អាមេរិកប្រកាសរឹបអូសលុយរបស់ អ៊ីរ៉ង់៧ពាន់លានដុលា្លរចែកអោយជនរងគ្រោះដោយសារអំពើភេរវកម្ម

នៅទីបំផុតរដ្ឋការរបស់លោកដូណាល់ត្រាំ បានសម្រេច រឹបអូសលុយ របស់អ៊ីរ៉ង់ ដែលមានប្រមាណជា ៧ពាន់លានដុល្លារ ដោយបង្វែរ ទៅផ្ដល់អោយជនរងគ្រោះ  ដោយសារអំពើភេរវកម្ម ប៉ុន្តែជនរងគ្រោះទាំងនោះគឺជាពលរដ្ឋអាមេរិក។

សេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេស អាមេរិក បានប្រកាសដូចនេះ ដោយស្រង់មកចុះផ្សាយដោយសារព័ត៌មាន អាមេរិក UPI  កាលពីថ្ងៃទី៥មករា ឆ្នាំ២០២១។ តាមប្រភពដដែលនេះ លុយទាំងនេះ គឺជាផ្នែកមួយកើតចេញពីវិធានការរបស់រដ្ឋាភិបាលអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ហើយការរឹបអូសប្រាក់ទាំងនេះ គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកទៅលើប្រទេស អ៊ីរ៉ង់។

ទ្រព្យសម្បត្តិនិងហិរញ្ញវត្ថុទាំងនោះ គឺជារបស់ក្រុមបណ្ដាញឧក្រិដ្ឋកម្ម ពាក់ព័ន្ធនឹង ក្រុមភេរវកម្មដែល អ៊ីរ៉ង់នៅពីក្រោយ។ នេះបើតាម អគ្គរដ្ឋអាជ្ញារង David Burns នៃក្រសួងយុត្តិធម៌ អាមេរិក។

ជាមួយគ្នានេះ ក្រសួងការយុត្តិធម៌ អាមេរិក បានចោទទៅលើអ្នកជំនួញ ជនជាត់អ៊ីរ៉ង់ ចំនួន៣នាក់និងក្រុមហ៊ុនរបស់អ៊ីរ៉ងជាច្រើន ពីបទលាងលុយកង្វក់ ពាក់ព័ន្ធនឹងធនាគារនៃ ប្រទេសកូរ៉េខាងត្បូង ដែលមានជិតមួយពាន់លានដុល្លារអាមេរិក ហើយហិរញ្ញវត្ថិទាំងនោះ មាននៅក្នុងប្រទេសកូរ៉េខាងត្បូង និងខ្លះទៀតនៅបណ្ដាប្រទេសផ្សេងៗទៀត។

បើតាមសារព័ត៌មាន The Guardian  អ៊ីរ៉ង់ ដែលរឹបអូស នាវាដឹកប្រេងរបស់ កូរ៉េខាងត្បូងមួយគ្រឿង គឺអ៊ីរ៉ង់ចង់អោយសងមកអ៊ីរ៉ង់វិញនូវ ការបង្កកលុយ៧ពាន់លានដុល្លារ។ រដ្ឋាភិបាលអ៊ីរ៉ង់បានចោទកូរ៉េខាងត្បូងពីបទបង្កកលុយអ៊ីរ៉ង់ដោយអត្តនោម័ត។

ការចោទរបស់អ៊ីរ៉ង់នេះបានធ្វើឡើង ក្រោយពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសពីការចាប់នាវាដឹកប្រេងមួយគ្រឿងដែលដោតទង់ជាតិកូរ៉េខាងត្បូងនៅក្នុងតំបន់ឈូងសមុទ្រពែក្សកាលពីថ្ងៃចន្ទ ទី៤ ខែមករា។ នៅមុនការ រឹបអូសនាវារបស់កូរ៉េខាងត្បូង របបនៅអ៊ីរ៉ង់ បានបង្ហាញ សញ្ញា អោយរដ្ឋាភិបាលកូរ៉េខាងត្បូង មកចរចានឹងខ្លួន ដើម្បីដោះស្រាយករណីលុយ៧ពាន់លានដុល្លារ។ 

តាមសារព័ត៌មានរបស់ អ៊ីរ៉ង់ Tehran Times បានចុះផ្សាយថា រដ្ឋាភិបាលអ៊ីរ៉ង់ ត្រូវការលុយទាំងនេះ ដើម្បី ទៅទិញ វ៉ាំងសាំង កូវិដ-១៩។

