លោក ហ៊ុន សែន ប្រាប់ទៅធនាគារ និងមីក្រូហិរញ្ញវត្ថុឱ្យយោគយល់ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

លោក ហ៊ុន សែន បានអំពាវនាវជាថ្មីទៀត ដល់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ឱ្យមានការយោគយល់ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅពេលនេះ។

នេះ ជាការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ទៅកាន់ធនាគារឬមីក្រូហិរញ្ញវត្ថុ ឱ្យមានការយកចិត្តទុកដាក់ជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋខ្មែរ បន្ថែមពីលើការអំពាវនាវមុនៗ ដោយទាមទារឱ្យមានការយោគយល់ដល់ពលរដ្ឋជាកូនបំណុលក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ថ្លែងពីខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន បានស្នើទៅកាន់ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ឱ្យមានការយោគយល់ដល់ពលរដ្ឋរងគ្រោះទឹកជំនន់ ដោយត្រូវបន្ធូរបន្ថយអត្រាការប្រាក់ ពន្យារពេលនៃការសងប្រាក់។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ មិនត្រូវរឹបអូសផ្ទះសម្បែង ដីធ្លី និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលជាកូនបំណុល ទាំងក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ និងអ្នកដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនេះផងដែរ។

យ៉ាងណា លោក ហ៊ុន សែន គាំទ្រឱ្យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យសម្បត្តិ ចំពោះជនទាំងឡាយណាដែលបំផុសចលនាឬញុះញង់មិនឱ្យមានសងប្រាក់ទៅធនាគារក្នុងស្ថានភាពនេះ ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬGDP នៅថ្ងៃពុធនេះ បានសាទរចំពោះការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលដើម្បីឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ សម្រួលដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ក្នុងការសងប្រាក់កម្ចីនេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានកាលពីថ្ងៃទី១៨ ខែតុលា បានអំពាវនាវទៅរដ្ឋាភិបាលឱ្យជួយគាំទ្រដល់កសិករ ក្នុងការស្តារឡើងវិញនូវវិស័យកសិកម្មឲ្យសមស្របតាមសក្តានុពលរបស់តំបន់នីមួយៗ ដូចជា ត្រៀមឧបត្តម្ភពូជ ជី ប្រេង សម្រាប់បូមស្រោចស្រព។ បន្ថែមពីនេះ រដ្ឋាភិបាលធ្វើការសហការជាមួយ ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយសម្រួលដល់កសិករ និងអាជីវករដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដូចជាពន្យារការសងបំណុលជាដើម។

គណបក្សមួយនេះបានអំពាវនាវទៅអ្នកនយោបាយ អាជ្ញាធរនៅគ្រប់ទីកន្លែង និងពលរដ្ឋដែលមាននិន្នការនយោបាយផ្សេងគ្នា បើកចិត្តឱ្យទូលាយដោយមិនរើសអើង និងទទួលយកជំនួយមនុស្សធម៌ទាំងអស់ នាកំឡុងពេលជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ននេះ ដោយឈរលើគុណតម្លៃសាមគ្គីភាពក្នុងនាមខ្មែរជួយខ្មែរ។

GDP សង្ឃឹមថាស្ថាប័នមីក្រូហិរញ្វត្ថុ និងសហការគ្នាលើបញ្ហានេះ ដោយមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់ព័ត៌មានពីក្រុមគោលដៅប្រកបដោយភាពជាក់លាក់ និងទាន់ពេលវេលា។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី ២០ខែតុលានេះ ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងនៅកម្ពុជាបណ្តាលឱ្យក្រុងចំនួន១៩ -ខេត្តរងផលប៉ះពាល់។

ក្នុងនោះមានពលរដ្ឋរងផលប៉ះពាល់មានចំនួនជាង១សែនគ្រួសារ(១០៤៣៤៨) ឬស្មើជាង ៤១ម៉ឺននាក់ ហើយពលរដ្ឋបានជម្លៀសមកទីទួលសុវត្ថិភាពចំនួនជាង១ម៉ឺនគ្រួសារ (១០ ៥៨៣) ឬស្មើជាង៤ម៉ឺននាក់(៤២ ៣៣២)។ ដោយឡែក ពលរដ្ឋស្លាប់ដោយសារជំនន់ទឹកភ្លៀងពេលនេះ មានចំនួនកើនឡើងដល់ទៅ ៣៤នាក់ហើយ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.