ជប៉ុនផ្តល់ជំនួយជាង៣០០លានដុល្លារដល់កម្ពុជា លើវិស័យអភិវឌ្ឍន៍សង្គម

រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណង និងឥណទានសម្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជាលើទំហំទឹកប្រាក់ទំហំជាង៣រយលានដុល្លារ ក្នុងគម្រោងអភិវឌ្ឍន៍សង្គមមួយចំនួន។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅថ្ងៃនេះ បានឱ្យដឹងថា លោកបានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនដល់រដ្ឋាភិបាលកម្ពុជា ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារសហរដ្ឋអាមេរិក។

លោកថា ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រី រដ្ឋ  មន្ត្រីក្រសួងការបរទេសកម្ពុជា លោកប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro)។ លោកថា ថវិកាទាំងនោះ គ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង។

គម្រោងជំនួយឥតសំណងទាំងនោះ ដូចជាគម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ប្រមាណ៣១លានដុល្លារអាមេរិក។

គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានទឹកប្រាក់ចំនួន ប្រមាណ ៩លានដុល្លារ។ គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក)។

ដោយឡែកឥណទានសម្បទាន សម្រាប់អនុវត្តលើគម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ប្រមាណ ១៦១លានដុល្លារអាមេរិក។ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ ពីព្រែកក្តាម ដល់ធ្លាម្អម ដែលមានទឹកប្រាក់ ប្រមាណ១០៦ លានដុល្លារអាមេរិក។

លោកហ៊ុន សែន អះអាងថា ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរកាន់តែប្រសើរឡើងផងដែរ។ យ៉ាងនេះក្តីរបាយការណ៍ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថាគិតត្រឹមឆ្នាំ២០១៩ កម្ពុជាជំពាក់បំណុលបរទេសសរុបជាង៧ពាន់លានដុល្លារ ដោយក្នុងនោះកម្ពុជាជំពាក់ជប៉ុនជិត៤រយលានដុល្លារ ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.