ជប៉ុន ត្រៀមចុះកិច្ចព្រមព្រៀងលក់អាវុធទៅអោយវៀតណាម ចំពេលចិន វាតទីកាន់ដែនកោះវៀតណាម

នៅសប្ដាហ៍ក្រោយនេះ នាយករដ្ឋមន្ត្រីជប៉ុនដែលទើបចូលកាន់តំណែង ជំនួសលោកស៊ីនហ្សូអាបេ នឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ដែលក្នុងនោះមានការរំពឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងចុះកិច្ចព្រមព្រៀងរួមគ្នាមួយ អំពីការទិញអាវុធពីប្រទេសជប៉ុន។

តាមសារព័ត៌មាន The South China Morning Post ដែលមានមូលដ្ឋាននៅ ក្រុងហុងកុង លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga ក្រោយពីបញ្ជប់ទស្សនកិច្ចនៅវៀតណាម លោកនឹងធ្វើទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ កាសែត ជប៉ុន Nikkei បានចុះផ្សាយថា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc កំពុងរង់ចាំ ការមកដល់របស់សមភាគី Yoshihide Suga  ។

កិច្ចព្រមព្រៀងជំនួញអាវុធរវាង រដ្ឋាភិបាល ក្រុងតូក្យូ និងក្រុងហាណូយ ត្រូវបានមើលឃើញថា ប្រទេសទាំងពីរជាពិសេស ប្រទេសជប៉ុន បង្កើន ជំនឿចិត្តរបស់ខ្លួន ទៅលើវៀតណាម ក្នុងការជួយឲ្យក្រុងហាណូយមាន ជំហរកាន់តែរឹងមាំក្នុងការប្រឈមនឹងប្រទេសចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង។

អ្នកវិភាគម្នាក់ គិតថា កិច្ចព្រមព្រៀងមុខជំនួញនៃប្រទេសទាំង២ គឺស្ដែងយ៉ាងពិតណាស់ថា វៀតណាមពិតស្វែងរកការគាំទ្រ ពីដៃគូដែលមានឥទិ្ធពលផ្នែកកងទ័ពដើម្បីធ្វើអោយមានតុល្យភាព ជាមួយនឹងចិន ករណីជម្លោះដែនសមុទ្រ រវាងវៀតណាមនិងចិន។

លោក Toshimitsu Shigemura ជាសាស្រ្តាចារ្យ នៃមុខវិជ្ជាទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ Waseda នៃទីក្រុងតូក្យូ បាននិយាយថា មានសារៈសំខាន់ណាស់ដែល លោកនាយករដ្ឋមន្ត្រី ជប៉ុន  Yoshihide Suga ធ្វើទស្សនកិច្ច ដំបូងគេក្នុងសមាគមអាស៊ានដោយជ្រើសរើសប្រទេសវៀតណាម គឺជាការបង្ហាញ ថា រដ្ឋាភិបាលជប៉ុន ចាប់ផ្ដើមពង្រឹងសម្ព័ន្ធភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចប្រឆាំងចិន។

អ្នកវិភាគរូបនេះ មើលឃើញទៀតថា ការពិតវៀតណាម គឺជាគូប្រជែងរបស់ ចិន ជាប្រវត្តិសាស្ត្រហើយចំណែក ជប៉ុន ក៏ចិនចាត់ទុកជាដៃគូ ដ៏គ្រោះថ្នាក់ផងដែរ។ ដូចនេះ ហើយ បានជាជប៉ុនតែងតែពង្រឹងមិត្តភាពនឹងវៀតណាម ដើម្បីរួមគ្នា ប្រឈមមុខនឹងចិន។

កាលពីខែសីហា ឆ្នាំ២០២០នេះ ជប៉ុនបានសម្រេច លក់នាវាល្បាតទើបផលិតចំនួន៦គ្រឿងទៅអោយវៀតណាម ក្នុងតំបន់ ៣៤៨លានដុល្លារ។ នាវាទាំង៦គ្រឿងនេះ វៀតណាមយកទៅប្រើប្រាស់ក្នុងការល្បាត ដែនសមុទ្ររបស់ខ្លួន ហើយជាការជួយពង្រឹងសមត្ថភាពកងនាវាចម្បាំងរបស់វៀតណាមទៀតផង។

លំហសមុទ្រដ៏ធំល្វឹងល្វើយនៃភាគខាងត្បូងប្រទេសចិនគឺសមុទ្រចិនខាងត្បូងដែលចិនអះអាងថាជាង៩០% ជាដែនទឹកប្រវត្តិសាស្រ្ដរបស់ខ្លួន។

