រដ្ឋាភិបាល​អាច​ចំណាយ​លើ​ការ​បោះ​ឆ្នោត​ ប៉ុន្ដែ​ស្វាគមន៍​ជំនួយ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​មាន​​ប្រសាសន៍ កាលព​ី​ម្សិល​មិញ​ថា កម្ពុជា​ត្រៀម​ចេញ​ការចំណាយ​ទំាងមូលទៅ​លើការបោះ​ឆ្នោត​ក្រុម​ប្រឹក​្សា​ឃុំ​-សង្កាត់​ក្នុងខែ​មិថុនា និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​ ដែល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ក្នុង​ការ​​ចំណាយ​រវាង​ទឹក​ប្រាក់​៣៦ទៅ​៣៨​លាន​ដុល្លារ ក៏ប៉ុន្ដែ​ថា លោក​រីក​រាយ​​ទទួល​ជំនួយ​។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថាមួយ​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ ក្នុង​ឱកាសរំឭក​ទិវា​ពល​កម្ម​អន្ដរ​ជាតិ​ថា “ រដ្ឋាភិបាលនឹង​រៀប​ចំការ​បោះ​ឆ្នោត​ ហើយ​​នឹងមិន​ពឹងផ្អែក​ ថាតើ​មានជំនួយសម្រាប់​ការ​ចំណាយ​ទៅ​លើកា​រ​បោះ​ឆ្នោត​ ឬអត់​នោះទេ”។

លោក​បាន​មាន​ប្រសាសន៍ថា “ វានឹង​ជា​ការ​ប្រសើរ​ ប្រសិន​បើ​យើង​អាច​មាន​នរណា​ម្នាក់​ផ្ដល់​ជំនួយ​ឲ្យ​យើង។ ប្រសិន​បើ​គ្មាន​ទេ យើង​នឹង​ចំណាយ​ក៏បាន​”។ មក​ទល​់​ពេល​នេះ​ លោក ហ៊ុន សែន​ បាន​មានប្រសាសន៍ថា លោក​មិន​ទាន់​និយាយ​ជា​មួយ​ក្រុម​អ្នក​ផ្ដល់​ជំនួយ​បរទេស​ក្នុង​ការ​ស្វែង​រក​ជំនួយ​សម្រាប់ការ​ចំណាយទៅ​លើ​ការ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ។

លោក ហ៊ុន សែន បានមាន​ប្រសាសន៍ថា  “ វប្បធម៌នៃ​ការ​ពឹង​ផ្អែក​ទៅ​លើ​អ្ន​ក​ដទៃ​គួរ​តែ​កាត់​បន្ថយ​ ដើម្បី​ពង្រឹង​ខ្លួន​ឯង​ក្នុង​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ឲ្យ​​បាន​ទៀង​ទាត់​ក្នុង​ប្រទេស​កម្ពុជា”។ លោក​បាន​បន្ថែម​ថា ការ​ចំណាយ​ទៅ​លើ​ការ​បោះ​ឆ្នោត ​គ្រោងនឹងចំណាយ​​ពី​១៨ទៅ​១៩លាន​ដុល្លារ សម្រាប់​ទាំង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់នៅពេល​ខាង​មុខ​ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣។ លោក​នាយ​ក​រដ្ឋមន្ត្រី​បាន​​មាន​ប្រសាសន៍​ថា “ ទឹក​ប្រាក់​នេះ​ យើង​អាច​រក​បាន​។ គ្មាន​បញ្ហា​ទេ​។ ប៉ុន្ដែ​ ប្រសិន​បើជា​មិត្ត​យើង​ឲ្យ​ យើង​​នឹង​អរគុណ”។

កាលពីពេលកន្លង​ទៅ​ ការ​ចំណាយ​ទៅ​លើការ​បោះ​ឆ្នោតភាគច្រើន​នៅ​កម្ពុជា​បាន​ទទួលការ​​ឧបត្ថម្ភពី​​ជំនួយ​បរទេស​។ ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ត្រូវ​បាន​ផ្ដល់​មូល​និធិ​ទាំង​ស្រុងដោយ​អង្គការ​សហ​ប្រជា​ជាតិ​ តាម​រយៈ​អាជ្ញា​ធរ​បណ្ដោះ​អាសន្ន​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​កម្ពុជា​ រី​ឯ​ការ​បោះ​ឆ្នោត​ផ្សេង​ទៀត ត្រូវ​បាន​ផ្ដល់​មូល​និធិ​ដោយ​ប្រទេស​ជប៉ុន សហ​គមន៍អឺរ៉ុប និង​កម្មវិធី​អភិ​វឌ្ឍន៍​​អង្គការ​សហ​ប្រជាជាតិ។

លោក​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍ថា ត្រឹម​ឆ្នាំ​២០០៣ រដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ចំណាយទៅ​លើ​ការ​បោះ​ឆ្នោត​៤០​ភាគរយ​ ហើយ​ប្រាំ​ឆ្នាំ​ក្រោយ​មក អំឡុង​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០០៨ រដ្ឋាភិបាល​បាន​ចំណាយ​រហូត​ដល់​៦០​ភាគរយ។ លោក ហ៊ុន សែន​ ​បន្ថែមថា “ ពេល​នេះយើង​មាន​ប្រាក់​ខ្លះ​។ យើង​នឹង​មិន​ផ្អាក​ការ​បោះ​ឆ្នោត​ទេ ប្រសិន​បើ​គ្មាន​ជំនួយ​នោះ។ខ្ញុំ​បាន​ចុះ​ហត្ថ​លេខា​​ឲ្យផ្ទេរ​ប្រាក់រួច​ហើយ”។

