លោក ហ៊ុន សែន បញ្ជា ឱ្យអាជ្ញាធរទាំងអស់ការពារទ្រព្យសម្បត្តិពលរដ្ឋ ខណៈសង្គមស៊ីវិលចង់ឱ្យមានអ្នកទទួលខុសត្រូវចំពោះការខូចខាត

លោក ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរ និងកងកម្លាំងទាំងឡាយត្រូវយកចិត្ដទុកដាក់ការពារទ្រព្យសម្បត្តិរបស់ ពលរដ្ឋនៅតាមផ្ទះ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព។

ថ្លែងនាឱកាសចុះទៅកាន់តំបន់ដែលពលរដ្ឋទទួលរងគ្រោះ ដោយសារ ជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី ១៥ ខែតុលា លោក ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរទាំងឡាយត្រូវត្រៀមបម្រុងគ្រប់ខេត្តទាំងអស់ ដើម្បីរំដោះពលរដ្ឋចេញពីតំបន់រងគ្រោះ ខណៈប៉ុន្មានថ្ងៃទៀតនឹងជួបព្យុះទី១៧បន្ថែម ទៀត។ លោកបន្ថែមថា មិនត្រូវមើលងាយស្ថានការណ៍ពាក់ព័ន្ធស្ថានភាពទឹកជំនន់នេះឡើយ។

ក្រៅពីកោតសរសើរកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ លោកនាយករដ្ឋមន្ត្រីក៏បានណែនាំទៅសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមដៃគ្នាសង្គ្រោះពលរដ្ឋ ដោយជម្លៀសពលរដ្ឋចេញតំបន់រងគ្រោះទៅ កន្លែងមានសុវត្ថិភាព។ លើសពីនេះ ត្រូវថែរក្សាឱ្យបាននូវអាយុជីវិតពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ពួកគាត់មិនឱ្យបាត់បង់នោះឡើយ។

ប្រមុខរាជរដ្ឋាភិបាលដដែល ក៏បានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវតាមដាន និងពិនិត្យព្យាបាលពលរដ្ឋ ដែលមានបញ្ហាសុខភាពនៅពេលនេះឲ្យបានល្អផងដែរ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី ១៦ខែតុលានេះ បញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស១៨នាក់ ក្នុងនោះមានក្មេងចំនួន៨នាក់ បានស្លាប់ដោយទឹកជំនន់ចន្លោះថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែតុលា។ លើសពីនេះ ពលរដ្ឋជាង៥ម៉ឺនគ្រួសារ (៥៣ ១៦៩) ឬស្មើនឹងជាង២១ម៉ឺននាក់ បានរងផលប៉ះពាល់ពីទឹកជំនន់ និងប៉ះពាល់ផ្ទះសម្បែងពលរដ្ឋជាង៥ម៉ឺនខ្នងនៅទូទាំងប្រទេស។ យ៉ាងណារបាយការណ៍នេះ នៅមិនទាន់បានបូកសរុបពីផលប៉ះពាល់ និងការខូចខាតសម្ភារៈរបស់ពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានៅឡើយទេ។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានលើកឡើងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃសុក្រនេះថា អ្នកស្រីចង់ឱ្យមានអ្នកទទួលខុសត្រូវចំពោះការខូចខាតរបស់ពលរដ្ឋដែលរងគ្រោះផងដែរ ដោយអ្នកស្រីបានចោទជាសំណួរថា តើរាល់ការខូចខាតអ្នកណាជាអ្នកជួយទទួលខុសត្រូវ ឬរ៉ាប់រង? សំណួរនេះ ត្បិតអ្នកស្រីក៏ជាជនរងគ្រោះម្នាក់អំពីបញ្ហាទឹកជន់លិចនេះផងដែរ។

ជំនន់ទឹកភ្លៀងក្នុងរយៈពេលប្រមាណ១០ថ្ងៃនេះ ក្រៅប៉ះពាល់ពលរដ្ឋរាប់ម៉ឺនគ្រួសារនៅតាមបណ្តាខេត្ត ក្រុង ហើយនោះ សម្រាប់រាជធានីភ្នំពេញវិញជំនន់ទឹកភ្លៀងក៏បានវាយប្រហារនៅតំបន់មួយចំនួនដែរ។

ផ្ទះសម្បែងពលរដ្ឋក្នុងរាជធានីភ្នំពេញ នៅតាមសង្កាត់ជាច្រើន បានលិចលង់ ហើយពលរដ្ឋត្រូវបង្ខំចិត្តជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈសម្ភារៈក្នុងផ្ទះ ឬកន្លែងរកស៊ី និងកន្លែងធ្វើការមួយចំនួនរងការខូចខាតស្ទើរទាំងស្រុង៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.