តែនៅពេលនេះប្រទេសណាក៏អាចធ្វើនាវាចរណ៍បានដែរនៅក្នុងតំបន់នោះ។ប៉ុន្តែការធ្វើដំណើរតាមទូក និងកប៉ាល់ធម្មតារបស់ប្រទេសអាស៊ានមានជម្លោះដែនសមុទ្រជាមួយចិនហាក់ថយចុះសកម្មភាព។

ចាប់តាំងពីចិនបើកនាវាល្បាយបុកពន្លិចទូកនេសាទរបស់ប្រទេសវៀតណាម និង រឹបអូសឧបរកណ៍ទូកនេសាទហ្វីលីពីន គេសង្កេតឃើញនាវាចម្បាំង ពីប្រទេសធំៗក្រៅតំបន់ចូលមកកាន់សមុទ្រចិនខាងត្បូងកាន់ច្រើនដែលធ្វើឱ្យចិនស្ថិតក្នុងស្ថានភាព ទាល់ច្រកហើយចេះតែធ្វើសមយុទ្ធនាវាជើងទឹកគំរាមប្រទេសក្នុងតំបន់។

កាលពីថ្ងៃទី៩តុលា កងកម្លាំងការពារខដែនសមុទ្រជប៉ុនបានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកនៅសមុទ្រចិនខាងត្បូង។ សមយុទ្ធនោះមានការដាក់ពង្រាយនាវាចម្បាំងធំៗចំនួនបី ក្នុងនោះមួយគ្រឿងជានាវាដឹកឧទ្ធម្ភាគចក្រ និង មួយទៀតជានាវាមុជទឹក។

ក្រសួងការពារជាតិជប៉ុនចេញសេចក្ដីថ្លែងការណ៍ថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បីជម្រុញសមត្ថភាពយុទ្ធវិធីនៃល្បែងសង្គ្រាម។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះពុំមានបញ្ជាក់អំពីទីតាំងភូមិសាស្រ្ដនៃការធ្វើសមយុទ្ធឡើយ។ តែនាវាចម្បាំងទាំងបីគ្រឿងនេះបាន សំចត នៅមូលដ្ឋានទ័ពជើងទឹកវៀតណាម Cam Ranh ។

ជាមួយគ្នានេះដែរ ពីប្រទេសចិន ប្រធានាធិបតីស៊ីជីងភីងបានរអំពាវនាវឱ្យកងទ័ពដាក់ចិត្តនិងថាមពលដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាម។

ប្រសាសន៍របស់លោកស៊ីជីងភីងត្រូវបានទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួររាយការណ៍ថា ជាសុន្ទរកថាផ្ទាល់នៅចំពោះមុខកងទ័ពនៅមូលដ្ឋានទ័ពមួយនៅភាគខាងត្បូងប្រទេសចិនគឺខេត្តគួងតុង។

ការថ្លែងឱ្យកងទ័ពប្រុងប្រៀបធ្វើសង្គ្រាមនេះគឺជាលើកទីមួយហើយដែលលោកស៊ីនិយាយនៅចំពោះមុខកងទ័ពខណៈចិន ចង់តែបង្កសង្គ្រាមលុកលុយកោះតៃវ៉ាន់ ។

ប៉ុន្ដែលោកស៊ីទៅធ្វើអធិការកិច្ចនោះ ពុំមែន នៅមូលដ្ឋានទ័ពដែនអាកាសនោះទេ។ សារព័ត៌មានចិនស៊ីនហួរចុះផ្សាយថា លោកទៅធ្វើទស្សនកិច្ចដើម្បីវាយតម្លៃនិងពិនិត្យស្ថានភាពកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន។លោកស៊ីបានប្រាប់កងទ័ពទាំងនោះថា ត្រូវរក្សាស្ថានភាពប្រុងប្រយ័ត្នខ្ពស់បំផុត ហើយ ត្រូវតែមានភាពស្មោះត្រង់ មានភាពបរិសុទ្ធ និង អាចទុកចិត្តបានជាដាច់ខាតក្នុងស្ថានភាពសង្រ្គាម។

គោលបំណងចម្បងបំផុតរបស់លោកស៊ីដែលទៅទស្សនកិច្ចនៅខេត្តគួងតុងគឺដើម្បីផ្ញើសារទៅកាន់ប្រទេស ដែលតាំងចិត្តចូលខ្លួនមកពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង ។ ប្រទេសទាំងនោះ មានជប៉ុន អាមេរិក អូស្រ្តាលី ឥណ្ឌា ជាដើម៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.