អង្គការ​សហ​ប្រជា​ជាតិ​ថា ការ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​នៅ​ខេត្ត​កោះ​កុង​ត្រូវ​តែ​ឯក​រាជ្យ

កាល​ពី​ម្សិល​មិញ ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​ធានា​ឲ្យ​មាន​ឯករាជ្យ ចំពោះ​ការ​ស៊ើប​អង្កេត​របស់​ខ្លួនលើ​ករណី​បាញ់​សម្លាប់​លោក​ ឈុត វុទ្ធី​ សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ និង​លោក អិុន រតនា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​បាញ់​ប្រហារ​ មកលើ​ជន​ស៊ីវិល​ និង​ក្រុម​សកម្ម​​​​​​ជនការ​ពារ​សិទ្ធិ​មនុស្ស​។

អង្គការ​សហ​ប្រជាជាតិ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយថា​ “ នៅពេល​មិន​​​ទាន់​​​ដឹងច្បាស់​អំពី​ហេតុ​ការណ៍ ​ដែល​​​កើត​​​ឡើងពេលថ្មីៗនេះ យើង​នៅតែ​ព្រួយ​បារម្ភ​​​ណាស់​ថា ​ការ​បាញ់​សម្លាប់​លោក​ ឈុត វុទ្ធី គឺបង្ហាញឲ្យឃើញពីការ​បាញ់​សម្លាប់​​ដ៏​​​ឃោរ​​​ឃៅ​​​​ បំផុត​នៅក្នុង​ករណី​បាញ់​សម្លាប់​ជា​បន្ត​​បន្ទាប់​មកលើ​សកម្មជន​ការពារ​​សិទ្ធិ​មនុស្ស​នៅក្នុ​ងប្រទេស​កម្ពុជា”។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​បន្ត​ទៀតថា​ “យើងទទូចឲ្យរាជ​រដ្ឋាភិបាល​ធានាថា ការ​ស៊ើប​អង្កេត​នេះ​ពិត​ជា​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ឆាប់​រហ័ស​ ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​ និង​ឯករាជ្យ”។ ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ចំពោះករណី​បាញ់​សម្លាប់ លោក ឈុត វុទ្ធី ការិយា​​​ល័យ​​​ឧត្តម

ស្នងការអង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ កំពុង​តែ​ស៊ើប​អង្កេត​​​ការ​​​បាញ់​​​ប្រហារ​បួនករណី​ផ្សេង​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ រួមទាំង​ការ​បាញ់​ប្រហារ​លើ​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​រោង​ចក្រ​ស្បែក​ជើង ដោយលោក ឈូក​​​បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ និង​ការបាញ់​​​​​​ប្រហារមកលើ​អ្នកភូមិនៅ​ក្នុង​ជម្លោះ​ដីធ្លី​មួយកន្លែង​ ដោយ​សន្តិ​សុខ​ក្រុម​ហ៊ុន​ឯក​ជន​ម្នាក់​ នៅក្នុង​ខេត្ត​ក្រចេះ។​

ទោះបីជា​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធានា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​មួយចំពោះករណី​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី និងលោក អិុន រតនា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ នៅ​ខេត្ត​កោះកុង​ក៏​​​ដោយ ក៏ក្រុម​សកម្មជនការងារ​សិទ្ធិមនុស្ស​​ កាលពី​ម្សិលមិញ​នៅ​តែ​សំដែង​ការ​ព្រួយ​បារម្ភចំពោះអធិបតេយ្យភាព របស់​គណៈ​កម្មការ​​​ពិសេស ​ដែល​ត្រូវ​បាន​បង្កើត ​ដើម្បី​ដឹកនាំ​ការ​ស៊ើប​អង្កេត ​ចំពោះករណីការ​បាញ់​សម្លាប​​​់​នេះ​​។

យោង​តាម​បទបញ្ជារបស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចុះ​ហត្ថលេខា​នៅថ្ងៃទី៣០ខែមេសា មាន​សមាជិក​គណៈ​កម្មការ​ចំនួន​ប្រាំរូប ​រួមមានមន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន មកពី​ក្រសួងមហាផ្ទៃ កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ក្រសួង​​​យុត្តិធម៌ និង​ក្រសួង​ទំនាក់​ទំនង​ជាមួយ​​​រដ្ឋសភា​​​ ព្រឹទ្ធសភា​ និង​អធិការកិច្ច។

លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​នគរបាល​កណ្តាល​​​យុត្តិធម៌រ​​​បស់​​​ក្រសួង​មហា​ផ្ទៃត្រូវបាន​ចាត់​តាំង​ជា​អ្នក​ដឹក​នាំ​គណៈកម្មការ​ រីឯ​លោក​ឧត្ដម​សេនីយ៍​ទោ​ ស៊ិន សុផានី្ន មេបញ្ជា​ការ​រង​នៃកង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​បាន​ចាត់​តាំង​ជាអ្នក​​​ដឹក​នាំ​ទី​២ ហើយ​អ្នក​ដឹក​នាំ​ទី​៣ គឺ​លោក ទិត សុធា​ សមាជិក​នៃ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​​​រហ័ស​នៅ​ទី​ស្ដីការ​គណៈរដ្ឋមន្ដ្រី​។

លោក ចាន់​ សុវ៉េត​ អនុប្រធាន​ផ្នែក​​​អង្កេត​​​របស់​អង្គការសិទ្ធិមនុស្ស​អាដហុក ​បាន​មាន​ប្រសាសន៍ថា លោកមាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះការ​ចាត់​តាំង​គណៈកម្មការ​ ហើយ​ការ​រួម​ចំណែក​ក្នុងការ​ស៊ើប​អង្កេត​របស់​មន្ដ្រី​មក​ពី​កង​រាជ​អាវុធ​ហត្ថ​ធ្វើ​ឲ្យ​មាន​ជម្លោះ​ផល​ប្រយោជន៍​យ៉ាង​ខ្លាំង ក្នុង​ការ​ស៊ើប​អង្កេត​នេះ​។

មន្ត្រី​នៅ​ក្នុង​ខេត្ត​កោះកុង​ បាន​លើក​ឡើង​​​​ថា លោក ឈុត វុទ្ធី ត្រូវ​បាន​លោក​ អុិន​ រតនា មន្ត្រីកង​រាជ​អាវុធហត្ថ បាញ់​សម្លាប់​ ដែល​ក្រោយ​មក​បាន​យក​កាំភ្លើង​របស់​ខ្លួន​ធ្វើ​អត្ត​​​ឃាត​ភ្លាមៗ​​។ កង​រាជ​អាវុធហត្ថ​ និង​ទាហាន​មួយ​ចំនួន​ផ្សេង​ទៀត​​មាន​វត្ត​​​មាន​នៅ​កន្លែង​កើត​ហេតុ​នោះ​។

នៅ​មុន​ពេលការបាញ់​សម្លាប់​កើត​ឡើង​ លោក ឈុត​ វុទ្ធី ត្រូវ​បាន​អម​ដំណើរ​ជា​​​មួយ​​​អ្នក​យក​ព័ត៌​មាន​របស់​កាសែត ​ខេមបូឌា ដេលី​ពីរ​នាក់​ ដែល​កំពុង​​យក​ព័ត៌មាន​អំពី​បទ​ល្មើស​កាប់​ឈើ​ខុស​ច្បាប់​នៅ​ឯ​ថ្នាក់​មូលដ្ឋាន​។ អ្នក​យក​ព័ត៌មានទាំង​ពីរ​នាក់​នេះ​​មិនបាន​ឃើញថានរណា​ជាអ្នក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី​ នោះ​ទេ​។

លោក ចាន់​ សុវ៉េត​ បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មិនពេញ​ចិត្តចំពោះ​​ការ​ស៊ើប​អង្កេត​ ដែល​មានការ​ចូលរួម​ពី​កង​រាជ​អាវុធ​ហត្ថ​ ដែល​គណៈកម្មការ​បាន​ចាត់​តាំង​នោះ​ទេ​ ពី​ព្រោះ​វា​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ។ វាគួរ​តែ​មានការ​ចាត់​តាំង​មន្ត្រី​ផ្សេង​ៗ​ទៀតឲ្យ​ធ្វើ​ការ​ទៅ​លើ​រឿង​នេះ​ដូច​ជា​ព្រះ​រាជ​អាជ្ញា​ ឬក៏អ្នក​ជំនាញ​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​ ដែល​មាន​បទ​ពិសោធ​ក្នុង​ការ​ស៊ើប​អង្កេត​”។

