​ទោសជាប់ពន្ធនាគារ​​ពី​បទ​លួច​​បន្លំ​ប្រាក់​ក្រុម​ហ៊ុន​៦០​លាន​ដុល្លា​រ ​​ត្រូវ​បាន​​បន្ថយ​មក​ត្រឹម​បី​ឆ្នាំ​

កាល​ពី​ម្សិល​មិញ​ សា​លាឧទ្ធរណ៍​បាន​បន្ថយ​​ទោសជាប់ពន្ធនាគារ​របស់​​អតីត​​​អគ្គ​​​នាយក​រង​​ក្រុម​ហ៊ុនអានកូគ្រុបនិង​ភរិយា​របស់លោកមកត្រឹម​​បី​ឆ្នាំ​ប៉ុណ្ណោះក្នុង​ម្នាក់​​។កាលពី​​ខែ​ធ្នូ​ សាលាដំបូង​​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​ប្តីប្រពន្ធ​ពីរនាក់​នេះ​ឲ្យ​ជាប់​ពន្ធ​​​នាគារ​ក្នុង​ម្នាក់​បួន​ឆ្នាំ​កន្លះ​ពី​បទ​លួច​​បន្លំ​​ប្រាក់​ក្រុមហ៊ុន​ជិត​៦០លាន​ដុល្លារ​​ពី​ក្រុមហ៊ុន​របស់​លោកកុកអានជាពាណិជ្ជករ​​និង​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពីគណបក្ស​ប្រជា​ជន​កម្ពុជា។

ក្នុងពេលប្រកាស​សាល​ក្រមលោក​ ប្លង់​ សំណាង ​ចៅ​ក្រមជំនុំជម្រះ​​ បាន​មាន​ប្រសាសន៍​​​ថាលោក​បាន​កាត់​ទោស​ប្តី​ប្រពន្ធ​ពីរ​នាក់​េនះ​ពី​បទ​រំលោភលើ​​សេចក្តី​ទុក​ចិត្ត​រវាង​បុគ្គល​និង​បុគ្គលដែលអាច​ឲ្យ​​លោក​ចេញ​​​សាលដីកា​ផ្តន្ទាទោសជាប់​​ពន្ធនាគារ​ដែល​មាន​រយៈ​ពេល​ខ្លី​ជាង​ទោស​ដែល​សម្រេច​ដោយ​​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​។

សាលាដំបូង​រាជធានីភ្នំពេញបានកាត់​ទោស​អ្នក​ទាំង​ពីរពី​បទរំ​លោភលើ​សេចក្តី​ទុក​ចិត្ត​ដោយ​បុគ្គល​ម្នាក់​ដែល​ជា​អ្នក​​ដឹកនាំ​ស្ថាប័ន​ស្រប​ច្បាប់​ណាមួយ​ ដូច​ជាសាជីវកម្ម​ជាដើម​។

លោក​ចៅ​ក្រម​ សំណាងបាន​មានប្រសាសន៍​​​ថា“តុលាការ​​សម្រេច​​​ផ្តន្ទា​ទោសឈ្មោះ​ ហេងឈាងអាយុ​៤២​ឆ្នាំនិង​ឈ្មោះ​ ទេពកូលាបអាយុ៣៦​ឆ្នាំ​ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​​បីឆ្នាំពីបទ​រំលោភលើ​សេចក្តីទុក​ចិត្ត​…​​​តុលាការ​បង្គាប់​ឲ្យអ្នកទាំងពីរ​​បង់​ប្រាក់​៥៨,៣៤លាន​ដុល្លារ​​ ហើយក៏​​បង្គាប់​​ឲ្យ​​​ពួកគេ​​​​ស​ង​ជំងឺ​ចិត្ត​​ចំនួន​៥០.០០០​ដុល្លារ​ដល់​​​លោក ​​​កុកអានដែល​ជាដើមចោទ​​ផងដែរ​”។​

