ក្រុមសកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ថា​ ជន​សង្ស័យ​ពីរ​នាក់​ ត្រូវបាន​ឃុំខ្លួនដើម្បីសាកសួរ​

​សកម្មជន​ការ​ពារ​សិទ្ធិមនុស្ស​បាន​អះអាង​កាល​ពី​ម្សិល​មិញថា​ ជន​សង្ស័យ​ពីរ​នាក់​​នៅ​ក្នុង​ការ​បាញ់​សម្លាប់​លោកឈុត​ វុទ្ធីសកម្មជន​​ការ​ពារ​ព្រៃ​ឈើនិង​លោកអិុនរតនា​ មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​នោះ ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន ​ដើម្បី​សាក​សួរ​នៅ​ខេត្តកោះ​កុង ​ប៉ុន្តែ​​មន្ដ្រី​រដ្ឋាភិបាល​​មិន​ព្រម​បញ្ជាក់​ពី​ការ​អះអាង​បែប​នេះ​ទេ។

លោកនាង​ បូរ៉ាទីណូអ្នក​សម្រប​សម្រួល​របស់​​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំខេត្ត​កោះកុង​បាន​មាន​ប្រសាសន៍ថា លោក រ៉ាន់​ បូរ័ត្នអាយុ​២៧ឆ្នាំ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​កង​រាជ​អាវុធ​ហត្ថ​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​​មក​ ហើយ​ជន​សង្ស័យ​​មិន​ស្គាល់​ឈ្មោះម្នាក់​ទៀតត្រូវ​បាន​ឃុំ​ខ្លួន​តាំង​ពី​ថ្ងៃ​អង្គារ​។

លោករ៉ាន់បូរ័ត្នត្រូវ​បាន​អះអាង​​ថាជា​សន្ដិសុខ​នៅ​ក្រុម​ហ៊ុន​ ធីម​បឺ ហ្គ្រីន (Timber Green) ជាក្រុម​ហ៊ុន​ដែល​គេ​គិតថា​ មាន​អាជ្ញា​ប័ណ្ណ​កាប់​ឈើ​នៅ​ក្នុង​​​តំបន់​អនាគតអាង​ស្តុកទឹកជំុវិញ​​ទំនប់​វារីអគ្គិសនី​​ឫស្សី​ជ្រុំ​ ក្នុង​ខេត្ត​កោះកុងហើយ​ក្រុមហ៊ុន​​​ចិន​ ហ៊ួឌានខប (Huadian Corp)ដែល​ជា​​ក្រុម​ហ៊ុន​ថាមពលចិន​​គ្រប់​គ្រងដោយ​រដ្ឋ​កំពុង​​សង់​ទំនប់​នេះ។

លោកបូរ៉ាទីណូ​ បាន​លើកឡើង​ថា “ ​បើ​តាម​លោកហ៊ុនរ៉ាន់ដែល​ជាឪពុក​របស់​ជន​សង្ស័យឈ្មោះ​​ រ៉ាន់​ បូរ័ត្ន​ បាន​ឲ្យ​ដឹង​ថារ៉ាន់​ បូរ័ត្នត្រូវ​បានកង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​តាំង​ពី​ប្រាំ​ថ្ងៃ​មុន​​ម៉្លេះ​ ហើយ​ឥឡូវនេះ​កូន​ប្រុស​គាត់​​​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅទីបញ្ជាការដ្ឋាន​​កងរាជ​អាវុធ​ហត្ថ​ខេត្ត”។ ​លោក បូរ៉ាទីណូបានបាន​បញ្ជាក់ថា រ៉ាន់ បូរ័ត្ន គឺ​ជា​មិត្តជិត​ស្និទ្ធ​របស់​លោក អិុន​ រតនា​ មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​​។

ការហៅ​ទូរស័ព្ទ​​ជា​ច្រើន​លើក​ច្រើន​សា​ទៅ​កាន់​លោក ហ៊ុន រ៉ាន់​ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចូលនិវត្តន៍​ មិន​មាន​ការ​ឆ្លើយ​តប​​ទេ​។

លោកចាន់សុវ៉េត​ អនុប្រធាន​កម្មវិធី​​សិទ្ធិ​មនុស្ស​របស់​អង្គការ​អាដហុក​បាន​មាន​ប្រសា​សន៍ថា ក្រៅ​ពី រ៉ាន់ បូរ័ត្ន សកម្មជនការពារ​សិទ្ធិ​មនុស្ស​ជឿ​ជាក់​ថាជន​សង្ស័យ​ម្នាក់​ផ្សេង​ទៀត​​

ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​​ឃុំ​ខ្លួន​ ដើម្បី​សាក​សួរ​កាល​ពី​ថ្ងៃ​អង្គារ​។

លោក ចាន់​ សុ​វ៉េត បាន​លើក​ឡើង​ថា “ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​បាន​ចាប់​ខ្លួន​មនុស្ស​​ពីរ​នាក់​ ហើយ​បាន​ឃុំ​ខ្លួន​ពួក​គេ​នៅទីបញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ”។លោក​​បាន​បញ្ជាក់​​ថា លោកបាន​និយាយ​ជាមួយ​ក្រុម​គ្រួសារ​របស់ រ៉ាន់​ បូរ័ត្ន ពិត​​មែន​ ហើយ​លោក​មិន​ស្គាល់​​ឈ្មោះ​ជន​សង្ស័យ​ទី​ពីរ​នោះ​ទេ​។