“នេះ​ប្រហែល​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ ដើម្បី​បង្ហាញ​ឲ្យសង្គម​ស៊ីវិល​ និង​ប្រជា​ពល​រដ្ឋ​ឃើញថា រដ្ឋាភិបាល​យកចិត្តទុកដាក់​ចំពោះ​ការ​ស៊ើប​អង្កេត​ ប៉ុន្ដែ​វាមិនដូច្នេះ​ទេ​។ វាគ្រាន់​តែ​បង្ហាញ​តាមរយៈ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ ប៉ុន្ដែ​មិនបាន​ចាត់​វិធាន​ការ​នោះ​ឡើយ​”។

លោកឧត្ដម​សេនីយ៍ឯក ម៉ក់​ ជីតូ បាន​អះអាង​​ថា គណៈកម្មការ​បាន​ចាប់​ផ្ដើម​ការ​ងារ​របស់​ខ្លួន​ហើយ​ ប៉ុន្ដែ​បដិសេធ​មិនផ្ដល់​អត្ថាធិប្បាយ​បន្ថែមនោះទេ​។ លោកឧត្ដមសេនីយ៍​ឯក ម៉ក់​ ជីតូ បាន​លើក​ឡើង​ថា “​យើង​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ ដើម្បី​រក​ឲ្យ​ឃើញការពិត​នៃ​ការ​បាញ់​សម្លាប់​នេះ​”។ លោកបាន​បន្ដ​ថា “​ឥឡូវ​យើង​ត្រូវ​ការ​​បញ្ចប់​ការ​ស៊ើបអង្កេត​របស់យើង​ជា​មុន​សិន​ មុន​ពេល​និយាយប្រាប់​អ្នក​កាសែត​”។  ពាក្យ​សម្ដី​របស់​លោក​ឧត្តមសេនីយ៍​ឯក​ ម៉ក់​ ជីតូ ត្រូវ​បាន​បន្ទរដោយ​មន្ត្រី​នៅ​ខេត្ត​ក្នុងកោះកុង​។

លោក ស៊ុន សាមឿន​ មេបញ្ជា​ការរង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កោះកុង​បាន​មាន​ប្រសាសន៍ថា “​ក្រុម​ការ​ងារ​របស់​យើង​កំពុងតែ​ស៊ើប​អង្កេតរឿង​នេះ​តាំង​ពីពេល​កើតហេតុ​បាញ់​សម្លាប់​បាន​កើត​ឡើងមក​​ម្លេះ​ ប៉ុន្ដែ​យើង​មិនអាច​ប្រាប់​អ្នក​កាសែត​នៅពេលនេះ​បាន​ទេ​”។

លោក ទិត សុធា ​មក​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មិនអាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បាន​ទេ​ ប៉ុន្ដែ​លោក ឯក ថា អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា លោកជឿ​ជាក់​ថា ការ​ស៊ើប​អង្កេត​នេះ​ពិត​ជា​ម៉ត់​ចត់។

លោក ឯក ថា បាន​មាន​ប្រសាសន៍ថា “​ខ្ញុំ​បាន​ប្រាប់​អ្នក​កាសែត​ទាំង​អស់​តាំង​ពីយូរ​មក​ហើយ​ថា ការ​ស៊ើប​អង្កេត​ដ៏ពេញលេញ​ និង​ត្រឹម​ត្រូវ​មួយ​ចាំបាញ់​ត្រូវ​ធ្វើ​ ដើម្បី​រក​ឲ្យ​ឃើញ​ការពិតនៃសោកនាដ្ឋកម្បាញ់​សម្លាប់​សកម្មជន​ការ​ពារ​ព្រៃ​ឈើ​ និង​មន្ត្រី​កង​រាជ​អាវុធ​ម្នាក់។ ពេល​រក​ឃើញ​ការ​ពិត​ចាំ​បាច់​ត្រូវ​តែ​បង្ហាញ​ជា​សាធារណៈ”៕

ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.