លោក កឹម សុខា ជំរុញឱ្យមានឯកភាពជាតិ និងអន្តរជាតិ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូរ៉ូណា

ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងស្ថិតក្នុងដំណើរការក្តីនៅតុលាការ ជំរុញឲ្យមានសាមគ្គីភាពជាតិ និងអន្តរជាតិ ដើម្បីប្រឆាំងនឹងការរីករាលដាលជំងឺCovid-19 ដ៏កាចសាហាវឃោឃៅនៅពេលនេះ។

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ក្នុងគ្រាដែលមានគ្រោះអាសន្ននេះ មិនមែនជាបញ្ហារបស់បុគ្គលណា គ្រួសារណា សហគមន៍ណា ប្រទេសណា ឬជាតិសាសន៍ណាមួយនោះឡើយ ប៉ុន្តែវាបានក្លាយទៅជាវិបត្តិសកលរួចទៅហើយ។

ម្យ៉ាងទៀតលោកថា វីរុសCovid-19នេះ បានរាតត្បាត បង្ករជំងឺ និងសម្លាប់មនុស្សដោយមិនរើសមុខ មិនរើសអើងជាតិសាសន៍ ប្រទេសតូច ឬប្រទេសធំ ប្លុកកុម្មុនីស ឬប្លុកសេរី អ្នកធំ ឬអ្នកតូច អ្នកមានឬអ្នកក្រ នោះឡើយ។ ជាពិសេសជំងឺរាតត្បាតនេះ មិនត្រឹមតែវាយប្រហារទៅលើសុខភាព និងអាយុជីវិតមនុស្សដោយផ្ទាល់នោះទេ ប៉ុន្តែវាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់មនុស្សទូទៅយ៉ាងធ្ងន់ធ្ងរ ប្រសិនបើយើងមិនរួបរួមគ្នាប្រយុទ្ធ     យកឈ្នះលើវាឲ្យបានព្រមៗគ្នា និងឲ្យបានឆាប់រហ័សទេនោះ។

លោក កឹម សុខា ក៏ជំរុញឱ្យពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេសចូលរួមសាមគ្គីជាតិ ឯកភាពជាតិ គ្មានការរើសអើង ឬប្រកាន់និន្ននាការនយោបាយ និងផ្តល់អាទិភាពយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ ដោយត្រូវថែរក្សាការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានខ្ជាប់ខ្ជួនតាមក្បួនវិជ្ជសាស្ត្រ ដែលបានណែនាំជាផ្លូវការដោយស្ថាប័នជំនាញ។

បន្ថែមពីនេះ ត្រូវចូលរួមចែករំលែកដោយសេចក្តីមេត្តា ករុណា ជួយគ្នាទៅវិញទៅមក ជួយសង្គម និងជួយប្រទេសជាតិ តាមស្មារតី និងតាមលទ្ធភាព ក្នុងស្ថានភាពដ៏អាសន្ននេះ។ ជាងនេះទៅទៀតលោកក៏បានលើកទឹកចិត្ត និងកោតសរសើរ ដល់សមត្ថកិច្ចដែលខិតខំ ប្រឹងប្រែង ធ្វើការលះបង់បំពេញការងារដ៏លំបាក និងគ្រោះថ្នាក់នេះ ដោយមិនត្រូវបំភ្លៃ ឬបំប៉ោងពត៌មាន និងមិនត្រូវលាក់បាំងព័ត៌មានពិតនោះដែរ។

គិតមកដល់ត្រឹមម៉ោងផ្សាយនេះ ក្រសួងសុខាភិបាលឱ្យដឹងថា បានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន៨៦នាក់ហើយ។ ក្រោយពីបានរកឃើញអ្នកឆ្លងជំងឺនេះមានការកើនឡើងជាបន្តបន្ទាប់ រដ្ឋាភិបាលបានប្រកាសដាក់ឱ្យសាលារៀនទាំងអស់វ៉ាកងមុនពេលកំណត់ បិទក្លឹបកម្សាន្ត ខារ៉ាអូខេ និងពិធីជួបជុំបែបសាសនាផ្សេងទៀតជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

ជាងនេះទៀត ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន នៅថ្ងៃនេះ បានប្រកាសថាក្រុមគ្រូពេទ្យជំនាញចំនួន៧ នាក់ និងឧបករណ៍បច្ចេកទេសមកពីប្រទេសចិនបានមកដល់កម្ពុជាដើម្បីបង្ហាត់បង្រៀនពីបច្ចេកទេសដល់គ្រូពេទ្យកម្ពុជាក្នុងការព្យាបាល ឬទប់ស្កាត់ជំងឺនេះក្រោយពេលប្រទេសរបស់ខ្លួនទទួលបានជោគជ័យលើបញ្ហានេះ។

អ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក គឹម សុខ អះអាងថា វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងមានប្រសិទ្ធភាពបំផុត ប្រសិនបើលោក ហ៊ុន សែន មានស្មារតីឬ ការតាំងចិត្តខ្ពស់ ដូចអ្វីដែលលោកបានតាំងចិត្តបំផ្លាញគណបក្សសង្រ្គោះជាតិកន្លងមក។

លោក គឹម សុខ បានសរសេរលើហ្វេសប៊ុករបស់លោកកាលពី              ម្សិលមិញថា ប្រសិនបើលោក ហ៊ុន សែន ខំកម្ចាត់វីរុសកូវីដ១៩ ដូចនៅពេលដែលគាត់ខំកម្ចាស់គណបក្សប្រឆាំងវិញនោះ ម្លេះកម្ពុជាដែលជាប្រទេសក្ដៅខ្លាំង អាចធូរស្រាលច្រើនពីមហន្តរាយវីរុសថ្មីនេះ។

លោកថា ភាពខុសគ្នារវាងការប្រយុទ្ធនឹងកូវីដ១៩ និងការបំផ្លាញបក្សប្រឆាំង នៅត្រង់ថា ការកម្ចាត់ជំងឺកូវីដ ១៩ ត្រូវប្រើពេទ្យជាទ័ពជួរមុខ  រីឯការកម្ទេចបក្សប្រឆាំងវិញ លោក ហ៊ុន សែន បានប្រើកម្លាំងប្រដាប់អាវុធ និងតុលាការជាកម្លាំងជួរមុខ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.