ពលរដ្ឋរស់នៅសង្កាត់១ ក្រុងព្រះសីហនុ ចោទក្រុមហ៊ុនអានកូបិទទ្វារទឹក នាំឲ្យជំនន់ទឹកភ្លៀងលិចផ្ទះពួកគាត់រាប់រយគ្រួសារ

ពលរដ្ឋរស់នៅភូមិ១ សង្កាត់១ បានចោទក្រុមហ៊ុនផលិតទឹកស្អាត អានកូ ដែលមានទីតាំនៅតំបន់ក្បាលឆាយ ក្រុងព្រះសីហនុ ថាជាដើមហេតុបង្ករឲ្យមានជំនន់ទឹកភ្លៀងជនលិចលំនៅដ្ឋាន របស់អ្នកភូមិពួកគាត់រាប់រយគ្រួសារ។

ផ្តើមពីបញ្ហានេះ ក្រុមពលរដ្ឋបានសំណូមពរដល់ លោក ហ៊ុន សែន ជួយអន្តរាគមន៍ទៅប្រធានក្រុមហ៊ុនអានកូ មានទីតាំងនៅតំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ ឲ្យបើកប្រឡាយ ឬទំនប់ស្តុកទឹករបស់ខ្លួនដើម្បីឲ្យជំនន់ទឹកភ្លៀង ហូរចេញត្បិតរាល់ថ្ងៃនេះ ភ្លៀងបានបន្តធ្លាក់មកយ៉ាងខ្លាំង ជាហេតុធ្វើឲ្យជំនន់ទឹកភ្លៀង បានជន់លិចលំនៅដ្ឋានពួកគាត់កាន់តែធ្ងន់ធ្ងរឡើងៗ។

ពួកគេថាក្រុមហ៊ុនអានកូ បានចាក់ដីទប់ទំនប់មិនឲ្យទឹកទឹកភ្លៀងហូរធ្លាក់ចុះទៅក្រោមបណ្តាលឲ្យជំនន់ទឹកភ្លៀងជន់លេចផ្ទះសម្បែង របស់ពួកគាត់ រាប់ខែមកហើយ ចាប់តាំងពីខែកុម្ភៈ រហូតមកដល់ថ្ងៃទី១៦ ខែតុលានេះ។

រហូតមកទល់ពេលនេះ គេសង្កេតឃើញមានពលរដ្ឋខ្លះ រស់នៅសង្កាត់១ ក៏បានជម្លៀសក្រុមគ្រួសារ ទៅជួលបន្ទប់រស់នៅកន្លែងផ្សេង ដែលមានសុវត្ថិភាព ហើយគ្រួសារខ្លះទៀត ក៏បាននាំយកប្រពន្ធកូនវិលមករស់នៅ ឯស្រុកកំណើតជាបណ្តោះអាសន្នសិន។ ពួកគេនិយាយថា លំនៅដ្ឋានពួកគេមួយចំនួន ត្រូវទឹកលិចស្ទើរដល់ដំបូលអស់ទៅហើយ។

យ៉ាងនេះក្តី The Cambodia Daily នៅមិនទាន់អាចទាក់ទងអ្នកគ្រប់គ្រងក្រុមហ៊ុនអានកូ ដើម្បីបំភ្លឺជុំវិញ លើករណីខាងលើនេះបានទេ នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០នេះ។

ទាក់ទិនជំនន់ទឹកភ្លៀងនេះដែរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀង បានជន់លិចឃុំ-សង្កាត់ចំនួន ២៨៣ នៅក្នុងរាជធានី-ខេត្តចំនួន ១៩។ ក្នុងនោះ បានប៉ះពាល់ប្រជាជនសរុបជាង ២១ម៉ឺននាក់។ ហើយគ្រោះធម្មជាតិនេះ ស្លាប់មនុស្សចំនួន ១៨នាក់ ដោយសារលង់ទឹក៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.