ប្រជា​ពល​រដ្ឋមិន​សប្បាយ​ចិត្ត​ចំពោះ​​ការ​ផាក​​​ពិន័យ​​​​​ដោយ​​​​ចេញ​សំបុត្រ​​​​​​​​​​​​ឲ្យទៅ​​​បង់​​​លុយនៅពេល​​​ក្រោយ

ក្រុម​មន្ត្រី​បាន​និយាយ​​ថា ​​​​​​ខ្លួន​​នៅ​មិន​ទាន់​​បូកសរុប​​​​នៅ​​ឡើយ​ទេ ​នូវ​លទ្ធ​ផល​​​​នៃ​​​ការ​​​អនុវត្តគោលនយោ​បាយ​​ថ្មីមួយ នៅ​​​ទូទាំង​​​ប្រទេស ដែល​បាន​ចូល​ជាធរ​មាន​​​កាល​ពី​ម្សិល​​​​មិញ​​  ដែល​ក្នុង​នោះ​​​នគរ​បាល​​​ចរាចរ​មិន​ត្រូវ​​​​ផាក​​ពិន័យ​​​អ្នក​​បើក​បរ​​រថ​យន្ត​​គ្រប់​ប្រភេទ​​នៅ​នឹង​កន្លែង​ឡើយ ​​ ​គឺ​ត្រូវ​​ចេញ​​​​​សំបុត្រ​​​​​ឲ្យ​​ពួកគេ​​​បង់​​ប្រាក់​​​​​ជា​​ក្រោយ។

បណ្តា​​​​​​​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល ​​នៅ​តែ​​មាន​​​​​​ការ​​​​ព្រួយ​បារម្ភ​​ថា ​វិធាន​ថ្មី​​នេះ​​​​នឹង​​កាន់​​​តែ​​ផ្តល់​​ឱ​កាស​​ឲ្យ​​​​​នគរ​បាល​ចរាចរ​​​​ ដែល​ល្បី​ខាង​ពុក​រលួយស្រាប់ នូវ​លេស​មួយ​​​សម្រាប់​​​​ទាមទារ​​ការ​សូក​ប៉ាន់​ពី​អ្នក​បើក​បរទៅ​វិញ​ទេ។

លោក នេត សាវឿន ​​​អគ្គ​ស្នង​ការ​នគរ​​បាល​​​​ជាតិ បាន​ប្រ​​កាស​​​​​​​វិធាន​ថ្មី​នេះ​​កាល​ពី​​ខែ​​​មុន ​​​​ក្នុង​​​កិច្ច​ខំ​ប្រឹង​​​ប្រែង​​មួយ​​​​​​​​​ដើម្បី​​សម្រួល​ដល់កិច្ច​​ការ​​របស់​នគរ​បាល​ចរាចរ​ក្នុង​ប្រទេស​និង​​​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​​​ជឿន​លឿន​​ដូច​​បណ្តា​​​​ប្រទេស​​​​​​ជិត​​ខាង​​​របស់​ខ្លួន។

ជំនួស​ឲ្យ​​​​​​​​​​ការ​​ផាក​ពិ​​ន័យ​​​​អ្នក​​បើក​បរ​រថ​យន្ត​​​នៅ​ នឹង​​​កន្លែង ​​នគរ​បាល​​​​ពេល​នេះ​​​​​​​​ត្រូវ​​​​ចេញ​​​​សំបុត្រ​​ឲ្យ​​​បង់​​​​ប្រាក់​ក្នុងរយ: ពេល​​៣០​ថ្ងៃ នៅ​តាម​ការិយា​ល័យ​​នគរ​បាល​ចរាចរ​ក្នុង​មូល​​​ដ្ឋាន​​​​​ ឬ​​​​នាយកដ្ឋាន​នគរ​បាល​​សណ្តាប់​​​ធ្នាប​​​់។

លោក ចេវ ហាក់ ​​​​​នាយ​រង​​​ការិយាយ​​ល័យ​​​នគរ​បាល​​ចរា​​ចរជើងគោក​រាជ​​​ធានី​ភ្នំ​ពេញ​​ ​បាន​មាន​ប្រ​សាសន៍​ថា “ថ្ងៃ​​នេះគឺ​ជា​ថ្ងៃ​​​​​ទី​មួយ​​​ហើយ​​ ដែល​​​​​នគរ​បាល​​​​​ចរា​ចរ​ចាប់អនុ​វត្ត​​​​​តាម​សារា​ចរណែ​នាំ​នេះ”។ លោក​បាន​​​មាន​​​ប្រសាសន៍​ទៀត​ថា លោក​សង្ឃឹម​ថា សារាចរ​​​ណែ​​​នាំ​​ថ្មី​​​​​​​នេះ​នឹង​ទទួល​​បាន​ជោគ​ជ័យ​​។