ក្រោយពីការចាប់រឹបអូសនាវាដឹកប្រេងរបស់ កូរ៉េខាងត្បូងដោយ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅក្នុងតំបន់ឈូងសមុទ្រពែក្ស រដ្ឋាភិបាលកូរ៉េខាងត្បូងបានទាមទារឲ្យអ៊ីរ៉ង់ដោះលែងនាវា និងបុគ្គលិកបម្រើការទាំង ២០នាក់នៅលើនាវានោះអោយមានសេរីភាពឡើងវិញ។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងលោក Choi You Sun បានប្រកាសថា គណៈប្រតិភូកូរ៉េខាងត្បូងមួយក្រុមអាចនឹងធ្វើដំណើរទៅកាន់អ៊ីរ៉ង់ ដើម្បីដោះស្រាយបញ្ហាទ្វេភាគីជាមួយអ៊ីរ៉ង់។

អ្នកនាំក្រសួងការបរទេសអ៊ីរ៉ង់ Saeed Khatibzadehបាននិយាយថា ការចាប់នាវាដឹកប្រេងដែលដោតទង់ជាតិកូរ៉េខាងត្បូងបានធ្វើឡើងតាមសេចក្តីសម្រេចរបស់តុលាការ ក្រោយពីនាវានោះបានបង្កការបំពុលប្រេងក្នុងទឹកសមុទ្រដែលជាទង្វើរំលោភច្បាប់ស្តីពីបរិស្ថានសមុទ្រ។

បើតាមអ្នកនាំពាក្យ  ករណីនេះមិនមែនជាការចាប់ជំរិតនោះទេ។ មន្ត្រីអ៊ីរ៉ងដដែលនេះអះអាងថា គឺ កូរ៉េខាងត្បូងបានបង្កកលុយអ៊ីរ៉ង់ចំនួន ៧ ពាន់លានដុល្លារ គឺអនុវត្តតាមការទណ្ឌរបស់កម្មអាមេរិកដាក់លើអ៊ីរ៉ង់។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់រូបនេះយល់ថា ការដែលកូរ៉េខាងត្បូងមិនព្រមឲ្យអ៊ីរ៉ង់ប្រើលុយរបស់អ៊ីរ៉ង់ដើម្បីទិញចំណីអាហារ និងទីញវាំងសាំងកូវិដ គឺអាក្រក់ណាស់។ ទោះជាបែបណា អ៊ីរ៉ង់ អះអាងថា ករណីរឹបអូសនាវាកូរ៉េខាងត្បូង មិនមែនជាវិធានការសងសឹកអ្វីនោះទេ។

ករណីរឹបអូស នាវាកូរ៉េខាងត្បូង ដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅ កើតឡើងក្នុងច្រកសមុទ្រ Hormuz នៃឈូងសមុទ្រពែក្យ ។ នាវារបស់កូរ៉េខាងត្បូង ផ្ទុកសារធាតុអេតាណុលចំនួន៧,២០០តោន និងមាននាវិកចំនួន២០នាក់ ក្នុងនោះ១១នាក់ជនជាតិមីយ៉ាន់ម៉ា ៥នាក់ជនជាតិកូរ៉េខាងត្បូង ២នាក់ជនជាតិឥណ្ឌូនេស៊ី និង២នាក់ជនជាតិវៀតណាម។ អ៊ីរ៉ង់ អះអាងថាការចាប់ឃាត់នាវានេះដោយសារតែវាបានបំពុលទឹកសមុទ្រនៃច្រកសមុទ្រ Hormuz ។

អ្នកស្រី Kang Kyung-wha រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងប្រាប់ក្រុមអ្នកសាព័ត៌មានកាលថ្ងៃទី៥មករាថា កូរ៉េខាងត្បូងកំពុងប្រើប្រាស់យន្តការការទូតជាមួយអ៊ីរ៉ង់ដើម្បីបាននាវាមកវិញ ក៏ដូចជាការដោះលែងនាវិកទាំង២០នាក់។ តែអ្នកស្រីព្រមានថា កូរ៉េខាងត្បូងកំពុងស្វែងរកការចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ។

ការរឹបអូសនាវារបស់កូរ៉េខាងត្បូង  អាចជាការផ្ញើសារទៅកាន់ប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ក្នុងកិច្ចសហការអនុវត្តទណ្ឌកម្មរបស់អាមេរិក ខណៈអ៊ីរ៉ង់អាចគ្រប់គ្រងបានពេញណែននៃច្រកសមុទ្រ Hormuz ដែលជាផ្លូវឆ្លងកាត់របស់នាវាដឹកប្រេង សម្រាប់តំបន់មជ្ឈឹមបូព៌ា៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.