មន្ទីរសម្រាកព្យាបាល លី ស្រីវីណា បើកដំណើរការឡើងវិញក្រោយពេលអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះចុះចូលបក្សកាន់អំណាច

មន្ទីរសម្រាកព្យាបាល លី ស្រីវីណា ដែលជាកម្មសិទ្ធិរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានបើកដំណើរការឡើងវិញបន្ទាប់ពីត្រូវបានបិទមួយរយៈនោះ ក្រោយអ្នកជំងឺម្នាក់ស្លាប់ក្នុងមន្ទីរសម្រាកព្យាបាលមួយនេះ។

កាលពីថ្ងៃទី៦ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរ សំរាកព្យាបាលឈ្មោះ លី ស្រីវីណា ដែលជាកម្មសិទ្ធិរបស់អតីតតំណាងរាស្ត្របក្សប្រឆាំង អ្នកស្រី លី ស្រីវីណា ក្រោមហេតុផលថាមន្ទីរសម្រាកព្យាបាលនេះពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ បន្ទាប់ពីអ្នកជំងឺម្នាក់បានស្លាប់។

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃសុក្រនេះថា ក្រសួងបានសម្រេចឱ្យមន្ទីរសម្រាកព្យាបាល លី ស្រីវីណា ដំណើរការឡើងវិញនៅថ្ងៃទី២០ ខែវិច្ឆិកានេះ ដោយសារគោរពតាមការកំណត់បម្រើតែសេវាបឋម និងមានកិច្ចសន្យាត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សេចក្តីជូនដំណឹងរបស់មន្ទីរសម្រាកព្យាបាល លី ស្រីវីណា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញថា មន្ទីរសម្រាកព្យាបាលនេះនឹងចាប់ផ្តើមបើកទទួលព្យាបាលអ្នកជំងឺឡើងវិញ ចាប់ពីម៉ោង៣រសៀល ថ្ងៃទី២០ ខែវិច្ឆិកានេះតទៅ។

ការសម្រេចឱ្យមន្ទីរសម្រាកព្យាបាល លី ស្រីវីណា ដែលមានទីតាំងនៅក្បែរផ្សារទួលទំពូង រាជធានីភ្នំពេញ បើកដំណើរការឡើងវិញនេះ ធ្វើឡើងក្រោយពេលអតីតអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិរូបនេះ បានផ្ញើលិខិតទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

អ្នកស្រី លីស្រីវីណា បញ្ជាក់ក្នុងលិខិតមួយរបស់ខ្លួនកាលពីថ្ងៃទី៩ខែវិច្ឆិកាថាការចុះចូលជាមួយបក្សកាន់អំណាច ដោយសារអ្នកស្រី មើលឃើញពីការលះបង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍន៍។ លើសពីនេះ អ្នកស្រីបច្ចុប្បន្នពុំមែនជាសមាជិកបក្សនយោបាយណាមួយឡើយ និងម្យ៉ាងអ្នកស្រីមិនអាចទ្រាំទៅនឹងការជេរប្រមាថប្រធានគណបក្សប្រជាជនកម្ពុជា បានតែម្តង។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ដែលមានឈ្មោះជាប់បម្រាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ អ្នកស្រី លី ស្រីវីណា ក៏ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រាស់បង្គាប់ផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ។

ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រធ្វើឡើង តាមសំណើររបស់លោកនាយករដ្ឋមន្ត្រី បន្ទាប់ពីអ្នកស្រី លី ស្រីវីណា បានផ្ញើលិខិតស្នើទៅក្រសួងមហាផ្ទៃដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.