ជំនន់ទឹកភ្លៀងរយៈពេល១៩ថ្ងៃ បណ្តាលឱ្យមនុស្ស២៥នាក់ស្លាប់ និង ជាង៣១ម៉ឺននាក់រងផលប៉ះពាល់

អាជ្ញាធរគ្រោះមហន្តរាយបានឱ្យដឹងថា រយៈពេល១៩ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលានេះ ជំនន់ទឹកភ្លៀងបណ្តាលឱ្យមានពលរដ្ឋស្លាប់ចំនួន ២៥នាក់ និងពលរដ្ឋជាង៣១ម៉ឺននាក់ទៀត នៅទូទាំងប្រទេសរងផលប៉ះពាល់។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៩ ខែតុលា បញ្ជាក់ថា ជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា បណ្តាលឱ្យមនុស្សជិត៨ម៉ឺនគ្រួសារ(៧៨,០៥៦) ឬស្មើប្រមាណ ជាង៣១ម៉ឺននាក់(៣១២ ២២៤) បានរងផលប៉ះពាល់។

របាយការណ៍បន្តថា ទឹកជំនន់នេះ បណ្តាលឱ្យប៉ះពាល់រហូតដល់១៩ រាជធានី-ខេត្ត ដែលស្មើនឹង ៩១ក្រុង ស្រុក និង ខណ្ឌ នៅទូទាំងប្រទេស ហើយខេត្តពោធិ៍សាត់ បាត់ដំបង់ បន្ទាយមានជ័យ  ប៉ៃលិន ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ក្នុងនោះ អាជ្ញាធរបានជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាពមានចំនួនជិត១ម៉ឺនគ្រួសារ (៩,៣៤៩) ឬស្មើជាង៣ម៉ឺននាក់(៣៧ ៣៩៦)។ 

ដោយឡែកផ្ទះសម្បែងជាង៧ម៉ឺនខ្នងរងផលប៉ះពាល់ និងខូចខាតទាំងស្រុងចំនួន៥៦ខ្នង។ បន្ថែមពីនេះ ទឹកជំនន់បណ្តាលឱ្យសាលារៀនជាង៥រយកន្លែង (៥៦៨) លិចលង់ ហើយដំណាំស្រូវជាង២សែនហិកតា(២១៣,២៨៩) និងដំណាំរួមផ្សំជាង៧ម៉ឺនហិកតា(៧៩,៨៨៨) ផ្សេងទៀត រងការលិចលង់ផងដែរ។

លើសពីនេះ ជំនន់ទឹកភ្លៀងពេលនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធ    ធារាសាស្ត្រ និងបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។

ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តពាយព្យ ដែលកំពុងប្រឈមនឹងជំនន់ទឹកភ្លៀងនៅថ្ងៃទី១៩ ខែតុលា នេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលោក លឹម គានហោ បបានប្រាប់ក្រុមអ្នកសារព័ត៌មានថាដើម្បីដោះស្រាយជំនន់ទឹកភ្លៀង ក្រសួងបានដាក់បទបញ្ជាតាមដានស្ថានភាពទឹក ជាប្រចាំ។

លើសពីនេះ ក្រសួងបានអន្តរាគមន៍ដោយបើករាល់បណ្តាទ្វារទឹក ផ្នែកខាងលើ សម្រាប់សម្រួលចរន្តទឹកហូរចុះទៅក្នុងបឹងទន្លេសាប ព្រែកនិងស្ទឹងមួយចំនួន ដើម្បីបញ្ជៀស និងបន្ថយការលិចលង់ភូមិដ្ឋានរបស់ពលរដ្ឋ តាំងពី៣ថ្ងៃ មុនមកម្លេះ។

ការបើករាល់បណ្តាទ្វារទឹកផ្នែកលើក្នុងខេត្តមួយចំនួននាភាគពាយព្យនេះ លោក លឹម គានហោ អះអាងថា  ដោយសារការទទួលបរិមាណទឹកភ្លៀងធ្លាក់យ៉ាងច្រើនលើសលប់ រួមផ្សំជាមួយនឹងលំហូរទឹកពីផ្នែកខាងលើប្រទេសថៃផងដែរ។ ជាមួយគ្នានេះកម្ពុជាកំពុងស្ថិតនៅជ្រលងវិសម្ពាធទាប ដែលនឹងអាចមានភ្លៀងធ្លាក់បន្តទៀតពីមធ្យមទៅច្រើនរហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.