ព្រះមហាក្សត្រ និងឧកញ៉ាមួយចំនួននៅកម្ពុជាចាប់ផ្តើមផ្តល់ថវិកា ដើម្បីទប់ស្កាត់ជំងឺកូរ៉ូណា

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានប្រោសព្រះរាជប្រទានព្រះរាជទ្រព្យរបស់ព្រះអង្គនូវទឹកប្រាក់៣សែនដុល្លារសហរដ្ឋអាមេរិក(៣០០ ០០០) ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ដែលកំពុងរាលដាលក្នុងពេលបច្ចុប្បន្ន។

ក្នុងសារលិខិតពីព្រះបរមរាជវាំង កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិនា ឱ្យដឹងថា ព្រះអង្គបានព្រះរាជប្រទានព្រះរាជទ្រព្យចំនួន បីសែន ដុល្លារសហរដ្ឋអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ដែលកំពុងផ្ទុះនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

ដោយឡែកតាមលិខិតថ្លែងអំណរគុណរបស់ប្រមុខរដ្ឋាភិបាលនៅថ្ងៃនេះ មានឧកញ៉ាឬ មហាសេដ្ឋីនៅកម្ពុជាបីរូបហើយ រួមមានឧកញ៉ា ពុង ឃាវសែ ឧកញ៉ា គិត ម៉េង ៥០ម៉ឺនដុល្លារ ឧកញ៉ាទ្រីភាព និងម្ចាស់ក្រុមហ៊ុនជីប ម៉ុង ជាដើមក៏បានចូលរួមថវិកាជួយរដ្ឋាភិបាលក្នុងម្នាក់ៗ ចំនួន៥០ម៉ឺនដុល្លារផងដែរ។

នៅថ្ងៃសុក្រនេះ ប្រមុខដឹកនាំរដ្ឋាភិបាលលោក ហ៊ុន សែន បានលើកឡើងថាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ គឺជាព្រះរាជគំរូដ៏ឧដ្តុងឧត្តម សម្រាប់ជួយដល់រាជរដ្ឋាភិបាលក្នុងការបំពេញភារកិច្ច ឬ វិធានការមួយចំនួនដើម្បីទប់ស្កាត់ជំងឺកូរ៉ណានេះ។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏ប្រកាសទទួលយករាល់ជំនួសពីសប្បុរសជនដើម្បីយកមកបម្រើក្នុងបុព្វហេតុជួយទប់ស្កាត់ជំងឺកូរ៉ូណា ក្នុងស្ថានភាពលំបាកនេះ និងការពារជីវិតរបស់ពលរដ្ឋកម្ពុជាផង។

យ៉ាងណាកាលពីពេលថ្មីៗ លោកហ៊ុន សែន អះអាងថាកម្ពុជាបានត្រៀមថវិកាចំនួនចន្លោះពី ៨រយលាន ទៅ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទប់ទល់ផលប៉ះពាល់សេដ្ឋកិច្ចដោយសារវីរុសកូរ៉ូណានេះ។

គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជា រកឃើញករណីអ្នកមានវីរុសកូវីដ១៩នាក់ទៀត សរុបទាំងអស់មានចំនួន ៤៧នាក់ ក្នុងនោះស្រី ០៤នាក់ ប្រុស ៤៣នាក់៕ 

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.