អាជ្ញាធរថៃដាក់ប្រទេសក្នុងគ្រាមានអាសន្នខណៈលោកប្រាយុទ្ធច្រានចោលការទាមទាអោយលោកចុះចេញពីតំណែង

រាជាណាចក្រថៃ ដែលបានឆ្លងកាត់បទពិសោធន៍បង្ក្រាបបាតុកម្ម ស្លាប់យ៉ាងរង្គាល  ហើយប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក៏បានជួបព្រឹត្តិការណ៍រដ្ឋប្រហារ ទាំងបង្ហូរឈាម និងមិនបង្ហូរឈាម មាន២០លើកមកហើយ ចាប់តាំងពីបញ្ចប់របបរាជានិយមផ្ដាច់ការនៅឆ្នាំ ១៩៣២។ 

នៅពេលនេះ រាជាណាចក្រនេះ បានកំពុង ឆ្លងកាត់ជាថ្មីទៀតនូវរលកបាតុកម្ម មានអាយុកាលជិត៣ខែមកហើយ។ គោលដៅនៃការធ្វើបាតុកម្ម គឺទាញទម្លាក់ លោក ប្រាយុទ្ធចាន់អូចា ពីតំណែងនាយករដ្ឋ មន្ត្រី ទាមទារអោយបង្កើតរដ្ឋធម្មនុញ្ញថ្មី ជំនួសរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលតាក់តែងឡើងដោយក្រុមប្រឹក្សាយោធានិងសភាធម្មនុញ្ញ ជ្រើសតាំងដោយពួកយោធា។

គោលដៅនៃការទាមទារបង្កើតរដ្ឋធម្មនុញ្ញថ្មីនេះ គឺដើម្បីបញ្ចប់ពួកយោធា ក្នុងកិច្ចការនយោបាយ និងទាមទារអោយកាត់បន្ថអំណាច   រាជបាល្ល័ង្គ ពាក់ព័ន្ធនឹងវិស័យយោធា។ បាតុកម្មបានកំក្រើកខ្លាំងតាំងពីថ្ងៃទី២០កញ្ញា ដោយមានមនុស្សចូលរួមជាង១០ម៉ឺននាក់។

បាតុកម្ម ចុងក្រោយតាំងពីថ្ងៃទី១៤តុលាមកដល់ពេលនេះ មើលទៅ មានរូបភាព ខុសប្លែកជាងមុនគឺបាតុករស្រែកអោយលោកប្រាយុទ្ធត្រូវតែចាកចេញពីតំណែង។

បាតុករចោទលោកបា្រយុទ្ធថា ជានាយករដ្ឋមន្ត្រី ដែលមិនស្របច្បាប់ និងមិនឆ្លើយតបនឹងឆន្ទៈរបស់ប្រជាជន មិនស្របនឹងគោលការណ៍ប្រជាធិបតេយ្យព្រោះតែការបោះឆ្នោត កាលពីខែមីនា ឆ្នាំ២០១៩ ពោរពេញដោយការបន្លំសន្លឹកឆ្នោត។

ម្យ៉ាងទៀតការដែលបាតុករ ទាមទារអោយលោក ប្រយុទ្ធចុះចេញពីតំណែង ព្រោះនាយករដ្ឋមន្ត្រីរូបនេះ គឺជាមេរដ្ឋប្រហារនៅឆ្នាំ២០១៤ដែលទម្លាក់រដ្ឋាភិបាល ជាប់ឆ្នោតនៃគណបក្សភឿថៃ។ ស្របពេលដែល ស្ថានការណ៍កាន់តែតានតឹង បាតុករនៅតែបន្តដើរក្បួន ពីតំបន់មួយទៅតំបន់មួយដោយមិនខ្ចី អើលពើរនឹងបំរាមរបស់អាជ្ញាធរដាក់ក្រុងបាងកកស្ថិតក្នុងគ្រាមានអាសន្ន បើទោះជាអាជ្ញាធប៉ូលិសចាប់ខ្លួនមេដឹកនាំបាតុករមានការកើនឡើងក៏ដោយ។

 កាលពីថ្ងៃទី១៥តុលាសារព័ត៌មានថៃ the nation បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី PrayuthChan-ocha បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីយប់ថ្ងៃពុធទី១៤ ខែតុលា បន្ទាប់ពីបាតុកររាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅខាងក្រៅការិយាល័យរបស់លោកនៅវិមាន រដ្ឋាភិបាលក្នុងទីក្រុងបាងកក ដែលក្រុមបាតុករទាំងនោះបានសន្យាថានឹងមិនចាកចេញប្រសិនបើលោកនាយករដ្ឋមន្ត្រីមិនព្រមចុះចេញពីតំណែង។