លោក​បាន​​មាន​ប្រសាសន៍​ថា “ការ​​​​អនុ​វត្ត​​​​​ច្បាប់​​​​​មាន​​ការ​​លំបាក ​​ប៉ុន្តែ​​យើង​ចង់​​​អនុ​វត្ត​​​​ច្បាប់​នេះ​ឲ្យ​​​​មាន​​ប្រ​សិទ្ធ​ភាព​​។ ប្រ​សិន​បើ​នគរ​បាល​ចរាចរ​​​​​​​​​​​​​​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ ​​​​​​អ្នក​​​​ទាំង​នោះ​​នឹង​​​ត្រូវ​​ប្រ​ឈម​ចំពោះ​មុខ​​​​ច្បាប់”។

មន្ត្រី​នគរ​បាល​​​ចរា​ចរ​ម្នាក់​​ឈរ​​ជើ​ង​នៅ​​​ចំណុច​​​​​ប្រ​សព្វ នៃ​ផ្លូវ​លេខ ​​​​២៧១​​​​ និង​​​មហា​វិថី​មុនី​រេ៉ត ​​​កាល​ពី​​​រសៀល​ថ្ងៃ​ម្សិល​មិញ​ ​បាន​​លើក​ឡើងថា លោក​​​មាន​​​សំបុត្រ​​ផាក​​​ពិន័យ​​​​​នេះ​​ហើយ​​ ​ប៉ុន្តែ​​មិន​ទាន់​បាន​​​​​​​​​​​​​​​ឲ្យ​នរណា​ម្នាក់​មួយ​សន្លឹក​នៅ​ឡើយទេ។

មន្ត្រី​នគរ​បាល​​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​​​រូប​នេះ​​​​ បាន​និយាយ​​ថា “យើង​មាន​​​​​​​សំបុត្រ​ផាក​​ពិន័យ​នៅ​ក្នុង​​ដៃហើយ ​ហើយ​យើង​នឹង​អនុ​វត្ត​តាម​សារា​​ចរ​ណែនាំ​​នេះ​​។ យើង​មិន​ដឹង​ថា វា​នឹង​ទៅ​ជា​បែប​ណា​​ទេ​​ ពីព្រោះយើង​​​​​ទើប​តែ​ចាប់​ផ្តើម​​”។

ប៉ុន្តែ​​លោក មាច ​សុខជា ​ដែល​រថ​យន្តដឹក​ស្វាយ​​របស់​​​លោកត្រូវបាន​​​​​​​​​​នគរ​បាល​​​ឃាត់​ឲ្យ​ឈប់​​​មុន​នេះ​បន្តិច​​​ ដោយ​សារតែបើក​​ឆ្លង​កាត់​​ភ្លើងស្តុប​ពណ៌​ក្រហម​​ នៅ​​​ត្រង់ចំណុច​​ផ្លូវ​ប្រសព្វ​នេះ ​បាន​និយាយ​ថា លោក​មិន​​​ដែល​ទទួល​បាន​​សំបុត្រ​​ផាក​ពិន័យ​​ទេ។

លោក មាច ​ សុខជា ​ដែល​បាន​ទទួល​ស្គាល់​​​​​​ថា បាន​​បើក​ឆ្លង​កាត់​ភ្លើង​ក្រហម​ និង​បើក​បរ​ដោយគ្មាន​​​ប័ណ្ណ​​​​បើក​បរ​​​​នោះ ​​បាន​និយាយ​​​​​ថា ​មន្ត្រី​នគរ​បាល​រូប​នេះ​បាន​​ឲ្យ​គាត់​បង់​ពិន័យ​​​​ចំនួន​​​ ២៥.០០០​រៀល​​​​​​​​​​​​​​​​​ ប៉ុន្តែ​​​​​​​​គាត់​​សុំ​​​បញ្ចុះ​​ថ្លៃ​​បាន​​ត្រឹម ​២០.០០០​​រៀល​​។គាត់និយាយថា “ខ្ញុំ​គិតថា ​​​​​​ខ្ញុំ​ជា​អ្នក​ខុស​​ ​ប៉ុន្តែ​​ពេល​​​​​នគរ​បាល​ចរាចរ​​​ធ្វើ​បែប​នេះ​​ ​​វា​​​​​អាច​​​​នឹង​​​ធ្វើ​​ឲ្យ​មាន​អំពើ​​ពុក​រលួយ​​កាន់​តែ​​ខ្លាំង​​​​​​​​​”។

