ចិនបន្តព្រមានអាមេរិក និងតៃវ៉ាន់ករណីមន្ត្រីអាមេរិកធ្វើទស្សនកិច្ចនៅតៃវ៉ាន់

ចិន និងតៃវ៉ាន់ទោះជាមានសាច់ឈាមនឹងគ្នាក៏ដោយ  តែដែនដីពី២នេះមិនអាចរួមបញ្ចូលគ្នា រស់ក្រោមដំបូលតែបានទេ គឺរយៈពេល ៧១ឆ្នាំហើយ ចាប់តាំងពី រដ្ឋាភិបាលជាម្ចាស់គ្រប់គ្រងក្រុងប៉េកាំងបានចាញ់សង្រ្គាម ជាមួយនឹងពួកឧទ្ទាមកុម្មុយនិស្តម៉ៅសេទុង ក្នុងសង្រ្គាមស៊ីវិល បិទបញ្ចប់នៅឆ្នាំ១៩៤៩។

ពួកកុម្មុយនិស្តបានកាន់អំណាចជាង ៧ទសវត្សមកនេះ ដោយបានព្យាយាមទាញអោយកោះតៃវ៉ាន់ មកនៅជាមួយនឹងខ្លួនក្រោមគោលនយោបាយ ប្រទេសមួយប្រព័ន្ធ គឺដូច ក្រុងហុងកុង ប៉ុន្តែនៅគ្មាលទ្ធភាពឡើយ។

ក្រៅពីដាក់គោលនយោបាយដូចនេះ មិនបានសម្រេច របបនៅក្រុងប៉េកាំងសព្វថ្ងៃ ដែលក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត និងបុរសខ្លាំងស៊ីជិនពីង ក៏ងាក់មកប្រើសង្រ្គាមវោហាសាស្ត្រ គំរាមកំហែងអាជ្ញាធរតៃវ៉ាន់ ដោយការលើកទ័ពចូលលុកលុយ ដើម្បីរឹបអូសមក ជាខេត្តមួយរបស់ចិនវិញ។

តែមហិច្ឆតារបស់ក្រុងប៉េកាំង គឺមិនត្រឹមតែចង់លេបតៃវ៉ាន់មកវិញនោះទេ គឺមិនចង់ឃើញដែនកោះមួយនេះ មានទំនាក់ទំនងទៅអ្នកខាងក្រៅឡើយហើយបើដឹងថា ឬលឺថា មានមន្ត្រីប្រទេសណាមួយមកធ្វើទស្សនកិច្ចនៅតៃវ៉ាន់ គឺក្រុងប៉េកាំង ប្រតិកម្មដាក់ប្រទេសនោះ ជាខ្លាំងហើយកាន់តែគំរាមតៃវ៉ាន់កាន់តែខ្លាំង។

ខណៈក្រុងប៉េកាំងទប់ស្កាត់ចលនានេះ ចេះតែបរាជ័យ តៃវ៉ាន់ក៏កាន់តែមានអំនួត ក្នុងការទទួលស្វាគមន៍ ប្រតិភូ ដែលមកធ្វើទស្សនកិច្ច ដែនដីតៃវ៉ាន់ ដោយមិនខ្លាចញញើតចិនឡើយទោះជាគំរាមលើកទ័ពវាយសន្ធប់ក៏ដោយ។

ជាក់ស្ដែង កាលពីថ្ងៃទី២២ វិច្ឆិកា ក្រសួងការបរទេសតៃវ៉ាន់បានប្រកាសពីការមកដល់របស់មន្ត្រីអាមេរិកម្នាក់។ អាជ្ញាធរតៃវ៉ាន់មិនបានប្រកាសលំអិតច្រើនទេអំពី វត្តមានរបស់ ឧត្តមនាវីទោ Michael Studeman ដែលជាមេបញ្ជាការកងកម្លាំងចារកិច្ចរបស់កងទ័ពសហរដ្ឋអាមេរិកប្រចាំនៅតំបន់ឥណ្ឌូ-បាស៊ីហ្វិក មកធ្វើទស្សនកិច្ចនៅដែនកោះរបស់់ខ្លួន។

