អង្គការអន្តរជាតិ Human Right Watch ជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការចាប់ចង់ពលរដ្ឋដែលបានបញ្ចេញមតិពាក់ព័ន្ធជំងឺកូរ៉ូណា

អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Right Watch បានជំរុញឱ្យអាជ្ញាធរកម្ពុជា គួរតែបញ្ឈប់ការចាប់ខ្លួនមនុស្សចំពោះការសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ឬ កូរ៉ូណា ក្រោមលេសថាជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃម្សិលមិញ អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិមួយនេះ បានឱ្យដឹងថាចាប់តាំងពីចុងខែមករា មកអាជ្ញាធររដ្ឋាភិបាលលោកហ៊ុន សែនបានចាប់ខ្លួនមនុស្សចំនួន ១៧ នាក់ហើយ ដែលក្នុងនោះមានស្រី ៥នាក់ ដោយគ្រាន់តែពួកគេចែកចាយនូវក្តីបារម្ភ ឬព័ត៌មានពាក់ព័ន្ធវីរុសកូរ៉ូណានៅកម្ពុជា។

ក្នុងចំណោមពលរដ្ឋដែលត្រូវបានចាប់ខ្លួនទាំងនោះ ក៏មានសមាជិក ឬអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិចំនួន ៤រូប ហើយពួកគេទាំងនោះត្រូវបានតុលាការ ដាក់ឱ្យស្ថិតនៅក្នុងការឃុំខ្លួនជាបណ្តោះអាសន្ន ថែមទៀត។

ជាមួយគ្នានេះ អាជ្ញាធរក៏បានចាប់ខ្លួននិងសាកសួរក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ដែលបានបង្ហាញការភ័យខ្លាចនៅលើបណ្តាញសង្គមអំពីពាក្យចចាមអារាម នៃអ្នកដែលបានឆ្លងជំងឺនេះ នៅតំបន់ដែលនាងរស់នៅផងដែរ។

Human Right Watch បញ្ជាក់ថាក្នុងចំណោមមនុស្សចំនួន ១៧នាក់ដែលត្រូវបានឃាត់ខ្លួន គឺមានមនុស្ស ១២នាក់ហើយ ត្រូវបានដោះលែងពីការឃុំខ្លួនបន្ទាប់ពីធ្វើការសុំទោស និងបានចុះហត្ថលេខាសន្យាមិនផ្សព្វផ្សាយ “ព័ត៌មានក្លែងក្លាយ” នាពេលអនាគតបន្តទៀត។

ដោយឡែកមនុស្ស៥នាក់ទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអានស្ន ក្រោមការចោទប្រកាន់បទញុះញង់ឱ្យប្រព្រឹត្តបទល្មើស និងផ្សព្វផ្សាយព័ត៌មានមិនពិត។

នាយករងអង្គការ Human Right Watch ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុនមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់យុទ្ធនាការរីករាលដាលនៃជំងឺកូរ៉ូណា ក្រោមលេសផ្សព្វផ្សាយព័ត៌មានកន្លែងក្លាយនោះ ដើម្បីរារាំងសកម្មជនប្រឆាំង និងអ្នកផ្សេងទៀតដែលបង្ហាញការព្រួយបារម្ភអំពីជំងឺនេះ និងការឆ្លើយតបរបស់រដ្ឋាភិបាល ។

លោកថា រដ្ឋាភិបាលគួរតែបញ្ឈប់ការរំលោភបំពានលើសិទ្ធិសេរីភាពក្នុងការនិយាយស្តីរបស់ប្រជាជន ហើយផ្ទុយទៅវិញគប្បីផ្តោតលើការផ្តល់ព័ត៌មានជូនសាធារណៈជន ពិសេសព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាអំពីជំងឺកូរ៉ូណាទៅកាន់ពលរដ្ឋវិញជាការប្រសើរជាង។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់ព្រមានចាប់ខ្លួនបុរសម្នាក់នៅខេត្តព្រៃវែង ដែលលោកអះអាងថាបានចាប់សំឡេងសន្ទនាក្នុងក្រុម ប្រសិនបើនៅតែនិយាយថាលោកបានឆ្លងជំងឺកូរ៉ូណា និងបានទៅធ្វើព្យាបាលជំងឺនៅប្រទេសសិង្ហបុរីទៀត។

ក្រោយការបញ្ចេញសារព្រមានរបស់លោក ហ៊ុន សែននេះ សមត្ថកិច្ចការបានចាប់ខ្លួនពលរដ្ឋដែលផ្សព្វផ្សាយនិងរិះគន់រដ្ឋាភិបាល អំពីចំណាត់ការទប់ស្កាត់ជំងឺកូរ៉ូណានេះជាបន្តបន្ទាប់។

នៅថ្ងៃពុធនេះ លោក ហ៊ុន សែន អះអាងថាកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូរ៉ូណាចំនួន៩៣នាក់ហើយ ដោយក្នុងនោះគ្រូពេទ្យបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយចំនួន៤នាក់។ អ្នកជាសះស្បើយទាំងនោះ មានពលរដ្ឋខ្មែរពីរនាក់ អង់គ្លេសម្នាក់ និងជនជាតិចិនម្នាក់។

លោក Phil Robertson បន្ថែមថា  វាគួរឱ្យភ័យខ្លាចខ្លាំងណាស់ដែលក្នុងកំឡុងពេលមានវិបត្តិជាតិរដ្ឋាភិបាលកម្ពុជាហាក់ដូចជាចាប់អារម្មណ៍ក្នុងការបំបិទសំឡេងអ្នករិះគន់តាមប្រព័ន្ធអ៊ិនធឺណិត ជាជាងការធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈអំពីវិបត្តិជំងឺកូវីដ- ១៩ នេះទៅវិញ ។

លោកថា រដ្ឋាភិបាលបរទេស និងម្ចាស់ជំនួយដែលលើកស្ទួយសិទ្ធិមនុស្សគួរតែជំរុញរដ្ឋាភិបាលកម្ពុជាឱ្យប្រកាន់យកនូវវិធីសាស្រ្តគោរពសិទ្ធិមនុស្សក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ ដោយចាប់ផ្តើមពីការលើកស្ទួយសេរីភាពនៃការបញ្ចេញមតិ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.