មេធាវីរបស់លោកហ៊ុន សែន មួយរូបត្រូវបានជ្រើសរើសជាប់ជាប្រធានគណៈមេធាវីអាណត្តិថ្មី

មេធាវីដែលតែងការពារក្តី ឱ្យលោក ហ៊ុន សែន មួយរូប គឺលោក លី ច័ន្ទតុលា ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណៈមេធាវីនៃកម្ពុជា ក្នុងអាណត្តិថ្មីនេះ។

លោក លី ច័ន្ទតុលា បានជាប់ឆ្នោតធ្វើជាប្រធានគណៈមេធាវីសម្រាប់អណត្តិទី១៣ ដែលមានរយៈពេល២ឆ្នាំ ពីឆ្នាំ២០២០-២០២២ ក្នុងមហាសន្និបាតលើកទី២៥។

សម្រាប់ការប្រកួតប្រជែងតំណែងប្រធានគណៈមេធាវីនេះ គឺមានអ្នកបោះឆ្នោតប្រមាណ១៧០០នាក់។ ក្នុងនោះ លោក លី ច័ន្ទតុលា ទទួលបានសំឡេងឆ្នោតគាំទ្រជាង៧៨% (៧៨.៦៥)  ស្មើនឹង១ពាន់ ៤៤៤សំឡេង លើសបេក្ខជនផ្សេងទៀត។

លោកលី ច័ន្ទតុលា ដែលតែងការពារក្តីឱ្យប្រមុខរដ្ឋាភិបាលោក ហ៊ុន សែន និងជាមេធាវីតំណាងអាណត្តិលោក ហ៊ុន សែន ផង នឹងទទួលដំណែងប្រធានគណៈមេធាវីនេះ បន្តពីលោក សួន វិសាល ដែលកាន់តំណែងតាំង២អាណត្តិចុងក្រោយតាំងពីឆ្នាំ២០១៦មក។

លោក លី ច័ន្ទតុលា បានថ្លែងអំណរគុណដល់អ្នកដែលបានបោះឆ្នោតជ្រើសរើសយករូបលោកដឹកនាំជាប្រធានគណៈមេធាវីអាណត្តិថ្មី។  លើសពីនេះ លោកប្តេជ្ញាចិត្តថា នឹងរួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវីផងដែរ។

មេធាវីរូបនេះ បានក្លាយជាមេធាវីពេញសិទ្ធិចាប់តាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៩ មក ដោយលោកជាអតីតនិស្សិតទទួលបានសញ្ញាបត្រ ពីប្រទេសបារាំង កាលពីឆ្នាំ២០០៣។

លោកក៏ជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីដែលមានឋានៈស្មើរដ្ឋមន្ត្រី ហើយកាលពីឆ្នាំ២០១៩ លោកត្រូវបានព្រះករុណាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាមេធាវីរដ្ឋាភិបាល។ ចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ លោក លី ច័ន្ទតុលា ក៏បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីក្នុងអាណត្តិទី៧ផងដែរ។

យ៉ាងណាគេសង្ឃឹមថា ប្រធានគណៈមេធាវីថ្មីរូបនេះ នឹងជួយពង្រឹងវិជ្ជាជីវៈ ព្រមទាំងក្រមសីលធម៌របស់មេធាវីបន្ថែមទៀត ដើម្បីជាផ្នែកមួយជួយឱ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជាកាន់តែប្រសើរឡើងជាងពេលបច្ចុប្បន្ន៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.