ក្រុមមេធាវីរបស់លោក កឹម សុខា រកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ឱ្យតុលាការបន្តបើកសវនាការឡើងវិញ

ក្រុមមេធាវីលោកកឹម សុខា បានដាក់លិខិតស្នើសុំដល់ក្រសួងយុត្តិធម៌តែម្តងកាលពីចុងខែធ្នូ ដើម្បីជំរុញឱ្យតុលាការបើកសវនាការលោកកឹម សុខា ឡើងវិញឱ្យបានឆាប់ចប់។

សហមេធាវីរបស់លោកកឹម សុខា មួយរូប គឺអ្នកស្រី ម៉េង សុភារី បានប្រាប់សាព័ត៌មាន The Cambodia Daily មុនការផ្សាយនេះថា ការឈានទៅរកការជួយអន្តរាគមន៍ពីក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៣ ខែធ្នូ លើសំណុំរឿងលោកកឹម សុខានេះ គឺដោយសារតែសាលាដំបូងរាជធានីភ្នំពេញមិនអើពើនឹងការស្នើសុំរបស់ពួកគេឱ្យបន្តសវនាការឡើងវិញលើលោកកឹម សុខា។

អ្នកស្រីបញ្ជាក់ថា ការសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌នេះ ដោយ  សង្ឃឹងមថាក្រសួងមួយនេះ អាចនឹងជួយណែនាំទៅសាលាដំបូងរាជធានីភ្នំពេញឱ្យពន្លឿនបើកសវនាការសំណុំរឿងលោកកឹម សុខា ឡើងវិញ ពីព្រោះថា កន្លងមក ក្រសួងនេះធ្លាប់ជំរុញឱ្យតុលាការពន្លឿនការជំនុំជម្រះលើសំណុំរឿងដែលកប់ទុកយូរៗឆ្នាំបានផងដែរ។

អ្នកស្រីអះអាងថា ក្រសួងយុត្តិធម៌នៅមិនទាន់មានការឆ្លើយតបជាផ្លូវការដល់ក្រុមមេធាវីរបស់លោក កឹម សុខ នៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយ វិទ្យុបារាំងអន្តរជាតិRFI  បានស្រង់សម្តីរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន ថា ក្រសួងមិនមានសិទ្ធិទៅបង្គាប់បញ្ជាឱ្យតុលាការធ្វើបែបនេះ ឬបែបនោះបានឡើយ ព្រោះតុលាការជាស្ថាប័នឯករាជ្យ និងមានឆន្ទានុសិទ្ធិក្នុងការសម្រេចដោយខ្លួនឯង។

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។

តុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីលោក កឹម សុខា ពីបទសន្ទិដ្ឋិភាព ឬ ត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ មួយឆ្នាំឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង លោកកឹម សុខា ត្រូវបានរដ្ឋាភិបាលសម្រេចយកមកឃុំខ្លួននៅផ្ទះរបស់លោកនារាជធានីភ្នំពេញវិញ ក្រោមហេតុផលសុខភាពរបស់លោកផ្ទាល់។

ជាប់ឃុំក្នុងផ្ទះជិតមួយឆ្នាំទៀត មេបក្សប្រឆាំងរូបនេះ ក៏ត្រូវបានតុលាការផ្លាស់ប្តូរលក្ខខណ្ឌនៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ពោលគឺតុលាការផ្តល់សេរីភាពដល់លោកច្រើនជាងមុន ប៉ុន្តែតុលាការហាមមិនឱ្យលោកធ្វើសកម្មភាពនយោបាយ និងមិនត្រូវចេញទៅក្រៅប្រទេសនោះឡើយ។

សំណុំរឿងរបស់លោកកឹម សុខា តុលាការបានបើកសវនាការកាលពីខែមករាឆ្នាំ២០២០ ប៉ុន្តែបានផ្អាកទៅវិញនៅក្នុងខែមីនា ក្រោមហេតុផលបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីខែមិថុនា ឆ្នាំមុន ក្រុមមេធាវីលោកកឹម សុខា ធ្លាប់បានស្នើសុំឱ្យតុលាការបន្តសវនាការឡើងវិញ ប៉ុន្តែតុលាការបានចេញមុខបដិសេធក្រោមហេតុផលបញ្ហាជំងឺ កូវីដ១៩ ដដែល។

ក្រោយមក កាលពីខែតុលា ឆ្នាំ២០២០ ក្រុមមេធាវីក៏បានស្នើសុំ ទៅកាន់តុលាការជាថ្មីទៀត ប៉ុន្តែមកដល់ពេលនេះ តុលាការក្រុងភ្នំពេញនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។

ទោះបីជាលោកកឹម សុខា នៅមិនទាន់ត្រូវបានតុលាការកំណត់ថាមានទោសឬ គ្មានយ៉ាងណាក្តី ប៉ុន្តែតុលាការកំពូលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានរំលាយគណបក្សសង្រ្គោះជាតិ និងដកហូតដំណែងមន្ត្រីបក្សនេះតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ព្រឹទ្ធសភារួចទៅហើយ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់អះអាងថា ការណ៍ដែលតុលាការកំពូលរំលាយបក្សសង្រ្គោះជាតិមុនពេលតុលាការកំណត់ថាលោក កឹម សុខា មានទោសពៃរ៍នោះ ដោយសារគណបក្សនេះខូច។

សហរដ្ឋអាមេរិក ធ្លាប់និយាយចំៗថា សំណុំរឿងលោក កឹម សុខា គឺជាការប្រឌិតឡើងដោយព្រះរាជអាជ្ញាទាំងស្រុង ដែលភ្ជាប់ករណីបទចោទប្រកាន់នេះជាមួយសហរដ្ឋអាមេរិក។  

លើសពីនេះ អាមេរិក បានហៅការចាប់ និងឃុំខ្លួន ព្រមទាំងការមិនព្រមដល់សេរីភាពពេញលេញជូនលោក កឹម សុខា រហូតមកនោះ គឺជារឿងអយុត្តិធម៌ និងគ្មានភស្តុតាងអ្វីទាំងអស់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.