លោកឈាងបាន​បដិសេធ​ថាខ្លួន​មិន​បាន​លួច​បន្លំ​ប្រាក់​នោះទេ ប៉ុន្តែ​បាន​សារភាពថា​ គណនេយ្យ​របស់​ក្រុម​ហ៊ុន​​ពិតជា​បាត់ប្រាក់​ចំនួន​៦៣០.០០០​ដុល្លារ​មែន ពីព្រោះ​ប្រពន្ធ​របស់​លោកកុកអានឈ្មោះសុខអុីមបាន​​ប្រាប់​​លោក​ឲ្យ​ដក​​​ប្រាក់​​ទាំង​នោះយក​​ទៅ​សាង​សង់​ផ្ទះមួយខ្នង​​នៅ​ក្នុង​ខណ្ឌ​ទួល​គោក។ លោក​បានថ្លែងថា ការ​ចោទ​ប្រកាន់​ពីការ​លួច​បន្លំ​ប្រាក់​នេះ​គឺ​​ផ្អែក​លើ​​របាយការ​ណ៍សវនកម្ម​មិនសុក្រិដ្ធ​​​អំពី​របាយការណ៍​ហិរញ្ញ​​​វត្ថុ​​របស់​ក្រុម​ហ៊ុន​ អានកូគ្រុប។

លោក​ចៅក្រមសំណាង ​ បានច្រាន​​​ចោល​​​​​​​ការ​​​​​ឆ្លើយការពារ​ខ្លួន​របស់​​​លោកឈាងថា​​ “គ្រាន់​តែ​ជា​ការ​ដោះសារ”ដោយ​បាន​មាន​​​ប្រសាសន៍បន្ថែម​​​​ថាអ្នក​ទាំង​ពីរ“មាន​កំហុស​ល្មមនឹង​ [ទទួល​​​បាន​ការផ្តន្ទា​ទោស​] ពីបទ​រំលោភលើ​សេចក្តី​​​ទុក​ចិត្ត​”។

ខណៈដែលតុលារការ​ប្រកាស​​សាល​ក្រម​​សមាជិក​​គ្រួសារព្រមទាំង​សិស្សានុសិស្ស​ និង​សហសេវិកដែល​មាន​ចំនួន​ប្រមាណ​២០០​នាក់​មក​ពីសាកល​វិទ្យាល័យភ្នំពេញ​អន្តរជាតិ​ដែលមាន​​លោក​ ឈាងជា​ប្រធាននិង​លោក​​​​ស្រី​ កូលាប ​ជានាយិកា​សាកល​វិទ្យា​​​ល័យបាន​​​នាំគ្នា​ស្រែក​សម្តែង​ការ​មិន​ពេញចិត្ត​ ហើយ​ខ្លះ​ថែម​ទាំង​បាន​ស្រែក​ថាការ​កាត់​ក្តី​នោះ​ គឺ“អយុត្តិធម៌ខ្លាំង​ណាស់”ទៀតផង​។

លោកឈាងនិង​លោក​ស្រីកូលាប​ បានមានប្រសាសន៍ទៅកាន់​អ្នក​យក​ពត៌មាន​ ខណៈពេល​ដែល​ពួកគាត់​កំពុង​ត្រូវ​គេ​ក្រៀក​ទៅ​កាន់​រថយន្ត​នគរបាល​ដែល​រង់​ចាំ​នៅ​​​ក្រៅ​តុលាការជាស្រេច​​​។ លោកឈាងបាន​មាន​ប្រសាសន៍ថា“ខ្ញុំ​​​​បានដាក់​​​​ភស្តុតាងជូនតុលាការ​​​​អស់​ហើយប៉ុន្តែ​ពួក​គេប្រើ​​​ល្បិច​​​​បង្ខូច​អំណះ​អំណាង​របស់​ខ្ញុំ​ ខ្ញុំ​មិន​អាច​ទទួល​យក​​បាន​ទេ​”។

លោក​បាន​ស្រែក​ឮៗ​ថាខ្ញុំ​​សូម​អំពាវនាវ​​ទៅ​សម្តេច​ ហ៊ុនសែននិង​លោក​ជំទាវ​ ប៊ុនរ៉ានីហ៊ុនសែន​ ព្រម​ទាំង​ព្រះ​មហាក្សត្រ​ សូម​​​​មេត្តា​​រក​យុត្តិធម៌​​ឲ្យ​​ខ្ញុំ​ផង​…ឧកញ៉ាកុកអានបាន​រួម​គំនិត​ជា​មួយ​មន្ត្រី​តុលាការ​ ហើយ​សូម​មេត្តា​ជួយ​ស៊ើប​អង្កេត​រឿង​នេះ​ឡើង​វិញ​ផង​”។ លោកឡុង​ តារាមេធាវីរបស់​លោក ​កុក​ អានបាន​បដិសេធ​មិន​​​ធ្វើ​អត្ថាធិប្បាយ​ទេ៕

ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.