លោក ចាន់​ សុវ៉េត​ បាន​មាន​ប្រសាសន៍​ថា“ ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ​មិនទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​​នៅ​ឡើយ​ទេ​”។

លោកឧត្ដម​សេនីយ៍ឯក ម៉ក់​ ជីតូ ដែល​កំពុង​តែ​ដឹក​នាំ​ក្រុមការ​ងារ​ពិសេស​ រួម​មួយ​​​ចាត់​តាំង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​សម្លាប់​អ្នក​ទាំង​ពីរ​នេះ មិន​ប្រាប់​ថា​ មាន​ការ​នាំ​ខ្លួន​ជន​ណា​ម្នាក់មក​​សាកសួរឬក៏​អត់​​នោះ​ទេ​ ប៉ុន្តែ​​លោក​បាន​ប្រាប់​ថាគ្មាន​នរណាម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ។

លោកម៉ក់​ ជីតូ ​មាន​ប្រសាសន៍​មុន​ពេល​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​បន្ថែម​ថា“​ក្រុម​មន្ត្រី​មិនបាន​ចាប់​ខ្លួន​ជន​សង្ស័យ​នោះ​ទេ​ប៉ុន្ដែ​ ក្រុម​ការ​ងារ​របស់​យើង​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​នេះ​​ [កាល​ពី​ថ្ងៃ​ពុធ]​ ហើយ​សង្ឃឹម​ថា ពីរទៅ​បី​ថ្ងៃទៀត​ក្រុម​ការ​ងារ​របស់​យើង​នឹង​បញ្ចប់​ការ​ស៊ើប​អង្កេត​នេះ​ហើយ​”។

លោក សំ ឃិត​វៀន​ ស្នង​ការ​នគរ​បាល​ខេត្ត​កោះកុង​គ្រាន់​តែ​បាន​មាន​ប្រសាសន៍​ថា “នគរ​បាល​​កំពុង​សហការ​ជាមួយ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​” ហើយ​លោក​មិន​អាចធ្វើ​​អត្ថាធិប្បាយ​បន្ថែមអំពី​​ការ​ស៊ើប​អង្កេត​នេះបាន​​ទេ​។

ក្រុម​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​បាន​អះអាង​ថា រ៉ាន់​ បូរ័ត្ន​ ត្រូវ​បាន​ឃុំ​ខ្លួន​នោះក៏បាន​លើកឡើង​​ដែរ​ថា ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ឃុំ​ខ្លួន​ រ៉ាន់​ បូរ័ត្ន​ រយៈ​ពេល​យូរបែប​នេះ​។

តាម​ច្បាប់​ អាជ្ញាធរ​អាច​ឃំុ​ខ្លួន​​ជន​សង្ស័យ​​បណ្ដោះ​អាសន្ន​បាន​តែ​​៤៨ម៉ោង​ប៉ុណ្ណោះ​​ បន្ទាប់​មក​​ត្រូវ​តែ​បញ្ជូន​ទៅ​​ឲ្យ​​ចៅ​ក្រម​ស៊ើប​សួរ​។ទោះ​ជា​យ៉ាង​ណា​ លោកសុកសំអឿន​នាយក​ប្រតិបត្តិ​​ក្រុម​អ្នកច្បាប់​​ការ​ពារ​សិទ្ធិ​កម្ពុជា​បាន​លើក​ឡើង​ថា គេ​​អាចឃុំខ្លួន​ជន​សង្ស័យ​លើស​រយៈ​ពេល​៤៨ម៉ោង​ បាន ​ប្រសិន​បើ​ជន​សង្ស័យ​​ជា​ទាហាន​ ហើយ​ត្រូវ​​មេបញ្ជាការ​​របស់​​ខ្លួន​ជាអ្នក​ឃុំ​នោះ​។

ដោយ​ធ្វើ​តាម​អង្គការ​សហប្រជា​ជាតិ​សហគមន៍អឺរ៉ុប​បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍​មួយ​កាល​ពី​ម្សិល​មិញ​សម្តែង​​ការ​ព្រួយ​បារម្ភ​ចំពោះ​ករណី​ការ​បាញ់​សម្លាប់​នេះ​ ហើយ​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​នេះដោយ​ឯករាជ្យ​។

សេចក្ដី​ថ្លែង​ការ​ណ៍នេះ​បាន​លើក​ឡើង​ថា “គណៈប្រតិភូសហគម​ន៍​អឺរ៉ុប​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេតឲ្យ​បាន​​ឆាប់​រហ័ស​ ​ហ្មត់​ចត់ និងដោយ​​ឯករាជ្យលើ​ករណី​បាញ់​សម្លាប់​នេះ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា”។

អ្នក​យក​ព័ត៌មាន​ពីរ​នាក់​របស់​កាសែត​ ខេមបូឌា ដេលី មាន​វត្តមាន​នៅ​ក្នុង​ហេតុ​ការណ៍បាញ់​សម្លាប់​លោក ឈុត​ វុទ្ធី​ ប៉ុន្ដែ​អ្នកយក​ព័ត៌មាន​ទាំង​ពីរ​នេះ​មិនបាន​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​ ចំពោះការ​បាញ់​​លោកឈុត​ វុទ្ធីនិង​លោកអិុនរតនា​ នោះ​ទេ៕

ប្រែសម្រួលដោយ ស៊ាស៊ុយឈាង

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.