សារព័ត៌មាន Taiwan News បានចុះផ្សាយថា ទស្សនកិច្ចរបស់ លោក Michael Studeman  គឺជាមន្ត្រីអាមេរិកទី៣ហើយក្នុងពេលមិនដល់ប្រាំមួយខែបានជាន់ដែនកោះដែលចិនកំពុងរៀបចំយុទ្ធសាស្ត្រ វាយយកកាន់កាប់ធ្វើជាខេត្តរបស់ខ្លួន ។ អ្វីដែលក្រុងប៉េកាំង ប្រតិកម្មជាខ្លាំងដាក់តៃវ៉ាន់ គឺក្រុងប៉េកាំងបារម្ភមួយទៀតខ្លាច ដែនកោះនេះកាន់តែមានមិត្តច្រើនទៅៗហើយនៅពេលមួយនឹងត្រូវបានគាំទ្រ ជារដ្ឋឯករាជ្យ។

ចំពោះទស្សនកិច្ចរបស់ឧត្តមនាវីទោ Michael Studeman  បាននាំអោយ ចិន ព្រមានថានឹងធ្វើអោយ ទំនាក់ទំនងយោធារវាងអាមេរិក និងតៃវ៉ាន់ស្គាល់ផលវិបាក។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៣វិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់ថា ចិនជំទាស់ជាដាច់ខាតរាល់ការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្ត្រីនិងយោធាអាមេរិក និងតៃវ៉ាន់។

អ្នកនាំពាក្យរូបនេះ ទទូចឲ្យអាមេរិកគោរពគោលការណ៍ ចិនតែមួយអោយបានខ្ជាប់ខ្ជួន និងសេចក្តីថ្លែងការណ៍រួមកន្លងមករវាងអាមេរិកនិងចិន ដែលសំដៅលើកជ្រោងទំនាក់ទំនងទ្វេភាគី ចិន-អាមេរិក។ តាមលោក Zhao Lijian រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងមានវិធានការឆ្លើយតប។

 កាលពីខែ សីហា និងខែកញ្ញា មន្ត្រីជាន់ខ្ពស់អាមេរិក ដូចជារដ្ឋមន្ត្រី  សុខាភិបាល លោក Alex Azar និងអនុរដ្ឋមន្ត្រី ក្រសួងការបរទេស លោក Keith Krach ក៏បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ដែរ។ ក្រោយពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋការលោកប្រធានាធិបតីដូណាល់ត្រាំ ត្រឡប់ទៅវិញ គឺអាមេរិក និងតៃវ៉ាន់ក៏បានឈានដល់កិច្ចព្រមព្រៀងមួយជំហានទៀត ក្នុងការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ទ្វេភាគីអោយកាន់តែរឹងមាំថែមទៀត ក្នុងនេះអាមេរិកបានសម្រេចលក់អាវុធទៅអោយតៃវ៉ានកាន់តែច្រើនឡើង។

តែមិនថាឡើយ មន្រ្តីអាមេរិកមកធ្វើទស្សនកិច្ចនៅតែវ៉ាន់ គឺមាន ប្រធានរដ្ឋសភា សាធារណរដ្ឋឆេក អតីតនាយករដ្ឋមន្ត្រីជប៉ុន និង សមាជិកសភាប្រទេសឥណ្ឌាក៏បានមកចូលរួមអបអរពិធីចូលកាន់តំណែងលើកទី២របស់អ្នកស្រី សាយអឹងវិន ជាប្រធានាធិបតីជាប់ឆ្នោតមួយអាណត្តិទៀត។

មិនត្រឹមតែបញ្ចូន ប្រតិភូមកអបអរសាទរ ការចូលកាន់តំណែងរបស់អ្នកស្រីសាយអឹងវិននើទេ គឺមេដឹកនាំខ្លះបានផ្ញើសារអបអរសាទរនិងសន្យា បន្តពង្រឹងចំណងមិត្តភាព ជាមួយដែនដីកោះតៃវ៉ាន់ថែមទៀត។ទាំងនេះហើយដែលក្រុងប៉េកាំង ប្រតិម្មជាខ្លាំងដាក់ប្រទេសទាំងនោះ ជាពិសេស កោះតៃវ៉ាន់ ។ 

ក្នុងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក និង ប្រទេសផ្សេងទៀត គឺតែងមានយន្តហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះចូលដែនអាកាសតៃវ៉ាន់ជាច្រើនលើកក្នុងមួយថ្ងៃៗដែលជាការដាក់សំពាធលើតៃវ៉ាន់ ដែលក្រុងតៃប៉ិះ ចាត់ទុកថា ជាចេតនារបស់ក្រុងប៉េកាំងចង់បញ្ឆេះសង្រ្គាមដើម្បីលើកទ័ពចូលកាន់កាប់ដែនកោះតៃវ៉ាន់៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.