មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ព្រមានវិធានការច្បាប់ចំពោះអ្នកចែកចាយបន្តនូវព័ត៌មានមិនពិត

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានព្រមានពីវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលចែករំលែក ឬ ស៊ែរ(Share) នូវរាល់ព័ត៌មានមិនពិត នៅលើបណ្តាញសង្គម។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៩ខែកុម្ភៈនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព អ្នកចែករំលែកឬShare ព័ត៌មានមិនពិតនៅលើបណ្តាញសង្គម នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ឬជាកម្មវត្ថុនៃការស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ច ដូចគ្នាទៅនឹងអ្នកបង្កើតនូវព័ត៌មានមិនពិតផងដែរ។
លោក បញ្ជាក់ថា សម្រាប់អ្នកចាប់ផ្តើមអំពីការបញ្ចេញនូវព័ត៌មានមិនពិតនេះ គឺជាការទទួលខុសត្រូវមួយរបស់ជននោះ ប៉ុន្តែសម្រាប់អ្នកដែលចែកចាយបន្តនូវព័ត៌មានមិនពិត ក៏ជាប់ក្នុងកម្មវត្ថុនៃការស្រាវជ្រាវរបស់សមត្ថកិច្ចទៀតផង។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បន្ថែមទៀតថា អ្នកដែលបង្កើតនូវព័ត៌មានក្លែងក្លាយឬព័ត៌មានមិនពិតនោះ នឹងត្រូវប្រឈមការចោទប្រកាន់ពីបទ«ញុះញង់» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ មាត្រានេះ បានចែងពីការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ រៀល ទៅ ៤ ០០០ ០០០ រៀល។
ការព្រមានពីវិធានការច្បាប់ចំពោះអ្នកចែករំលែកបន្តនូវព័ត៌មានមិនពិតនេះ ស្របគ្នាទៅនឹងវិធានការដែលសង្គមស៊ីវិលហៅថាជាការ រឹតត្បិតសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតដែលរដ្ឋាភិបាលកំពុងធ្វើ។
ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយស្តីពីការ បង្កើតច្រកទា្វរអ៊ីនធឺណិតជាតិ ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធិភាព និងសក្កិសិទ្ធភាពនៃការគៀងគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណិជាតិផងដែរ។
ទោះបីជាយ៉ាងនេះក្តី អង្គការ សមាគមន៍ និងសម្ព័ន្ធអ្នកសារព័ត៌មានប្រមាណជិត ១០០ ស្ថានប័ន បានចេញសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជានិរាករណ៍អនុក្រឹត្យស្តីពីការបង្កើតច្រកទា្វរអ៊ីនធឺណិតជាតិនេះ។ ពួកគេលើកឡើងថា ការបង្កើតច្រកទា្វរអ៊ីនធឺណិតជាតិនេះគឺកំពុងរឹតត្បិតលើសេរីភាពក្នុងការបញ្ចេញមតិ និងទទួលបានព័ត៌មាន ដែលជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ។
កាលពីចុងឆ្នាំ២០២០ ក្រុមអង្គការសង្គមស៊ីវិល បានចេញស្នើទៅរដ្ឋាភិបាលឱ្យបញ្ឈប់ការប្រើប្រាស់នូវបទចោទញុះញង់ ដែលជាបទចោទប្រកាន់យ៉ាងពេញនិយម។ ពួកគេលើកឡើងថា បទចោទប្រកាន់នេះ គឺជាការដើរផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ និងជាការប្រើប្រាស់ដើម្បីរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋទៀតផង។
ចាប់តាំងពីចុងឆ្នាំ២០២០មក មានសកម្មជននយោបាយ សកម្មជនបរិស្ថាននិង សង្គម អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមិនតិចជាង៣០នាក់ឡើយដែលត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ពួកគេពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សង្គម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.