មន្ត្រីជាន់ខ្ពស់នៃសហជីពរបស់ប្រទេសជប៉ុន ថា ពួកគេនឹងមិនបញ្ឈប់ការទាមទារដាច់ខាត ប្រសិនបើកម្មករនិយោជិតដែលរងការធ្វើបាបមិនទាន់ទទួលបានយុត្តិធម៌

មន្ត្រីជាន់ខ្ពស់នៃសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន អះអាងជាថ្មីទៀតថា ក្រុមសហជីពការពារសិទ្ធិ សិក្ខាកាម ឬពលករ បរទេស នឹងតស៊ូជីកឫស ជីកគល់ ប្រយុទ្ធប្រឆាំងជំទាស់ទៅនឹងការ រំលោភបំពាន សិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលបានកើតឡើងពីសំណាក់ក្រុមហ៊ុន តុកាស៊ឺ ហ្វូត (TOKATSU FOOD ) នៅក្នុងប្រទេសជប៉ុន អូសបន្លាយអស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ។

មន្ត្រីជាន់ខ្ពស់នៃសហជីព ក្នុងទីក្រុងតូក្យូ លោក មូណាប៊ូ សាតុ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ក្រុមហ៊ុនកាហ្វេរ Starbucks  គួរតែចូលរួមបំពេញការទទួលខុសត្រូវកិច្ចការសង្គមរបស់ខ្លួនឲ្យបានពេញលេញ ក្នុងការផ្តល់យុត្តិធម៌ដល់ពលករខ្មែរ ដែលរងការរំលោភបំពានពីក្រុមហ៊ុន តុកាស៊ឺ ហ្វូត (TOKATSU FOOD) ដែលដៃគូសហការរបស់ខ្លួន។ 

លោកបញ្ជាក់ថា ក្នុងនាមក្រុមហ៊ុនដៃគូអាជីវកម្មក៏ត្រូវមានការទទួលខុសត្រូវចំពោះរឿងរ៉ាវអយុត្តិធម៌ដែលបានកើតឡើងក្នុងក្រុមហ៊ុនដែលបានសហការជាមួយ ប៉ុន្តែជារឿងគួរឲ្យចម្លែកដែល ភាគីក្រុមហ៊ុន កាហ្វេរ Starbucks មិនបានជួយដោះស្រាយការរំលោភសិទ្ធិមនុស្សរបស់ក្រុមហ៊ុនវិចខ្ចប់ តុកាស៊ឺ ហ្វូត (TOKATSU FOOD) ទាល់តែសោះ ក្នុងឋានៈជាក្រុមហ៊ុនដៃគូពាណិជ្ជកម្ម។

លោក មូណាប៊ូ សាតុ អះអាងថា លោកនឹងធ្វើយុទ្ធនាការប្រមូលស្នាមមេដៃពីមនុស្សទូទៅជុំវិញពិភពលោក ដើម្បីជំរុញឲ្យក្រុមហ៊ុន កាហ្វេមួយនេះ ដាក់សំពាធលើកក្រុមហ៊ុន តុកាស៊ឺ ហ្វូត (TOKATSU FOOD ) ដើម្បីផ្តល់យុត្តិធម៌ជូនពលករខ្មែរ ដែលត្រូវក្រុមហ៊ុននេះ រំលោភសិទ្ធិការងារ ដោយការបង្ខំឲ្យឈប់ពីការងារ និងចាប់បញ្ជូនពួកគេត្រឡប់ទៅកម្ពុជា វិញ កាលពីពេលកន្លងមក។

សហជីព General Support Union-NPO/POSSE បានធ្វើសន្និសីទសារព័ត៌កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន ស្តីអំពីការគាបសង្កត់ រំលោភសិទ្ធលើពលករខ្មែរ ពីសំណាក់ក្រុមហ៊ុន តុកាស៊ឺ ហ្វូត (TOKATSU FOOD) ដើម្បីទាមទារឲ្យក្រុមហ៊ុនដៃគូ គឺក្រុមហ៊ុន កាហ្វេស្តារបាក់ ជួយរកយុត្តិធម៌លើបញ្ហានេះ។

សមាជិកសហជីព General Support Union-NPO/POSSE អ្នកស្រី    តាកិម៉ូរ៉ា ជនជាតិជប៉ុន ដើមកំណើតខ្មែរ អះអាងថា ប្រសិនបើក្រុមហ៊ុន កាហ្វេ Starbucks មិនអាចផ្តល់យុត្តិធម៌ដាក់សំពាធដល់ក្រុមហ៊ុន តុកាស៊ឺ ហ្វូត (TOKATSU FOOD) ដើម្បីឲ្យផ្តល់យុត្តិធម៌ជូនពលករខ្មែរ ដែលរងភាពអយុត្តិធម៌ទាំងនោះទេ អ្នកស្រីនឹងដឹកនាំការទាមទារដល់ទីបញ្ចប់។

កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន តុកាស៊ឺ ហ្វូត (TOKATSU FOOD)  ធ្លាប់បានរំលោភច្បាប់ការងារលើពលករខ្មែរ ដោយពួកគេបានបញ្ឈប់ពលករទាំងនោះទាំងបង្ខំ និងបានចាប់បញ្ជូនពួកគេ ឲ្យត្រឡប់ទៅកម្ពុជា វិញដោយមិនបង់ប្រាក់សំណង ខណៈកិច្ចសន្យាការងាររបស់ពួកគេជាមួយ ក្រុមហ៊ុននៅមានសុពលភាពនៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ The Cmabodia Daily នៅមិនទាន់អាចសុំការបកស្រាយ ឬការបំភ្លឺណាមួយពីក្រុមហ៊ុន តុកាស៊ឺ ហ្វូត (TOKATSU FOOD)  និងក្រុមហ៊ុន កាហ្វេរ Starbucks នៅឡើយទេ ពាក់ព័ន្ធការទាមទារសំណងទៅលើការចោទប្រកាន់អំពីការចាប់បញ្ជូនពលករខ្មែរ ឬសិក្ខាកាមខ្មែរត្រឡប់ទៅប្រទេសកម្ពុជាវិញទាំងខុសច្បាប់នោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.