លោក​ វ៉ន ពៅ ​​ប្រធាន​សមាគម​ប្រ​ជា​ធិប​​​តេយ្យ​​ឯក​រាជ្យ​​ នៃ​សេដ្ឋ​កិច្ចក្រៅ​ប្រ​ព័ន្ធ ​ដែល​​​ជា​​បណ្តាញ​​​​អ្នក​រត់​ម៉ូតូ​ឌុប និង​​​​​​​ម៉ូតូ​​រឺម៉ក​កង់​បី​​​ ​​​ព្រួយ​​បារម្ភ​ថា ​​នគរ​បាល​ចរា​ចរ​​​​​​​​នឹង​ចាប់​ផ្តើម​ទទួល​​យកសំណូក ជា​​​ថ្នូរ​នឹង​ការ​មិន​ចេញ​សំបុត្រ​ផាក​ពិន័យ​​​​​​ថ្មី​នេះ​​។លោក​​​បាន​​មាន​ប្រ​សាសន៍​ថា វិធាន​​​ថ្មី​​នេះ​​ ​​​ “អាច​​នឹង​បង្ក​លក្ខណ:កាន់​តែ​ងាយ​ស្រួល​​សម្រាប់ឲ្យនគរ​បាល​ចរា​ចរអាច​​​រក​លុយ​ដាក់​ហោប៉ៅ​ និង​​​​​រក​លុយ​ឲ្យ​​​​​មេ​​​​របស់​ពួកគេ”។លោក ​​​​ហេង ​​​​ចាន់​​ធារី ​​នាយ​​ការិយា​ល័យ​នគរ​បាល​​​​​​​​​​ចរាចរជើងគោក​​​​​​រាជ​ធា​នី​ភ្នំ​ពេញ​​ បាន​​​​ថ្លែង​ថា ​​អ្នក​បើក​បរ​​គួរ​​តែ​​រាយ​​​ការ​ណ៍​ទៅ​​​​​​អាជ្ញាធរ​ ពេល​ឃើញ​​​​មន្ត្រី​​នគរបាល​​​​​​ចរា​​​ចរ​​​ណាមួយប្រ​​ព្រឹត្ត​អំពើ​បែប​នេះ។

លោក​បាន​​​មាន​​ប្រសាសន៍​ថា “ប្រសិន​​បើ​​​​​​​​​នគរ​បាល​​ចរា​​ចរ​​ល្មើស​​ច្បាប់​ចរា​ចរណ៍​​​ ​អ្នកបើក​​​​បរ​រថ​យន្ត​​​អាច​​​​ប្តឹង​ពួកគេ​បាន​​។​ ខ្ញុំ​​ចង់រំឭកប្រ​ជា​​​​​​ពល​រដ្ឋ​​គ្រប់​​​គ្នា​​​​ឲ្យ​គោ​រព​ច្បាប់​ចរាចរណ៍”។​​អ្នក​បើក​​បរ​​ម៉ូតូភាគ​ច្រើន​​​​​តែងតែ​​​​​​សូក​នគរ​បាល​ចរាចរ​​។ ប៉ុន្តែ​​​លោក ​​​​​​ហេង ​​ចាន់ធារី ​​​​​​និងលោក ចេវ​​​ ​ហាក់ ​​​​បាន​លើក​ឡើង​ថា ​ពួក​​​លោក​មិន​ដឹង​​​ថា តើ​​រដ្ឋាភិបាល​​​​​​មាន​​បំណង​​​​​ឲ្យ​​​អ្នក​​បើក​បរ​​​ម៉ូតូ​ត្រូវគោរព​​តាម​​វិធាន​ថ្មី​​នេះ ​ឬ​យ៉ា​ង​ណា​​នោះ​ទេ៕

ប្រែសម្រួល​​ដោយ តែម សុខុម

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.