ភ្លាមៗបន្ទាប់ពីដាក់ក្រុងបាងកកស្ថិតក្នុងស្ថានភាពអាសន្ននេះត្រូវបានប្រកាសគឺ ប៉ូលិសបានបំបែកហ្វូងបាតុករហើយបានចាប់ខ្លួនមនុស្សជាង ២០ នាក់ ដែលបដិសេធមិនព្រមចាកចេញ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា បន្ថែមទៅនឹងការដាក់កំហិតការជួបជុំមិនឲ្យលើសពី ៤ នាក់ វិធានការគ្រាអាសន្នថ្មីនេះក៏នឹងអនុញ្ញាតិឲ្យមានការរឹបអូសយក ឧបករណ៍ទំនាក់ទំនងអេឡិកត្រូនិក ទិន្នន័យ និងអាវុធដែលសង្ស័យថាអាចបង្កឲ្យមានស្ថានភាពអាសន្នកើតឡើងផងដែរ»។

តែបែបណាបាតុករនៅតែទាមទារឱ្យលោកប្រាយុទ្ធត្រូវតែចុះចេញពីតំណែងជាបន្ទាន់ ។ លោក Prayuth ជាអតីតឧត្តមសេនីយ៍យោធាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ ២០១៤ ដែលបានបណ្តេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតចេញពីអំណាច។

លោកបានឈ្នះឆ្នោតកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន ក៏ប៉ុន្តែក្រុមបាតុករបាននិយាយថា ការបោះឆ្នោតនោះមានការលួចបន្លំ ដោយសារតែច្បាប់ដែលតាក់តែងដោយពួកយោធាគឺគាំទ្រលោកប្រាយុទ្ធអោយមានប្រៀបជាងគេ ក្នុងរដ្ឋសភាទើបលោកបានឡើងធ្វើនាយករដ្ឋមន្រី្ត រហូតមកទល់ពេលនេះ។

តែបែបណាក៏ដោយ  លោកបា្រយុទ្ធបានប្រកាសច្រានចោលនៅចំពោះព្រឹត្តិការណ៍នៃបាតុកម្មដែលកំពុងរុញរូបលោកអោយធ្លាក់ពីអំណាច។ បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានចុះផ្សាយថា នៅពេលដែលទទួលដំណឹងថា លោកប្រាយុទ្ធនិយាយឌឺដងដាក់បាតុករ គឺការប្រមូលផ្ដុំកាន់តែ ខ្លាំងឡើង ហើយកាន់តែបំពានបំរាមរបស់អាជ្ញាធរដែលហាមជួបជុំគ្នាចាប់ពី៥នាក់ឡើងទៅ។

ចំពោះបាតុកម្មនៅថ្ងៃសុក្រនេះ គឺជាថ្ងៃទី៣ហើយ ដែលបាតុករសម្រេចធ្វើការជូបជុំមានរយៈពេល៧ថ្ងៃ៧យប់។ តែនៅខណៈនេះ ប៉ូលិសក្រុងបាកក បានដាក់បារាស់នៅកំណាត់ផ្លូវធំៗ ដើម្បីបង្អាក់ការរុលមកចូលរួម ពីសំណាក់មនុស្សមកពីខាងក្រៅ។ ចំពោះបាតុកម្ម កាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ គឺជាស្រមោលមួយនៃព្រឹត្តិការណ៍ថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៧៣ ដ៏មានប្រជាប្រិយ៍ ព្រោះកាលនោះវាបានទាក់ទាញ មហាជនចូលរួមរហូតដល់ទៅជាង៥០ម៉ឺននាក់ ។

ការពិតបាតុកម្មនៅពេលនោះ បានផ្ទុះឡើងកាន់តែ ខ្លាំងបន្ទាប់ពីទទួលដំណឹងថា មេចលនានិស្សិត ១០នាក់ដំបូងត្រូវបានចាប់ខ្លួន នៅថ្ងៃទី៦តុលានៅពេលពួកគាត់ដឹកនាំបានបាតុកម្មរបស់និស្សិត ទាមទារអោយ បញ្ចប់រដ្ឋាភិបាលគ្រប់គ្រងបែបផ្ដាច់ការ និងយោធានិយម ហើយក្រោយមកទៀតមានការចាប់ខ្លួនមេដឹកនាំបាតុករ ជាហូរហែរ រហូតដល់ថ្ងៃទី១៤តុលា ចំនួនមេដឹកនាំបាតុករត្រូវបានចាប់ខ្លួនបានកើនដល់ ៣០នាក់។

ក្នុងព្រឹត្តិការណ៍នោះមានការវាយបង្រ្កាបពីសំណាក់ប៉ូលិស គឺ យ៉ាងតិចមនុស្សស្លាប់ ជាង៧០នាក់ និងរបួសជាង៨៥០នាក់។ តែបែបនេះក្ដី គឺ បាតុកម្មកាន់តែមានទំហំធំឡើងៗ រហូតដល់មានមនុស្សជាង               ៥០ម៉ឺននាក់ ទើបព្រះមហាក្សត្រចេញព្រះភ័ក្រអន្តរាគមន៍បង្ខំអោយមានការផ្លាស់ប្ដូរមេដឹកនាំ ហើយបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយទៀតមានចរឹកប្រជាធិតេយ្យរឹងមាំ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.