សកម្មជនការពារបរិស្ថានជំទាស់ការលុបបឹងបួរនានា តែត្រូវរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនគ្មានលើកលែង

រាជបណ្ឌិតសភាកម្ពុជាអះអាងថា ដើម្បីកាត់បន្ថយទឹកជំនន់ដែលបណ្តាលមកពីទឹកភ្លៀង ត្រូតែនាំគ្នាស្តារប្រឡាយ ស្ទឹង អូរ ដៃទន្លេ ឱ្យបានជ្រៅ និងមិនត្រូវនាំគ្នាលុបបឹងបួរទាំងនោះជាដាច់ខាត។

ប្រធានរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត សុខ ទូច លើកឡើងថា មិនត្រូវបណ្តាយមនុស្សទៅរស់តាមច្រាំងស្ទឹង ទន្លេ អូរ ព្រែក ដែលជាមូលហេតុធ្វើឱ្យស្ទះចរន្តទឹកក៏ដូចជាគ្មានអនាម័យ និងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់ផងដែរ និងសូមកុំលុបបឹងបន្តទៅទៀត បើមិនបានបង្កើតថ្មីទេនោះ។ លោកបញ្ជាក់ថា អាណាចក្រអង្គរដ៏ល្បីល្បាញត្រូវបានពិភពលោកទទួលស្គាល់ថាមានសេដ្ឋកិច្ចរុងរឿង ដោយសារវិស័យ កសិកម្ម ដែលក្នុងនោះការរៀបចំប្រព័ន្ធធារាសាស្ត្រដោយការ   ជីកបារាយណ៍ធំៗ ដើម្បីស្ដុកទឹក សម្រាប់បម្រើក្នុងវិស័យនេះ ដូច្នេះមិនត្រូវនាគ្នាកុំលុបបឹងបួរបន្តទៀតនោះទេ។

ការអះអាងនេះធ្វើឡើងក្រោយភ្លៀងធ្លាក់ជាប់ៗគ្នាឥតឈប់ចាប់ពីខែ កញ្ញា រហូតដល់ ដើមខែតុលា នេះ ដោយទទួលរងឥទ្ធិពលព្យុះពីប្រទេសជិតខាងដែលបណ្តាលឲ្យ ពលរដ្ឋ និងរាជធានីខេត្តស្ទើរតែទាំងអស់នៃប្រទេសកម្ពុជាបានរងការវាយប្រហារដោយទឹកជំនន់ និងទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ ស្ថាបនិកនៃអង្គការមាតាធម្មជាតិ អាឡិចសាន់ដ្រូ ហ្កុនហ្សាឡេសដាវីតសុនបានបា្រប់ The Cambodia Daily នៅថ្ងៃនេះថា លោកឯកភាពនឹងការលើកឡើងរបស់លោក សុខ ទូច ដែលថាមិនត្រូវលុបបឹង បួរ ឬដៃទន្លេជាដើម ត្បិតការលុបបឹងបួរទាំងនោះបានបង្កជាភាពផលអាក្រក់យ៉ាងខ្លាំង ដែលបានកើតឡើងយ៉ាងជាក់ច្បាស់ក្នុងពេលបច្ចុប្បន្ននេះ។

លោកបញ្ជាក់ថា លោកពិតជាមានការព្រួយបារម្ភណាស់ ខណៈប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញបានត្អូញត្អែរអស់រយៈពេលជាច្រើនឆ្នាំមកហើយអំពីទឹកជំនន់ដែលលិចផ្លូវ និងផ្ទះសម្បែងរបស់ពួកគេ ហើយគ្រោះមហន្តរាយនេះ នឹងកាន់តែបង្ករផលអាក្រក់ជាងនេះបន្ថែមទៀត ត្បិតបឹងធំៗដែលជាអាងស្តុកទឹកក្នុងរាជធានីភ្នំពេញកំពុងត្រូវបានក្រុមហ៊ុនឯកជនបន្តលុបជាបន្តបន្ទាប់។

លោកថា ដើម្បីបញ្ជៀសទឹកជំនន់ទាំងនោះ លោក ហ៊ុន សែន ត្រូវបញ្ឈប់ការលុបបឹងទាំងនោះជាបន្ទាន់ តែបញ្ហាដ៏ធំនៅត្រង់ថា បឹងទំពន់ និងបឹងតាមោក ជាវិស័យសេដ្ឋកិច្ចដ៏ធំរបស់គ្រួសារអ្នកកាន់អំណាច ជាពិសេសគឺគ្រួសាររបស់លោក ហ៊ុន សែន នេះតែម្តង។

បឹងធំៗចំនួន៤ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន បឹងត្របែក ,បឹងតាមោក(កប់ស្រូវ) ,បឹងទំពន់ និង បឹងជើងឯក ក្នុងនោះដែរ បឹងតាមោក បឹងទំពន់ និងបឹងជើងឯក កំពុងរងការគម្រាមកំហែងពីរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនមួយចំនួនលុបបឹងទាំងនោះក្រោមហេតុផលអភិវឌ្ឍន៏។

កាលពីឆ្នាំ២០០៨ តំបន់បឹងកក់ ត្រូវបានរដ្ឋាភិបាលកម្ពុជាកាត់ទោឲ្យក្រុមហ៊ុនឯកជន និងបូមខ្សាច់លុបផ្ទៃបឹងទាំងស្រុង ដើម្បីសាងសង់អគារពណិជ្ជកម្មរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ បឹងកក់ជាបឹងដ៏ធំមួយស្ថិតនៅកណ្តាលរាជធានីភ្នំពេញមានទំហំ ៣២៨ រ៉ៃ ដែលវាអាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ហើយការលុបបឹងនេះបានធ្វើឲ្យ ពលរដ្ឋជាង ៤ពាន់ គ្រួសាររងការបណ្តេញចេញដោយបង្ខំពី                       រដ្ឋាភិបាលកម្ពុជា។

ចាប់តាំងពីខែ សីហា ឆ្នាំ២០១៨ មក រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេចកាត់ផ្ទៃបឹងតាមោក ចេញពីសម្បត្តិសាធារណៈរបស់រដ្ឋឲ្យទៅក្រុមហ៊ុនឯកជន និងស្ថាប័ននានារបស់រដ្ឋ ជាបន្តបន្ទាប់ អស់ជិត ៥០០ ហិកតាហើយ។ បឹងតាមោក ឬបឹងកប់ស្រូវ មានផ្ទៃដីសរុប ជាង៣ម៉ឺន (៣២,៣៩៧) ហិកតា ដែលបានកំណត់នៅក្នុងអនុក្រឹត្យ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោកជាសម្បត្តិសាធារណៈរបស់រដ្ឋ។ បឹងតាមោកជាបឹងធម្មជាតិធំជាងគេស្ថិតនៅសង្កាត់គោករកា ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

អង្គការសមាគមនៅកម្ពុជាព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលុបបឹងធម្មជាតិដ៍សំខាន់ៗជាច្រើនក្នុងរាជធានីភ្នំពេញដែលធ្វើឲ្យប៉ះពាល់ជីវចម្រុះ បរិស្ថាន និងបង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋរាប់ពាន់គ្រួសារ ប្រឈមនឹងការគំរាមកំហែងបណ្តេញចេញពីលំនៅឋានរបស់ពួកគេផងដែរ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.