លោក ហ៊ុន សែន​ ក៏បាន​ប្រកាស​ កាលពី​ម្សិល​មិញ​ថា ការ​បង្ហាញ​មុខ​ជា​សាធារណៈ​ចុង​ក្រោយរបស់​លោក​ នឹង​ចប់​ត្រឹម​ថ្ងៃ​ទី១៤ ខែ​ឧសភា ដើម្បី​ចាប់ផ្ដើម​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ ក៏ប៉ុន្ដែ​បន្ទាប់​នោះ​ លោក​នឹងនៅស្ងៀមទៀត នៅពេលជិតដល់ថ្ងៃបោះ​​​ឆ្នោត​ថ្ងៃ​ទី​៣ ខែ​មិថុនា។ កន្លង​មក ​លោក ហ៊ុន សែន បាន​ប្ដេជ្ញា​នៅស្ងៀម​ជាច្រើនសប្ដាហ៍​មុនថ្ងៃ​បោះ​ឆ្នោត​ ដើម្បី​បង្ហាញ​អំពីការ​មិន​ជ្រៀត​ជ្រែក​របស់លោក​ក្នុង​ការ​បោះ​ឆ្នោត​។

លោកនាយក​រដ្ឋ​មន្ត្រី​បានមាន​ប្រសាសន៍​ថា “ ពេល​នេះ​ជិត​ដល់​ពេល​ធ្វើ​យុទ្ធ​នា​ការ​បោះឆ្នោត​ហើយ ក៏ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ចាប់​ផ្ដើមធ្វើ​យុទ្ធនាការខ្លះ​ហើយ ដើម្បី​រិះ​គន់​រដ្ឋា​ភិបាល​។ ល្អ​ហើយ ពីព្រោះ​វាជា​ប្រទេស​មួយមាន​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរីពហុ​បក្ស​”។ លោក ហ៊ុន សែន​ ក៏បាន​អំពាវ​នាវ​ផង

​ដែរ​​ឲ្យ​មាន​បរិយាកាស​អព្យាក្រឹត​ អំឡុង​ការ​បោះ​ឆ្នោត​ ដើម្បី​ធានា​ថា ការ​បោះឆ្នោត​មាន​លក្ខណៈ​​សេរី​ និង​យុត្តិ​ធម៌។ លោកបាន​ថ្លែង​ថា “ ខ្ញុំ​សូម​អំពាវ​​​នាវ​ឲ្យ​រាល់​គណបក្ស​នយោបាយ​​ទទួល​យក​លទ្ធផល​ការ​បោះ​ឆ្នោត​”។ លោក​​បន្ថែមថា បណ្ដាគណបក្ស​នយោបាយ​បាន​អះអាងថា “ ខ្លួន​ខ្លាំង​ ដូច្នេះ​ត្រូវ​តែ​ទទួល​ស្គាល់​លទ្ធផល​ នៅ​ពេល​ពួកគេ​ហ៊ាន​ទៅ​បោះ​ឆ្នោត​។កុំ​ស្ដី​បន្ទោស​អំពី​អ្វី​មួយ​នៅពេល​​ខ្លួន​ចាញ់​នោះ”។ លោក​ ហង្ស ពុទ្ធា ប្រធាន​គណៈកម្មា​ធិការ​អព្យា​ក្រឹត​ និង​​មិន​លម្អៀង​សម្រាប់​ការ​បោះ​ឆ្នោត​សេរីនៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ថ្លែង​ថា វា​ពិបាក​នឹង​និយាយ​ ថាតើ​ការ​បោះ​ឆ្នោត​នៅពេល​ខាងមុខ​នេះ​ នឹង​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌ ឬយ៉ាង​ណាទេ ពីព្រោះ​គណ​បក្ស​កាន់អំណាច​គ្រប់​គ្រង​ផ្នែក​ច្រើន​ណាស់​នៃ​សង្គម​។ លោក​ ហង្ស ពុទ្ធា ​ថ្លែង​ថា “ ប្រសិន​បើ​យើង​ប្រៀប​ធៀប​ទៅនឹង​និយតកម្ម​ទាំង​នេះ គណបក្ស​គ្រប់​គ្រង​មាន​​លទ្ធភាព​ច្រើន​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​។ គណបក្ស​ប្រជា​ជន​កម្ពុជា​ អាច​ប្រើ​បណ្ដាញ​មន្ត្រី​រដ្ឋាភិបាល​ បណ្ដាញ​ទ័ព​ ប្រើ​បណ្ដាញ​ព័ត៌មាន​​សម្រាប់​ការ​​ធ្វើ​យុទ្ធ​នាការ​។ ដូច្នេះ​ យើង​​អាច​ឃើញ​ភាព​មិន​ប្រក្រតី​ខ្លះ”៕

(រាយ​ការណ៍​បន្ថែម​ដោយ Abby Seiff)

ប្រែ​សម្រួលដោយ  ចេវ ប៊ុននី

           

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.