ក្រុមបញ្ញវន្តនៅក្រៅប្រទេសទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទៅលើសកម្មជន និងសមាជិកអតីតបក្សប្រឆាំង

ចលនានិស្សិដើម្បីលទ្ធិប្រជាធិបតេយ្យជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និង តុលាការ ទម្លាក់បទចោទ និងផ្តល់សេរីភាពពេញលេញដល់សកម្មជនអតីតគណបក្សសង្គ្រោះជាតិទាំងអស់ទ្បើងវិញ ដើម្បីស្តារមុខមាត់         កម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសដើម្បីការផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ជាប្រយោជន៍ដល់សង្គមកម្ពុជា និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។

អនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជា ធិបតេយ្យ (SMD) លោក អ៊ាប សេង បានចាត់ទុកថា បទចោទរបស់តុលាការទៅលើសកម្មជនទាំងនោះថា មានចរិតនយោបាយ យ៉ាងពិតប្រាកដ និងជាការរំលោភលើសិទ្ធិស្របច្បាប់របស់ពលរដ្ឋខ្មែរ ដែលការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមសកម្មភាពនយោបាយ និងសំដែងមតិដោយសន្តិវិធី ។

ការទាមទារនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនតុលាការកម្ពុជា បើកសវនាការជាទ្រង់ទ្រាយធំលើសកម្មជនការពារសិទ្ធិមនុស្ស មន្ត្រីជាន់ខ្ពស់ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ចំនួន១៣៩ នាក់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដែលមិនធ្លាប់មានពីមុនមក។

ចំណែកមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ព្រមានថា ករណីជំនុំជំរះក្តីជាទ្រង់ទ្រាយធំនេះ ទំនងកើតចេញពីហេតុផលនយោបាយ ដែលបានរំលោភលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែវិច្ឆិកាម្សិលមិញ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូ ណាស់ ស្មីត សំដែងការភ្ញាក់ផ្អើល ចំពោះរបាយការណ៍ជំនុំជំរះក្តីលើ សកម្មជនចំនួន ១៣៩ រូបទាំងនោះ ថា លំហរសិទ្ធិពលរដ្ឋក្នុងការបញ្ចេញមតិ និងលំហរប្រជាធិបតេយ្យ កំពុងបន្តធ្លាក់ចុះ ខណៈមានភស្តុតាងតិចតួចបង្ហាញពីការបង្រួបបង្រួម និងការផ្សះផ្សានយោបាយនៅកម្ពុជា។

អ្នករាយការណ៍ពិសេសរូបនេះ អះអាងថា ដំណើរការក្តីរបស់តុលាការកម្ពុជា ទំនងជាផ្នែកមួយនៃយុទ្ធសាស្ត្រនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីបំភិតបំភ័យ និងបំបាក់មុខគូរប្រជែងខាងនយោបាយរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ ជាងនេះទៀត គឺជាការកាត់ក្តីដោយខ្វះមូលដ្ឋានច្បាស់លាស់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិនីតិវិធីត្រឹមត្រូវដែលបានបង្កើតយ៉ាងរឹងមាំដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

អ្នកស្រី បញ្ជាក់ថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ មក មានមនុស្ស ១៥០ នាក់ហើយ ដែលមានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន និងឃុំខ្លួន ដែលអ្នកទាំងនោះប្រឈមនឹងការការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងបានញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌។

ឆ្លើយតបនឹងការរិះគន់របស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសរសេរនៅលើទំព័ ហ្វេសប៊ុករបស់លោកថា សម្ថកិច្ចមានមូលដ្ឋានផ្លូវច្បាប់រឹងមាំនិងច្បាស់លាស់ក្នុងដំណើរការនីតិវិធីតាមផ្លូវតុលាការលើជនជាប់ចោទ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ក្នុងការដាក់បន្ទុកតាមរយៈសក្ខីកម្ម និងភស្តុតាងនានាជាច្រើនដែលសមត្ថកិច្ចបានបង្ហាញនាពេលកន្លងមក។

លោកបញ្ជាក់ថា ការចេញដីកាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ក៏អាចស្ថិតក្នុងគោលដៅនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ ក្នុងការពន្លឿដំណើរការនីតិវិធីរបស់តុលាការ មិនមែនក្នុងគោលដៅធ្វើទុក្ខបុកម្នេញរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជនយោបាយអ្វីនោះឡើយ។

យ៉ាងណាក៏ដោយ តុលាការសម្រេចថា សំណុំរឿងដែលលើកយកមកសវនាការ កាលពីព្រឹកម៉ិញនេះ មានចំនួន០៤សំណុំរឿង ហើយជនជាប់ចោទដែលត្រូវបានកោះហៅមានចំនួនសរុប ១៣៩នាក់ ដែលបានត្រូវបញ្ចូលមកជា២សំណុំរឿងវិញ។ សំណុំរឿងទី១ នឹងបន្តសវនាការនៅព្រឹកថ្ងៃទី១៤ ខែមករា ហើយសំណុំរឿងទី២ នឹងបន្តសវនាការ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។

ដោយឡែក ដំណើរការសវនាការ លើសំណើររឿងអ្នកទាំង ១៣៩ រូប នៅថ្ងៃទី២៦ វិច្ឆិកា នេះ មានវត្តមានក្នុងសវនាការមានត្រឹមតែ ៣៤រូប ប៉ុណ្ណោះ ត្បិតជនដែលត្រូវបានកោះហៅភាគច្រើន មិនបានទទួលដីការបស់តុលាការនោះទេ ដោយពួកគេអះអាងថា ដីកាតុលាការ ត្រូវបាន អាជ្ញាធរយកទៅបិទ នឹងរបងស្នាក់ការគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។

ជាងនេះទៀត អ្នកដែលមានឈ្មោះក្នុងដីកាតុលាការ បែជាមិនត្រូវនឹង អាសយដ្ឋានរបស់ពួកគេទៅវិញ រីឯ អ្នកដែលគ្មានមេធាវីតំណាង មិនបានដឹងពីបទចោទប្រកាន់របស់ខ្លួននោះទេ ចំណែក ជនដែលត្រូវកោះហៅខ្លះទៀត បានមកដល់បន្ទប់សវនាការហើយ តែត្រូវមន្ត្រីក្នុងតុលាការ សម្រួលឲ្យនៅក្រៅបរិវេណតុលាការ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានដីកា ជាមុនសិន ទៅវិញ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.