គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដាក់ផែនការកាត់បន្ថយគ្រោះហានិភ័យលើពលរដ្ឋខ្មែរនៅឆ្នាំបន្ទាប់

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា បានលើកឡើង ពីផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយ គ្រោះមហន្តរាយឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយឱ្យបានកាន់តែខ្ពស់សម្រាប់ពលរដ្ឋខ្មែរ។

អនុប្រធាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត លោក គន់ គីម អះអាងថា ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាការងារប្រទាក់ក្រឡាគ្នាដែលមិនអាចស្ថាប័នណាមួយអនុវត្តតែម្នាក់ឯងបានឡើយ គឺត្រូវមានការសម្របសម្រួលឱ្យបានល្អ មានកិច្ចខិតខំប្រឹងប្រែងគ្រប់វិស័យ អនុវត្តរួមគ្នាដោយក្រសួងស្ថាប័ន រដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ជាដើម។

លោក គន់ គីម បញ្ជាក់ថា ការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ចាំបាច់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជនត្រូវយកតួនាទីរបស់ខ្លួន ដើម្បីចូលរួមកាត់បន្ថយហានិភ័យនេះ ដែលអាចផ្តល់លទ្ធភាពឱ្យសហគមន៍ និងប្រទេសជាតិ អាចទប់ទល់នឹងផលប៉ះពាល់ ដោយសារគ្រោះមហន្តរាយនានា។

ការអះអាងនេះធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៣ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៣០ អ.ន.ក្រ ប.ក ដែលបានចុហត្ថលេខាដោយប្រមុខ រដ្ឋាភិបាលកម្ពុជាកាលពីមេសា ឆ្នាំ២០០២។ គណកម្មាធិការនេះបានរៀបចំក្រុមការងារចាប់ពីថ្នាក់ជាតិ តាមក្រសួង ស្ថាប័ន រហូតដល់ថ្នាក់ក្រោមជាតិ ខេត្ត ក្រុង ស្រុកខ័ណ្ឌ ផងដែរ។

មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សរបស់សមាគមន៍អាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោកនៅមានការព្រួយបារម្ភចំពោះការអនុវត្តរបស់                 គណកម្មាធិការនេះនៅឡើយ ព្រោះថា កន្លងមក ធ្លាប់មានកាអនុវត្តដោយមិនមានភាពស្មើគ្នា គឺនៅមានការជួយសង្គ្រោះដោយរើសមុខជនរងគ្រោះផងដែរ។

លោក អះអាងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់មួយចំនួនមានការរអ៊ូរទាំពីការចែកជំនួយសង្គ្រោះរបស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនេះថា មានភាពលំអៀង ដោយមានការរើសអើង ចំពោះក្រុមសហគមន៍អ្នកដែលបានតវ៉ាទាមទារសិទ្ធិសេរីភាពជាដើម។

លើសពីនេះ ដូចជា សកម្មជនដីធ្លី សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុសស្ស ជាពិសេស និង សកម្មជននយោបាយ ផងដែរ ដូច្នេះគណ កម្មាធិការនេះគួរតែប្រមូលព័ត៌មានពីការរិះគន់ទាំងនេះឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីធ្វើការកែលម្អរ។

កាលពីខែតុលា ឆ្នាំ២០២០ ក្នុងអំឡុងពេលគ្រោះដោយទឹកជំនន់ រដ្ឋាភិបាលកម្ពុជា បានទទួលការបរិច្ចាគជំនួយឧបត្ថម្ភពីសប្បុរសជនខ្មែរជាង ៧លានដុល្លារអាមេរិក ដើម្បីយកទៅជួយសង្គ្រោះពលរដ្ឋរងគ្រោះ។

ដោយឡែក ក្នុងពេលខ្វះខាតថវិកាជាតិទិញថ្នាំបង្ការជំងឺកូវីដ១៩ ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានជួយឧបត្ថម្ភដល់រដ្ឋាភិបាលជាង ៥០លានដុល្លារអាមេរិក បន្ថែមទៀត។

អ្នកឃ្លាំមើលសង្គម រិះគន់ថា រដ្ឋាភិបាលកម្ពុជាហាក់ពុំមានផែនការច្បាស់លាស់ក្នុងការត្រៀមបម្រុងថវិកាជាតិសម្រាប់ ជួយពលរដ្ឋប៉ះទង្គិចដោយគ្រោះមហន្តរាយនោះទេ ផ្ទុយទៅវិញ ពេលមានគ្រោះមហន្តរាយម្តងៗ ឃើញតែរៃលុយពីពលរដ្ឋក្រីក្រប៉ុណ្ណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.