សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បន្តទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា CamboJa បានចេញមុខបន្តស្នើសុំឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយទៅលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូប ។

ទំព័រហ្វេសប៊ុករបស់ CamboJa នៅថ្ងៃទី២១ ខែតុលានេះ បានទាមទារឲ្យតុលាការទម្លាក់បទចោទប្រកាន់លើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា ជុំវិញបទចោទប្រកាន់ ថាបានផ្តល់ព័ត៌មានឲ្យរដ្ឋបរទេស។ លើសពីនេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានស្នើឱ្យតុលាការផ្តល់សេរីភាពពេញលេញដល់ទាំងពីរឡើងវិញផងដែរ។

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយក្រោយមកត្រូវបញ្ជូនខ្លួនទៅដាក់ឃុំនៅពន្ធនាគារព្រៃសរ ពីបទធ្វើចារកម្ម ឬផ្តល់ព័ត៌មានឱ្យរដ្ឋបរទេស។ ក្រោយមកពួកគេ ត្រូវបានតុលាការចោទប្រកាន់មួយករណីទៀតពីបទផលិត និងកាន់កាប់រូបភាពអាសអាភាស។

អតីតអ្នកសារព័ត៌មានដែលគាំទ្រជំនួយពីសហរដ្ឋអាមេរិកអ្នកទាំងពីររូប ត្រូវបានដោះលែងឱ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចាប់តាំងពីខែសីហា ឆ្នាំ២០១៨ មក។

កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ សាលាដំបូងរាជធានីផ្នំពេញ បានសម្រេចឲ្យបើកការស៊ើបអង្កេតឡើងវិញ ជុំវិញសំណុំរឿងមានការចោទប្រកាន់អ្នកទាំងពីរថា បានធ្វើចារកម្មឲ្យរដ្ឋបរទេស និងបទចោទប្រកាន់មួយទៀតពាក់ព័ន្ធការកាន់កាប់រូបភាពអាសអាភាស។

រហូតដល់កាលពីខែកក្កដា ឆ្នាំ២០២០ បណ្ដឹងសារទុក្ខរបស់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ២រូបដែលប្តឹងជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនោះ ត្រូវបានតុលាការកំពូលសម្រេចច្រានចោលផងដែរ។

យ៉ាងណាការអំពាវនាវរបស់ខេមបូចា ឱ្យតុលាការទម្លាក់ចោទបទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូបពេលនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ មុនពេលសំណុំរឿងនេះ នឹងត្រូវតុលាការកំពូលយកមកជំនុំជម្រះបន្តនៅថ្ងៃទី២២ខែតុលា។

ទាំងលោកអ៊ួន ឈិន និង លោក យាង សុធារិន្ទ ធ្លាប់បានលើកឡើងថា ការពន្យារពេលលើសំណុំរឿងរបស់ពួកគាត់នេះ គឺជាការសងសឹកមកលើពួកគាត់ដែលធ្លាប់បម្រើការងារឱ្យស្ថាប័នដែលជាជំនួយគាំទ្ររបស់អាមេរិក ពីសំណាក់រដ្ឋាភិបាលលោកហ៊ុន សែន ។

ទាំងលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ធ្លាប់អះអាងថា ការអូសបន្លាយលើរឿងនេះបន្តទៀត នឹងកាន់តែធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងសិទ្ធិសេរីភាពរបស់ពួកគាត់។ លើសពីនេះ ក៏ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់កម្ពុជាលើវិស័យសេរីភាពសារព័ត៌មានផងដែរ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.