ទិញឈើដឹកឈើ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.